(ភ្នំពេញ)៖ លោក ចំរើន វ៉ាន់ថា ប្រធានលេខាធិការដ្ឋាន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា ការយករូបទង់ជាតិកម្ពុជា ទៅច្នៃជាសម្លៀកបំពាក់នោះ គឺមិនខុសច្បាប់ទេ គ្រាន់តែមើលទៅមិនសម។ មើលទៅមិនសម ដោយសារផ្នែកខ្លះនៃទង់ជាតិ ត្រូវបានអ្នកស្លៀកអង្គុយលើ។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ លោក ចំរើន វ៉ាន់ថា ដែលជាទីប្រឹក្សាអមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈផងនោះ បានថ្លែងថា ក្រសួងបានរៀបចំកិច្ចប្រជុំមួយ និយាយពីបង្ហាការយកទង់ជាតិទៅប្រើប្រាស់។ លោកបានថ្លែងថា ទង់ជាតិកម្ពុជា គឺតំណាងឲ្យបាវនាជាតិ គឺ «ជាតិ សាសនា ព្រះមហាក្សត្រ»

មន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌ បានថ្លែងថា ពេលនិយាយពីទង់ជាតិ គឺមានតម្លៃឥតគណា។ លោកបានលើកឡើងទៀតថា សូម្បីពេលព្រះមហាក្សត្រ យាងក្នុងកម្មវិធីនានា ពេលឃើញទង់ជាតិ ក៏ទ្រង់ឱនព្រះកាយដែរ។

ទង់ជាតិកម្ពុជា ត្រូវបានរចនាឡើងដោយដាក់រូបប្រាសាទអង្គរវត្តពណ៌ស នៅចំផ្ទៃកណ្តាល ហើយមាន៣ពណ៌ ដែលមានន័យដូចគ្នានឹងបាវចនាជាតិ គឺ «ជាតិ សាសនា ព្រះមហាក្សត្រ» ដែលក្នុងនោះ៖

* ពណ៌ស តំណាងឱ្យសាសនាសន្តិភាព
* ពណ៌ក្រហម តំណាងឱ្យជាតិគឺទឹកដីនិងប្រជាជន
* ពណ៌ខៀវ តំណាងឱ្យព្រះមហាក្សត្រនិងព្រះអគ្គមហេសី។

បន្ថែមលើនេះ លោក ចំរើន វ៉ាន់ថា បានបកស្រាយពីមតិពាក់ព័ន្ធនឹងកំប៉ុងស្រាបៀរ ដែលមានរូបស្រដៀងទង់ជាតិកម្ពុជា។ លោកថ្លែងថា រូបនៅលើកំពុងស្រាបៀរទាំងនោះ គឺជារូបអង្គរវត្ត ហើយអ្នកធ្វើពាណិជ្ជកម្មនោះ បានសុំចុះបញ្ជីការពារពាណិជ្ជនាម។

លោកបញ្ជាក់ថា «បើសិនជាគេយកឈើទៅធ្វើជាជណ្តើរ គឺយើងអាចដើរជាន់បាន ប៉ុន្តែបើគេយកឈើទៅធ្វើជាព្រះ គឺយើងនឹងសំពះមិនខាន»

លោក ចំរើន វ៉ាន់ថា បានសំណូមពរដល់អ្នកច្នៃម៉ូតសម្លៀកបំពាក់ បើសិនជាអាច គួរចៀសវាសការយកទង់ជាតិ ទៅច្នៃជាសម្លៀកបំពាក់ ដោយសារជាយដែលសល់ ឬសំពត់ ឬរ៉ូប ដែលស្ថិតក្រោមចង្កេះ សុទ្ធតែមើលទៅមិនសម៕