(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការរដ្ឋបាលឯកភាពខេត្តបាត់ដំបង បានណែនាំបន្ថែមឱ្យមន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវតែខិតខំបម្រើការងារជូនប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យបានល្អប្រសើឡើងបន្ថែមទៀត។

ការណែនាំបែបនេះ របស់លោក សុខ លូ បានធ្វើឡើងនៅក្នុងឱកាសលោកដឹកនាំកិច្ចប្រជុំគណៈបញ្ជាការរដ្ឋបាលឯកភាពខេត្តបាត់ដំបង ប្រចាំខែកុម្ភៈ នារសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២នេះ ដោយមានការចូលរួមពីថ្នាក់អភិបាលរងខេត្ត មេបញ្ជាការមេបញ្ជាការយោធភូមិភាគទី៥ មេបញ្ជាការប្រតិបត្តិការ សឹករងបាត់ដំបង ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត អភិបាលក្រុង-ស្រុក មន្ទីរជំនាញនានា ជុំវិញខេត្តចូលរួមផងដែរ។

នាឱកាសនោះដែរ មន្រ្តីជំនាញពាក់ព័ន្ធបានឡើងរាយការណ៍ទៅតាមជំនាញរបស់ខ្លួន ដូចអំណានរបាយការណ៍ប្រចាំខែកុម្ភៈ ឆ្នាំ២០២២ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដោយមន្រ្តីលេខាធិការដ្ឋានគណៈ បញ្ជាការឯកភាពរដ្ឋបាលខេត្តស្តីពីលទ្ធផល និងសកម្មភាពដែលបានកើតមានឡើងក្នុងខេត្តប្រចាំខែកុម្ភៈ ឆ្នាំ២០២២កន្លងមក។

កិច្ចប្រជុំនេះ បានផ្តោតទៅលើលទ្ធផលវឌ្ឍនភាពនៃការដាំកូនឈើ, គ្រាប់ត្នោត, ការប្រគល់ដីពីប្រជាពលរដ្ឋ និងការបោះបង្គោលព្រំដីតំបន់បី , ការផ្សព្វផ្សាយលិខិតលេខ៣១៦ ស.ជ.ណ ស្តីពីការបង្កលក្ខណៈងាយស្រួលដល់គណបក្សនយោបាយដែលចុះឈ្មោះក្នុងបញ្ជីគណបក្សនៅក្រសួងមហាផ្ទៃ ធ្វើសកម្មភាព ដើម្បីចូលរួមក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៧ ឆ្នាំ២០២៣ លទ្ធផលវឌ្ឍនភាពនៃការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋទូទៅ នៅក្នុងខេត្តបាត់ដំបង ជូនដល់កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តផងដែរ។

លោក សុខ លូ បានឯកភាពលើរបាយការណ៍របស់មន្រ្តីមន្ទីរជំនាញមួយចំនួនដែលបានលើកឡើងក្នុងកិច្ចប្រជុំនិងបានជំរុញឱ្យមន្ត្រីជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានក្រុង.ស្រុក បន្តរិតបន្តឹងដូចជាបន្តទប់ស្កាត់ការពារជំងឺឆ្លងកូវីដ១៩ បន្តទៀត និងចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នាដើម្បីកុំឱ្យរីករាលដាល នៅតាមសហគមន៍។ ពិសេសរិតបន្តឹងនៅតាមបន្ទាត់ព្រំដែនថៃ ពាក់ព័ន្ធពលករខ្មែរ ដែលសមត្ថកិច្ចថៃបានចាប់បញ្ជូនពលករខ្មែរ ឬគាត់ចូលមកដោយខ្លួនឯងក្តី នៅតែមានជាបន្ត និងឱ្យគាត់ចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា។

ជាមួយគ្នានេះដែរ លោកអភិបាលខេត្ត បានបញ្ជាក់ថា ចំពោះគណបក្សនយោបាយបានឈ្មោះបោះឆ្នោតនៅខេត្តបាត់ដំបង មានចំនួន១០ គណបក្ស និងលេខរៀង ក៏បានរៀបចំរួចហើយ ទៅតាមមណ្ឌលនានានៅតាមឃុំ សង្កាត់ ក្នុងខេត្តបាត់ដំបង។ ព្រមទាំងចាត់តាំងមន្រ្តីចុះធ្វើវេទិការសាធារណៈជាមួយប្រជាពលរដ្ឋចង់ដឹងពីសុខទុក្ខ និងសំណូមពរផ្សេងៗ របស់ពួកគាត់ដើម្បីធ្វើការដោះស្រាយ។

លោកបានអំពានាវដល់អភិបាលក្រុង-ស្រុក និងមន្រ្តីជំនាញបន្តយុទ្ធនាការផ្សព្វផ្សាយបន្ទាន់ ចាប់ពីថ្ងៃទី២៣ ខែមីនានេះតទៅបន្ថែមទៀត ដល់ប្រជាពលរដ្ឋគ្រប់មូលដ្ឋាននៅតាមសហគមន៍ឱ្យមកចាក់វ៉ាក់សាំងជាប្រញាប់ ដើម្បីទប់ស្កាត់មេរោគកូវីដ១៩ ប្រភេទថ្មី អូមីក្រុង ដែលជាប្រភេទមេរោគឆ្លងលឿនរហ័សខ្លាំង និងត្រូវអនុវត្តតាមវិធានការសុខាភិបាល «៣កុំ និង៣ការពារ» ជានិច្ចផងដែរ។

លោកអភិបាលខេត្ត ក៏បានរំលឹក និងពង្រឹងពីការគៀងគរពង្រីកសមាជិកភាពសាខាកាកបាទក្រហមខេត្តបាត់ដំបង ក្នុងឱកាសទិវា កាកបាទក្រហមកម្ពុជា ដើម្បីឱ្យពួកគាត់ចូលរួមវិភាគទានសម្រាប់ទ្រទ្រង់ ការងារមនុស្សធម៌ ជួយដល់ជនងាយរងគ្រោះ ចាស់ជរា ជនពិការ ក្មេងកំព្រា ជាដើម៕