(ភ្នំពេញ)៖ លោក ស៊ី ជិនពីង ប្រធានាធិបតីចិន បានប្រកាសបង្កើនការទិញអង្ករ និងផលិតផលកសិកម្មដទៃទៀត ឱ្យកាន់តែច្រើនពីប្រទេសកម្ពុជា ដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជា។

ការប្រកាសរបស់លោកប្រធានាធិបតីចិន បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារតាមទូរស័ព្ទជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃសុក្រ ទី១៨ ខែមីនា ឆ្នាំ២០២២នេះ។

បើតាមលោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឱ្យដឹងនៅក្រោយជំនួបយ៉ាងដូច្នេះ «ឯកឧត្តម ស៊ី ជិនពីង បានលើកឡើងថា ដោយសារបច្ចុប្បន្នកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន បានចូលជាធរមាន ដូច្នេះចិន នឹងនាំចូលអង្ករឱ្យបានកាន់តែច្រើនជាងមុន ព្រមទាំងផលិតផលកិសកម្មមួយចំនួនទៀត ដូចជាផ្លែចេក ស្វាយ និងផ្លែមៀនជាដើម ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រនៅកម្ពុជា»

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន បានចូលជាធរមានកាលពីខែមករា ឆ្នាំ២០២២កន្លងទៅនេះ។ កិច្ចព្រមព្រៀងនេះ គឺជាច្រកទ្វារដ៏ធំសម្រាប់ផលិតផលកសិកម្មរបស់កម្ពុជា ចូលទៅកាន់ប្រទេសចិន។

របាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា បានបង្ហាញថា ក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២២នេះ កម្ពុជា បាននាំអង្ករចេញទៅក្រៅប្រទេសបានជាង ១០ម៉ឺនតោន ស្មើនឹងថវិកាជាង ៦៦លានដុល្លារអាមេរិក។ អង្ករនេះ ត្រូវបាននាំទៅគោលដៅចំនួន៤២ ហើយប្រទេសចិន ឈរនៅលេខរៀងទីមួយ ដោយបាននាំចូលអង្ករកម្ពុជាជាង ៥៣ភាគរយ នៃចំនួនដែលបាននាំចេញនេះ។

កាលពីឆ្នាំ២០២១ កម្ពុជា បាននាំចេញអង្ករជាង ៦១ម៉ឺនតោន។ ក្នុងនោះនាំទៅប្រទេសចិន មានជាង ៣០ម៉ឺនតោន កើនឡើងចំនួន ២ម៉ឺនតោនស្មើនឹង៧% ធៀបនឹងឆ្នាំ២០២០៕