(ភ្នំពេញ)៖ លោក ឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកែវ បានសន្យានាំយកនូវទេយ្យវត្ថុ មានជាគ្រឿងឧបភោគ បរិភោគ សម្ភារប្រើប្រាស់ និងបច្ច័យ ដែលទទួលបានការឧបត្ថម្ភគាំទ្រពីវត្តវត្តញាណរង្សី ដើម្បីបន្តចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឫនិន្នាការនយោបាយឡើយ ឱ្យសមស្របតាមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

ការសន្យារបស់លោក ឯក ឃុនដឿន បានធ្វើឡើងនៅក្នុងពិធីទទួលទេយ្យវត្ថុ ពីព្រះតេជគុណ ព្រះគ្រូរតនប្បជ្ជោតិ ខឹម សម្បត្តិ ព្រះអនុគណខណ្ឌ ព្រះប្រធានសមាគមសហគមន៍មូលនិធិនគរកាយវត្តព្រះពុទ្ធសាសនាកម្ពុជា និងជាព្រះចៅអធិការវត្តញាណរង្សី ស្ថិតក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២។

ក្នុងពិធីនេះដែរ មានការចូលរួមពីលោកស្រី សួស សូលីដា អភិបាលរងខណ្ឌ និងជាអនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ព្រះវត្តមាន និងវត្តមានរបស់ ព្រះតេជគុណ ព្រះចៅអធិការវត្ត តំណាងព្រះចៅអធិការវត្ត ថ្នាក់ដឹកនាំ និងមន្ត្រីសង្ឃ នៃសាលាអនុគណ ព្រះថេរានុថេរៈជាច្រើនអង្គទៀត និងអស់លោក-លោកស្រី សមាជិកគណៈកម្មាធិការអនុសាខា មន្ត្រីអនុសាខា ព្រមជាមួយមន្ត្រីសាលាខណ្ឌផងដែរ។

លោក ឯក ឃុនដឿន ជំនួសមុខឲ្យកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានថ្លែងអំណរអរគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះ ព្រះចៅអធិការវត្តញាណរង្សី ដោយបានផ្ដល់វប្បធម៌ចែករំលែកនូវទេយ្យវត្ថុ មានជាគ្រឿងឧបភោគ បរិភោគ សម្ភារប្រើប្រាស់ និងបច្ច័យ មកដល់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ក្នុងគោលបំណងចូលរួមគាំទ្រផ្នែកព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋឱ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត ក្នុងទិសដៅជួយដល់ប្រជាពលរដ្ឋ ដែលងាយរងគ្រោះ ក្នុងមូលដ្ឋានខណ្ឌ។

សូមជម្រាបថា សម្រាប់ទេយ្យវត្ថុ ដែលអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ ទទួលបានពីវត្តញាណរង្សី ដើម្បីយកមករក្សាត្រៀមទុកចែកជូនដល់ប្រជាពលរដ្ឋ ដែលងាយរងគ្រោះគ្រប់ប្រភេទក្នុងមូលដ្ឋាន រួមមាន៖ អង្ករ១តោន, មី១០កេស, ទឹកក្រូច៥កេស, ស្ករស៣០គីឡូ, ទឹកត្រី១០យួរ, ទឹកដោះគោ២០កំប៉ុង, ត្រីខ១០យួរ, ទឹកស៊ីអ៉ីវ១០យួរ, ទឹកបរិសុទ្ធ១០កេស, តែ២០០កញ្ចប់, សម្ភារៈប្រើប្រាស់ផ្ទះបាយ ២សម្រាប់, និងបច្ច័យ៤,០០០,០០០រៀល សរុបជាទឹកប្រាក់ស្មើនឹងចំនួន ៧,៥៤០,០០០រៀល៕