(ភ្នំពេញ)៖ លោក ស៊ី ជិនពីង ប្រធានាធិបតីចិន បានប្រកាសបង្កើនការហោះហើរឡើងវិញរវាងកម្ពុជា និងចិន បន្ទាប់ពីត្រូវបានធ្លាក់ចុះ ព្រោះតែការរាតត្បាតនៃជំងឺកូវីដ១៩។

ការប្រកាសរបស់លោកប្រធានាធិបតីចិន បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារតាមទូរស័ព្ទជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃសុក្រ ទី១៨ ខែមីនា ឆ្នាំ២០២២នេះ។

ជើងហោះហើររវាងកម្ពុជា និងចិន បានធ្លាក់ចុះ បន្ទាប់ពីការរាតត្បាតនៃជំងឺកូវីដ១៩។ ជាពិសេសការអនុវត្តនូវវិធានការទប់ស្កាត់ការរាតត្បាតមេរោគកូវីដ១៩ ពីសំណាក់រដ្ឋាភិបាលចិន។

បើតាមលោកបណ្ឌិត កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឱ្យដឹងថា នៅក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចតេជោ, លោកប្រធានាធិបតីចិន បានប្រកាសជំរុញការហោះហើរនេះឡើងវិញ។

របាយការណ៍ពីអាកាសចរណ៍ស៊ីវិល បានឱ្យដឹងថា បច្ចុប្បន្នមានក្រុមហ៊ុនអាកាសចរណ៍តែ៥ប៉ុណ្ណោះ កំពុងហោះហើររវាងកម្ពុជា និងចិន។ ក្នុងនោះក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុនចំនួន៣ និងក្រុមហ៊ុនចិនចំនួន២។

តាមរដ្ឋលេខាអធិការដ្ឋានអាកាសចរស៊ីវិល បានឱ្យដឹងថា មុនពេលមានវិបត្តិជំងឺកូវីដ១៩ កម្ពុជាមានក្រុមហ៊ុនអាកាសចរចំនួន៦ ហោះហើរដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាសទៅកាន់ទីក្រុងសំខាន់ៗចំនួន៣៤ របស់ចិន ដោយមានជើងហោះហើរសរុបចំនួន២២០ជើង ក្នុងមួយសប្តាហ៍។

ដោយឡែកក្រុមហ៊ុនអាកាសចរណ៍ចិន ដែលហោះហើរចេញចូលកម្ពុជា មុនការរាតត្បាតជំងឺកូវីដ១៩ មានចំនួនរហូតដល់ទៅ ១៦ក្រុមហ៊ុន ដោយបានហោះហើរដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាសមកពី១៨ទីក្រុងសំខាន់ៗរបស់ចិន។ ក្នុងមួយសប្តាហ៍មានជើងហោះហើរសរុប ១៩៥ជើង។

បើសិនជាមានការបង្កើនជើងហោះហើរឡើងវិញ ដូចការប្រកាសរបស់លោកប្រធានាធិបតីចិន គេរំពឹងថា កម្ពុជា នឹងទទួលបានអ្នកដំណើរពីប្រទេសចិន កាន់តែច្រើនឡើងវិញ ដែលជាការរួមចំណែកដ៏សំខាន់សម្រាប់ដង្ហើមវិស័យទេសចរណ៍របស់កម្ពុជា៕