(ពោធិ៍សាត់)៖ ប្រជាពលរដ្ឋចំនួន២០គ្រួសារ ដែលជួបបញ្ហាដោយសារខ្យល់កន្ត្រាក់ បណ្តាលឲ្យរលំផ្ទះ និងរបើកដំបូលស័ង្កសី ស្ថិតក្នុង​ឃុំត្រពាំងជង​ ស្រុកបាកាន​ ខេត្តពោធិ៍សាត់​ចំនួន២០ខ្នងផ្ទះ​ កាលពីល្ងាចថ្ងៃទី០៣ ខែឧសភាម្សិលមួយ ត្រូវបានលោក ម៉ៅ ធនិន ប្រធានកិត្តិយស និង លោក ខូយ រីដា ប្រធានគណៈកម្មការ ព្រមទាំងសមាជិកសមាជិកា សាខាកាកបាទក្រហម ខេត្តពោធិ៍សាត់ បាននាំយកអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ទៅផ្តល់ជូនដល់លំនៅដ្ឋាន នាព្រឹកថ្ងៃទី​ ០៥ ខែឧសភា ឆ្នាំ២០១៦នេះ ។

លោក ម៉ៅ ធនិន អភិបាលខេត្ត និងជាប្រធានកិត្តិយស សាខាកាកបាទក្រហមខេត្តពោធិ៍សាត់ ថ្លែងថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ ពីអាជ្ញាធរ​ ឃុំ​ ស្រុក អំពីករណីគ្រោះធម្មជាតិខ្យល់កន្ត្រាក់ រលំផ្ទះ និងរបើកដំបូលរួចមក លោកបានណែនាំដល់ លោក ខូយ រីដា ប្រធានគណៈកម្មការ សាខាកាកបាទក្រហមខេត្ត និងក្រុមការងារ រៀបចំជាអំណោយមកសង្គ្រោះជាបន្ទាន់ ។ លោកបានបន្តថា នេះជាភារកិច្ច របស់អាជ្ញាធរដែនដី ពិសេសក្នុងនាមជាកាកបាទក្រហម ដែលជាអង្គភាពមនុស្សធម៌ តែងមានភារកិច្ច ចុះជួយដោះស្រាយទុក្ខលំបាក របស់បងប្អូនគ្រប់ពេលវេលា និង គ្រប់ទីកន្លែង ។
លោកបានបន្តទៀតថា ទោះបីអំណោយទាំងនេះតិចតួចក្តី តែវាជួយសម្រាលបន្ទុក និង ដោះស្រាយជីវភាពប្រចាំថ្ងៃ បានមួយគ្រាៗដែរ ដូចប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែណែនាំដល់អាជ្ញាធរមូលដ្ឋាន ឲ្យយកចិត្តទុកដាក់ ចុះជាប់ជាមួយប្រជាជន ស្គាល់សុខទុក្ខប្រជាជន ជាពិសេសជាមួយប្រជាជនងាយរងគ្រោះ ហើយមិនត្រូវឲ្យប្រជាជនណាម្នាក់ ស្លាប់ដោយអត់បាយ ដោយមិនបានដឹង និង មិនមានការដោះស្រាយនោះទេ ។

អំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមខេត្ត ផ្តល់ជូនទាំង២០គ្រួសារ ដែលជួបបញ្ហាដោយសារខ្យល់កន្ត្រាក់ បណ្តាលឲ្យរលំផ្ទះ និង របើកដំបូលស័ង្កសី  ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម, តង់ខៀវ១, ភួយ១, មុង១, ក្រមា១,​ សារុង​១,​ ទឹកសុទ្ធ​១កេស,​ ទឹកស៊ីអ៊ីវ១យួរ, ទឹកត្រី១យួរ និងថវិកា៥ម៉ឺនរៀល​។​ បន្ថែមពីនោះទៀតលោក ម៉ៅ ធនិន បានឧបត្ថម្ភថវិកា ៣០ម៉ឺនរៀល ដល់ប្រជាការពារ និងអ្នកភូមិ សម្រាប់​ទិញម្ហូបអាហារចូលរួមសហការគ្នារៀបចំ និងលើកផ្ទះឡើងវិញ​ ។

ក្នុងថ្ងៃដដែលនោះលោក ម៉ៅ ធនិន​ បានបន្តដឹកនាំមន្ទីរជំនាញ ចុះដោះស្រាយបញ្ចប់ទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃ​ រវាងប្រជាពលរដ្ឋ​៤៦គ្រួសារ​ ជាមួយក្រុមហ៊ុន​ តូច​ ហ៊ាវ ដែលមានការតវ៉ា​ទាមទារ​ជាកម្មសិទ្ធិ ជាច្រើនឆ្នាំមកហើយ​ នៅបរិវេណវត្ត​អំពួច​ ស្ថិតក្នុងភូមិជ្រៃក្រឹម ឃុំផ្ទះរុង​ ស្រុកភ្នំក្រវាញ​ ខេត្តពោធិ៍សាត់​។​ ជាលទ្ធផលប្រជាពលរដ្ឋ​ចំនួន​៤៦គ្រួសារ​ បានយល់ព្រម​ទទួលយកដី សម្រាប់អាស្រ័យផលស្របច្បាប់​ ក្នុងមួយគ្រួសារ​ ១,៥ហិកតា​ ព្រមទាំង បានថ្លែងអំណរគុណចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី​ ដែលជានិច្ចជាកាលសម្តេច​ តែងតែគិតគូរ​ និង​ យកចិត្តទុកដាក់​ ពីសុខទុក្ខប្រជាពលរដ្ឋ​ ជាក់ស្តែងដូចជាពួកគាត់ជាដើម​ ។​​

ក្នុងឱកាសនោះ​ លោកអភិបាលខេត្ត​ បានចែកជូនវត្ថុកំដរដៃ​ ជាសារុង​ម្នាក់១​ ដល់ប្រជាពលរដ្ឋ​ទាំង​ ៤៦គ្រួសារ​ និង​ ប្រជាពលរដ្ឋដែលចូលរួមស្តាប់​ ព្រមទាំងបាន​ឧបត្ថម្ភ​ថវិកា​ផ្ទាល់ខ្លួន​ ចំនួន​ ៣០០ដុល្លារ​ សម្រាប់​ទិញស៊ីម៉ង់​ ៣តោន​ ចូលរួមកសាងវត្តអំពួចផងដែរ​ ៕