(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នារសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២នេះ បានអនុញ្ញាតឱ្យ លោក William James Willis ជនជាតិអូស្ត្រាលី ជាប្រធានក្រុមពិគ្រោះយោបល់ផ្នែកទេសចរណ៍នៃគម្រោងទេសចរណ៍ GMS TIIG II No.3701-CAM ចូលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងារ គម្រោងដែលបាននិងកំពុងអនុវត្ត និងគម្រោងជំនួយបច្ចេកទេសពាក់ព័ន្ធវិស័យទេសចរណ៍មួយចំនួនទៀត ដែលគាំទ្រដោយភ្នាក់ងារផ្តល់ជំនួយ ADB, WB និង AFD។

គម្រោងទេសចរណ៍ GMS TIIG II No.3701 CAM ផ្តោតសំខាន់លើផ្នែកហេដ្ឋារចនាសម្ព័ន្ធនៅខេត្តកែប (ការសាងសង់ទីលានកប់សំរាម ផ្លូវបណ្តោយឆ្នេរខេត្តកែប និងកំពង់ផែទេសចរណ៍លើកោះទន្សាយ) និងគម្រោងទេសចរណ៍ GMS TIIG No.3194-CAM ផ្តោតលើការសាងសង់កំពង់ផែទេសចរណ៍ខេត្តកំពត។

ដោយឡែកផ្នែកទេសចរណ៍ គឺជាការអនុវត្តស្តង់ដារទេសចរណ៍អាស៊ាន (ស្តង់ដារទីក្រុងស្អាត បង្គន់អនាម័យ ផ្ទះស្នាក់ សហគមន៍ទេសចរណ៍ និងស្តង់ដារសណ្ឋាគារ បៃតង) និងការកសាងសមត្ថភាពស្ថាប័ន ពិសេសពង្រឹងសមត្ថភាពគណៈកម្មាធិការអភិវឌ្ឍន៍ទេសចរណ៍ខេត្ត គ្រប់គ្រងគោលដៅទេសចរណ៍ ដែលអនុវត្តដោយក្រសួង ទេសចរណ៍។ គម្រោងនេះគាំទ្រដោយទីភ្នាក់ងារអភិវឌ្ឍន៍បារាំង ការកសាងសាលាជាតិបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ អនុវត្តដោយក្រសួងទេសចរណ៍គម្រោងអេកូ ទេសចរណ៍ និងការរៀបចំទេសភាពប្រកបដោយនិរន្តរភាព គម្រោងសហគមន៍ទេសចរណ៍សម្រាប់ការស្តារឡើងវិញក្រោយវិបត្តិកូវីដ-១៩។

ក្រោយពីបានស្តាប់ការលើកឡើងរបស់លោក Willam James Willis លោករដ្ឋមន្ត្រី ថោង ខុន ក៏បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់លោក Willam James Willis និងក្រុមការងារដែលដឹកនាំដោយលោក ទិត ចន្ថា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងបានស្នើសុំឱ្យលោក Willis ធ្វើយ៉ាងណាឱ្យគម្រោងទាំងនេះមានភាពប្រទាក់ក្រឡាគ្នា និងជំរុញការដាក់បញ្ជូលផ្នែកទេសចរណ៍ក្នុងគម្រោងដែលមានការពាក់ព័ន្ធ ពិសេសទេសចរណ៍សមុទ្រ៕