(ព្រះវិហារ)៖ អគារស្នាក់ការគណបក្សប្រជាជនកម្ពុជា ក្រុងព្រះវិហារ ខេត្តព្រះវិហារ មានតម្លៃ ១៧១,៥០០ដុល្លារ ត្រូវបានបញ្ចុះបឋមសិលាសាងសង់ជាផ្លូវការនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២នេះ ក្រោមវត្តមានលោក មាស សុភា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះមូលដ្ឋានខេត្តព្រះវិហារ។

ពិធីនេះក៏មានការចូលរួមពីលោក ប្រាក់ សុវណ្ណ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនខេត្តព្រះវិហារ ព្រមទាំងថ្នាក់ដឹកនាំគណបក្សខេត្ត ក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត ចុះជួយក្រុងព្រះវិហារ និងសមាជិក សមាជិកា លោកយាយ លោកតាជាច្រើនរូបទៀត។

នៅក្នុងឱកាសនេះដែរ លោក មាស សុភា បានផ្តាំផ្ញើសាកសួរសុខុក្ខដោយក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំកំពូលៗរបស់គណបក្ស ប្រជាជនកម្ពុជា ដែលជានិច្ចជាកាលតែងបានយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់សមាជិក សមាជិកាគណបក្សគ្រប់ៗរូប។

លោក មាស សុភា បានបញ្ជាក់ថា «គោលបំណងនៃការសាងសង់ស្នាក់ការគណបក្សប្រជាជនកម្ពុជា ក្រុងព្រះវិហារ នៅពេលនេះ គឺបានបង្ហាញឱ្យឃើញពីការកាន់អំណាចយូរអង្វែងរបស់គណបក្សប្រជាជនកម្ពុជា នៅក្នុងប្រវត្តិសាស្ត្រ របស់កម្ពុជា ហើយអស់ពីយើងចាស់ៗទៅ គឺនៅមានកូនចៅយើងនៅបន្តវេនទៀត និងគ្មានគណបក្សណាធ្វើអញ្ជឹងបានទេ គ្មានសកម្មភាពទូលំលាយ ហើយគ្មានប្រព័ន្ធចាត់តាំងពីលើដល់ក្រោមដូចគណបក្សប្រជាជនកម្ពុជាទេ។ ដូច្នេះយើងចាំបាច់ត្រូវមានអគារគណបក្សស្អាតបាត រឹងមាំ មានកន្លែងធ្វើការត្រឹមត្រូវ»

លោក មាស សុភា បានលើកឡើងថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គឺយើងទទួលបានសន្តិភាពពេញលេញ មានស្ថេរភាពនយោបាយតាមរយៈការបោះឆ្នោតប្រគួតប្រជែង មានសន្តិសុខសាធារណៈល្អ អត់មានអំពើភេវរកម្ម ការកសាង និងស្តារអភិវឌ្ឍន៍សេដ្ឋកិច្ចមានការអភិវឌ្ឍន៍គ្រប់វិស័យ ថ្នល់ ស្ពាន សាលារៀន វត្តអារ៉ាម មន្ទីរពេទ្យ អគ្គិសនី នយោបាយទឹក និងគោលនយោបាយនានា មានការរីកចម្រើន។

បន្ថែមពីនេះ លោក មាស សុភា ក៏បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋត្រូវចូលរួមចំណែកការពារសន្តិភាពដែលគណបក្សប្រជាជនជាអ្នកផ្តួចផ្តើមគោលនយោបាយធ្វើឱ្យមានសន្តិភាពនៅពេលនេះ ហើយត្រូវប្រឆាំងអ្នកដែលចង់ បំផ្លាញសន្តិភាព និងរួមចំណែកធ្វើឱ្យមានស្ថិរភាពនយោបាយ តាមរយៈការចូលរួមបោះឆ្នោតនៅពេលខាងមុខនេះ បន្តចូលគាំទ្រកម្មវិធីគោលនយោបាយរបស់គណបក្ស តាមរយៈយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងចូលរួមគាំទ្រការអនុវត្តន៍គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព បន្តចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដោយអនុវត្តន៍តាមការណនាំរបស់ក្រសួងសុខាភិបាល និងការណែនាំរបស់រាជរដ្ឋាភិបាល «៣កុំ និង៣ការពារ»។

បើតាមរបាយការណ៍គណបក្សក្រុងព្រះវិហារ បានឱ្យដឹងថា អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាក្រុងព្រះវិហារ ដែលបញ្ចុះបឋមសិលានៅពេលនេះ កើតឡើងក្រោមគំនិតផ្តួចផ្តើមពីលោកបណ្ឌិត ហ៊ុន ម៉ាណែត លោក មាស សុភា និងលោក ប្រាក់ សុវណ្ណ ដោយមានការចូលរួមពីក្រុមការងារថ្នាក់កណ្តាលថ្នាក់ខេត្ត ចុះជួយក្រុងព្រះវិហារ និងថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្ស ព្រមទាំងសប្បុរសជនជាច្រើនរូបទៀត ដោយចំណាយថវិកាសរុបចំនួន ១៧១,៥០០ដុល្លារ ហើយអគារនេះមានទំហុំ ១៩ គុណ២១.៣ម៉ែត្រ រចនាប្លង់ដោយស្ថាបត្យកម្មកូនខ្មែរ៕