(កាណាដា)៖ អាជ្ញាធរកាណាដា បានប្រកាសដាក់ខេត្ត Alberta ភាគខាងត្បូងប្រទេសកាណាដា ទៅក្នុងការប្រកាសអាសន្ន បន្ទាប់ពីភ្លើងឆេះព្រៃកាន់តែរីករាលដាល ដែលនាំឲ្យប្រជាជន ទាំងអស់ ៨៨,០០០នាក់ នៅក្នុងទីក្រុង Fort McMurray ត្រូវជម្លៀសចេញទៅរកកន្លែង ដែលមានសុវត្ថិភាព។ នេះបើតាមការចេញផ្សាយ ដោយ BBC នៅមុននេះបន្តិចនារសៀលថ្ងៃព្រហស្បតិ៍ ទី០៥ ខែឧសភា ឆ្នាំ២០១៦។

មន្ត្រីជំនាញបានព្រមានថា នៅរយៈពេល ២៤ម៉ោងទៀត ប្រសិនបើមិនអាចទប់ស្កាត់បានទេនោះ អគ្គីភ័យនឹងលេបត្របាក់ទីក្រុង ភាគខាងត្បូងប្រទេសកាណាដានេះទាំងមូលតែម្តង។ គួរបញ្ជាក់ថា​ ភ្លើងឆេះព្រៃខាងលើនេះបានកើតឡើងកាលពីថ្ងៃចន្ទ បានបណ្តាលឲ្យអគារផ្សេងៗ ១,៦០០ខ្នងហើយ ឆេះខ្ទេច ក្នុងនោះមានទាំងសាលារៀនដែលទើបកសាងថ្មីផងដែរនៅក្នុង ទីក្រុង Fort McMurray នៃខេត្ត Alberta។

ការជម្លៀសប្រជាជនទាំងអស់ ចេញពីទីក្រុងបែបនេះ គឺំមិនធ្លាប់មានឡើយក្នុងប្រវត្តិសាស្ត្រ ហើយដោយឡែក ជោគវាសនានៃទីក្រុងក្បែរព្រំដែនអាមេរិកមួយនេះ ក៏មិនដឹងថាអាចត្រូវគេស្រោចស្រង់បានដែរ ឬមួយក៏យ៉ាងណាដែរ។ ប្រតិបត្តិការសង្គ្រោះតំបន់ជុំវិញ គឺកំពុងតែត្រូវបានគេ ធ្វើឡើងជាបន្ទាន់ ដើម្បីការពារមិនឲ្យគ្រោះមហន្តរាយ រីករាលដាលធំធេងជាងនេះ៕