(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការងកងទ័ពជេីងគោក និងជាមេបញ្ជាការកងពលតូចលេខ៧០ បានសម្តែងការស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់ លោកឧត្តមសេនីយ៍ឯកបម្រុង ង្វៀន តឹនគឿង និងបានបង្ហាញពីទំនាក់ទំនងជិតស្និទ្ធជាប្រវត្តិសាស្ត្ររវាងកងទ័ពប្រទេសទាំងពីរ។

លោកឧត្តមសេនីយ៍ឯក មេបញ្ជាការកងពល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការអញ្ជេីញរបស់ ឧត្តមសេនីយ៍ឯកបម្រុង ង្វៀន តឹនគឿង ដែលបានមកបំពេញទស្សនកិច្ចនៅកងពលតូចលេខ៧០។

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន តែងបានប្រកាន់ខ្ជាប់នូវការរួមរស់ជាមួយប្រទេសជិតខាងដោយសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ហើយតទៅអនាគតនឹងបន្តពង្រឹងពង្រីកប្រតិបត្តិការដែលមានស្រាប់ឲ្យកាន់តែជិតស្និទ្ធ និងរឹងមាំ យូរអង្វែង ដើម្បីភាពសុខដុមប្រទេសទាំងពីរ។

ក្នុងនោះដែរ ឧត្តមសេនីយ៍ឯកបម្រុង ង្វៀន តឹនគឿង បានសម្តែងការអរគុណចំពោះបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅពីសំណាក់លោកមេបញ្ជាការកងពល ហើយនេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់ឯកឧត្តម បន្ទាប់ពីបានការតែងតាំងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម។

លោកឧត្តមសេនីយ៍ឯកបម្រុង បានបន្ថែមទៀតថា ដោយសារឆ្នាំ២០២២នេះ គឺជាខួបលើកទី៥៥ឆ្នាំ ថ្ងៃបង្កើតចំណងការទូតរវាងប្រទេសទាំងពីរ និងក៏ជាខួបលើកទី៤៥ ឆ្នាំ ទិវាចងចាំដំណើរឆ្ពោះទៅដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ឯកឧត្តមបានស្នើឲ្យកងទ័ពប្រទេសទាំងពីរត្រូវបន្តរួមការគ្នាឲ្យបានរឹងមាំ ដើម្បីអភិវឌ្ឍលើគ្រប់វិស័យ។

ជាមួយនោះ លោកក៏បានលើកឡើងពីការថែរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់នៅតាមបណ្តោយព្រំដែន និងការហ្វឹកហាត់បណ្ដុះបណ្ដាលនាយទាហានដែលជាប្រការសំខាន់ ហើយដែលកងទ័ពប្រទេសទាំងពីរ ត្រូវតែផ្ដល់កិច្ចសហការគ្នា ដូចដែលធ្លាប់បានធ្វើកន្លងមក ទៅតាមកិច្ចព្រមព្រៀងរវាងក្រសួងការពារជាតិប្រទេសទាំងពីរ៕