(បន្ទាយមានជ័យ)៖ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២នេះ បានចុះពិនិត្យមើលកងកម្លាំង អាជ្ញាធរមូលដ្ឋានសហការជួសជុលផ្ទះជូនប្រជាពលរដ្ឋដែលរងគ្រោះខ្យល់កន្ត្រាក់ នៅឃុំគោករមៀត ស្រុកថ្មពួក ព្រមទាំងបានផ្តល់អំណោយសង្ក័សីជាអំណោយដ៏ថ្លៃថ្លារបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ជូនគ្រួសាររងគ្រោះ៣១គ្រួសារ។

នាឱកាសនោះ លោកអភិបាលខេត្ត បានផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ដល់ប្រជាពលរដ្ឋឱ្យថែទាំសុខភាព ដោយអនុវត្តជាប់ជានិច្ចនូវសារផ្ដាំផ្ញើអប់រំនានា របស់ក្រសួងសុខាភិបាល ស្តីពីវិធានការទប់ស្កាត់ជំងឺកូវីដ១៩ រស់នៅធម្មតាតាមបែបគន្លងថ្មី និងការបន្តអនុវត្តវិធានការ «៣កុំ ៣ការពារ និង២ចូលរួម» និងត្រូវចូលរួមស្កេនកូដទីតាំងទប់ស្កាត់កូវីដ-១៩ និងចូលរួមចាក់វាក់សាំង ឱ្យបានគ្រប់ៗគ្នា។

លោក អ៊ុ រាត្រី បានផ្តល់ថវិកាឧបត្ថម្ភដល់កងកម្លាំងជួយជួសជុលផ្ទះជូនប្រជាពលរដ្ឋមានកម្លាំងនគរបាល និងកម្លាំងយោធាដែលក្នុងមួយអង្គភាព ទទួលបានថវិកាចំនួន ៤០ម៉ឺនរៀលផងដែរ៕