(ភ្នំពេញ)៖ លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា បានផ្តល់អនុសាសន៍៨ចំណុច ដើម្បីសម្រេចបាននូវចក្ខុវិស័យ និងបន្តបេសកកម្មក្នុងការលើកកម្ពស់វិជ្ជាជីវៈវិស្វកម្មឱ្យកាន់តែប្រសើរឡើងទាំងបរិមាណនិងគុណភាព ស្របតាមការវិវត្តបច្ចេកវិទ្យានាពេលបច្ចុប្បន្ន និងអនាគត។

ក្នុងពិធីបិទអង្គមហាសន្និបាតបូកសរុបលទ្ធផលការងាររយៈពេល៥ឆ្នាំ អាណត្តិទី២ និងផែនការអនុវត្តបន្តអាណត្តិទី៣ ឆ្នាំ២០២២-២០២៧ របស់គណៈវិស្វករកម្ពុជា លោក អ៉ិត សំហេង បានផ្តល់អនុសាសន៍ជូនដល់អង្គមហាសន្និបាតទាំងមូល ក្នុងនោះរួមមាន៖

១៖ ពង្រឹងការចុះបញ្ជីវិស្វករ ដើម្បីទទួលស្គាល់គុណវុឌ្ឍិ ទទួលគោរមងារជាវិស្វករអាជីពជាតិ យុវវិស្វករអាស៊ាន វិស្វករអាស៊ាន និងវិស្វករអាជីពឆ្នើមអាស៊ាន។

២៖ រៀបចំប្រព័ន្ធគ្រប់គ្រងចុះបញ្ជីវិស្វករតាមប្រព័ន្ធនិម្មិត (online) ដើម្បីងាយស្រួលគ្រប់គ្រងទិន្នន័យជំនាញក្នុងការរៀបចំផែនការបណ្តុះបណ្តាលវិជ្ជាជីវៈបន្ត។

៣៖ ជំរុញការរៀបចំចងក្រងឯកសារគតិយុត្តនានាដែលទាក់ទងនឹងវិស័យវិស្វកម្ម ស្របតាមកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើវិស័យវិស្វកម្មក្នុងតំបន់អាស៊ាន ទៅតាមការវិវត្តនៃបច្ចេកវិទ្យា និងតម្រូវការបច្ចុប្បន្ន និងអនាគត។

៤៖ បញ្ជ្រាប និងផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយអំពីឯកសារគតិយុត្ត និងសារប្រយោជន៍ស្តីពីការចុះបញ្ជីវិស្វករ។

៥៖ រៀបចំអនុក្រឹត្យស្តីពីក្រមសីលធម៌វិស្វករក្នុងគោលបំណងលើកកម្ពស់កិត្តិយស សេចក្តីថ្លៃថ្នូរ សុច្ចរិតភាព និងការទទួលខុសត្រូវរបស់វិស្វករក្នុងការប្រកបវិជ្ជាជីវៈវិស្វកម្ម ដើម្បីធានាបាននូវសុវត្ថិភាព គុណភាព និងប្រសិទ្ធភាពការងារ ព្រមទាំងការការពារនូវផលប្រយោជន៍សាធារណៈ។

៦៖ រៀបចំកែសម្រួល និងធ្វើបច្ចុប្បន្នភាពប្រព័ន្ធផ្សព្វផ្សាយឱ្យកាន់តែប្រសើរឡើងនិងទាន់ពេលវេលា ទាំងតាមគេហទំព័ររបស់គណៈវិស្វករកម្ពុជា បណ្តាញសង្គម និងប្រព័ន្ធតេឡេក្រាម ដើម្បីផ្តល់ជូនព័ត៌មានឱ្យបានទូលំទូលាយ។

៧៖ ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអង្គការជាតិ-អន្តរជាតិឱ្យបានកាន់តែល្អប្រសើរ ដូចជា ACPECC, AFEO, FEIAP, AAET ជាដើម ក្នុងការរៀបចំបទដ្ឋានគតិយុត្ត បទដ្ឋានបច្ចេកទេស កម្មវិធីសិក្សា និងការផ្លាស់ប្តូរបទពិសោធន៍លើវិស័យវិស្វកម្ម។

៨៖ តៀមលក្ខណៈសម្បត្តិឱ្យបានល្អក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទនៃអង្គការសហព័ន្ធវិស្វកម្មអាស៊ានលើកទី៤០ ដែលនឹងប្រព្រឹត្តទៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ។

លោករដ្ឋមន្ត្រីបានបន្តថា កម្ពុជាត្រូវការជាចាំបាច់ក្នុងការជំរុញការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ដើម្បីដើរឱ្យទាន់ប្រទេសជិតខាងក្នុងតំបន់ និងបណ្ដាប្រទេសផ្សេងទៀតក្នុងពិភពលោក។ ទស្សនៈទាំងនេះគឺបានឆ្លុះបញ្ចាំងឱ្យឃើញច្បាស់ថា ការអប់រំវិស្វកម្ម គឺជាកូនសោបើកទ្វារឆ្ពោះទៅរកការអភិវឌ្ឍសង្គមជាតិប្រកបដោយជោគជ័យ។

លោក អ៉ិត សំហេង គូសបញ្ជាក់ថា រាជរដ្ឋាភិបាលបាននិងកំពុងបង្កើនយន្តការដឹកនាំ ដើម្បីធ្វើឱ្យស្ថាប័នវិស្វកម្មមួយនេះក្លាយជាមជ្ឈមណ្ឌលមួយដ៏រឹងមាំ ដែលអាចចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការរៀបចំផែនការអភិវឌ្ឍសង្គមជាតិប្រកបដោយចីរភាព។

បើតាមប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា រាជរដ្ឋាភិបាលក៏បានខិតខំគ្រប់បែបយ៉ាងក្នុងការកសាងធនធានមនុស្សទាំងនៅក្នុងស្រុក និងបញ្ជូនទៅសិក្សានៅបរទេស ដែលជាលទ្ធផលឃើញថាធនធានមនុស្សផ្នែកវិស្វកម្មបានកើនឡើងទាំងបរិមាណនឹងគុណភាពគួរជាទីមោទន។ ជាក់ស្តែងក្នុងឆ្នាំ២០២១កន្លងទៅនេះ គណៈវិស្វករកម្ពុជាទទួលបានការចុះបញ្ជីវិស្វករចំនួន៧៤៧នាក់ បើគិតមកទល់បច្ចុប្បន្នមានវិស្វករចុះបញ្ជីសរុបចំនួន៦,០០៨នាក់ (ស្រី ២៤០នាក់) ក្នុងនោះវិស្វករជាតិចំនួន៥,៩២៤នាក់ (ស្រី ២៣៨នាក់) និងវិស្វករបរទេសចំនួន៨៤នាក់ (ស្រី ២នាក់)។

គួរជម្រាបថា អង្គមហាសន្និបាតបូកសរុបលទ្ធផលការងាររយៈពេល៥ឆ្នាំ អាណត្តិទី២ និងផែនការអនុវត្តបន្តអាណត្តិទី៣ ឆ្នាំ២០២២-២០២៧ របស់គណៈវិស្វករកម្ពុជា ត្រូវបានរៀបចំឡើងនារសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ នៅសណ្ឋាគារហៃយ៉ាត់រីជេនស៊ីភ្នំពេញ ក្នុងនោះក៏មានការបោះឆ្នោតជ្រើសរើសអគ្គលេខាធិការ និងអគ្គលេខាធិការរងរបស់គណៈវិស្វករកម្ពុជា អាណត្តិទី៣ ផងដែរ៕