(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានជំរុញឲ្យអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ខិតខំរួមគ្នាស្វែងរកដំណោះស្រាយបញ្ហាប្រឈមនានា នៅក្នុងមូលដ្ឋាន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងពង្រឹងបរិបទការងារឲ្យបានល្អប្រសើរបន្ថែមទៀត។

ការលើកឡើងនេះត្រូវបានលោក ងួន រតនៈ ថ្លែងនៅក្នុងពិធីអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធ របស់រដ្ឋបាលស្រុកប្រាសាទសំបូរ ដើម្បីស្វែងយល់ពីភូមិសាស្រ្ត របៀបរបបការងារ នារសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២។

បន្ថែមពីនេះ លោក ងួន រតនៈ បានកោតសរសើរដល់ថ្នាក់ដឹកនាំរដ្ឋបាលស្រុក រួមជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក និងសមត្ថកិច្ចជំនាញទាំងអស់ ដែលបានខិតខំបំពេញភារៈកិច្ច ក្នុងនាមមន្ត្រីរាជការសាធារណៈ ដោយផ្សាភ្ជាប់ជាមួយទឹកចិត្តពលរដ្ឋក្នុងការផ្តល់សេវាជំនាញ និងសេវាសាធារណៈ ជូនប្រជាពលរដ្ឋ បានល្អប្រសើរ ជាពិសេសការអនុវត្តផែនការអភិវឌ្ឍន៍ផ្សេងៗ នៅក្នុងមូលដ្ឋាន មានការរីកចម្រើនជាបន្តបន្ទាប់។

ជាមួយគ្នានេះ លោក ងួន រតនៈ ក៏បានណែនាំដល់អាជ្ញាធរ និងបន្ដអប់រំផ្សព្វផ្សាយ ព្រមទាំងពន្យល់ដល់ប្រជាពលរដ្ឋ ធ្វើយ៉ាងណាអនុវត្តនូវគោលការណ៍របស់ក្រសួងសុខាភិបាលឲ្យបានជាប់ជាប្រចាំ ដើម្បីទប់ស្កាត់ និងបង្ការជំងឺកូវីដ១៩៕