(ភ្នំពេញ)៖ ក្នុងជំនួបសន្ទានាតាមទូរស័ព្ទ នៅល្ងាចថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និង លោក ស៊ី ជិនពីង ប្រធានាធិបតីចិន បានអញ្ជើញគ្នាទៅវិញទៅមក ដើម្បីទស្សនកិច្ច ក្រោយស្ថានភាពកូវីដ១៩ បានធូរស្បើយ។

លោក កៅ គឹមហួន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មាន ឱ្យដឹងថា នៅក្នុងជំនួបតាមទូរស័ព្ទនោះ មេដឹកនាំទាំងពីរ បានពិភាក្សាគ្នាអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដោយក្នុងនោះក៏បានរំលឹកអំពីភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា និងចិនផងដែរ។

លោកបានបញ្ជាក់ថា នៅក្នុងជំនួបនេះ លោក ស៊ី ជិនពីង បានអញ្ជើញសម្តេចតេជោ ហ៊ុន សែន ទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន នៅក្រោយស្ថានភាពកូវីដ១៩ ធូរស្បើយ។ ចំណែក សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញប្រធានាធិបតីចិន មកបំពេញទស្សនកិច្ចនៅកម្ពុជា តាមពេលវេលាសមស្រប ហើយលោកប្រធានាធិបតីចិន ស៊ី ជិនពីង ក៏បានទទួលយក ហើយថា នឹងធ្វើការជាមួយស្ថាប័នពាក់ព័ន្ធដើម្បីធ្វើទស្សនកិច្ចនៅកម្ពុជា។

ទំនាក់ទំនងល្អរវាង កម្ពុជា-ចិន ត្រូវបានកសាងដោយ ព្រះបាទ សម្តេចព្រះនរោត្ដមសីហនុ ជាមួយនិងថ្នាក់ដឹកនាំចិនជំនាន់មុន ហើយបន្ដដោយអ្នកបន្ដវេនជំនាន់នេះ។ ក្នុងទំនាក់ទំនងប្រមាណ៦៤ឆ្នាំមកនេះ កម្ពុជា-ចិន បានឈានដល់កម្រិតថ្មីមួយទៀត ដែលជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដោយកសាងសហគមន៍រួមវាសនាតែមួយ ក្រោមការដឹកនាំរបស់សម្តេចតេជោ និងមេដឹកនាំចិនបច្ចុប្បន្ន។ មិត្តភាពកម្ពុជា-ចិន ត្រូវបានប្រសិដ្ឋនាមថាជា «មិត្តដែកថែប»ផងដែរ៕