(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃសុក្រ ទី១៨ ខែមីនា ឆ្នាំ២០២២នេះ បានជួបពិភាក្សាការងារតាមទូរស័ព្ទជាមួយលោក ស៊ី ជិនពីង ប្រធានាធិបតីចិន។

លោកបណ្ឌិត កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឱ្យដឹងថា នៅក្នុងជំនួបនេះ មានការពិភាក្សាទៅលើចំណុចជាច្រើននៅក្នុងកម្រិតទ្វេភាគី តំបន់ និងបញ្ហារបស់ពិភពលោកផងដែរ។ កិច្ចពិភាក្សានេះ បានជជែកច្រើនលើទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងចិន។

លោកប្រធានាធិបតីចិន បានលើកឡើងថា បច្ចុប្បន្នកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន បានចូលជាធរមាន ដូច្នេះចិននឹងនាំចូលអង្ករឱ្យបានកាន់តែច្រើនជាងមុន ព្រមទាំងផលិតផលកិសកម្មមួយចំនួនទៀត ដូចជាផ្លែចេក ស្វាយ និងផ្លែមៀនជាដើម ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។

លោកប្រធានាធិបតីចិន ក៏បានប្រកាសគាំទ្រដល់គម្រោងអភិវឌ្ឍទាំងឡាយនៅកម្ពុជា ជាពិសេសការអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធ។ លោកប្រធានាធិបតីចិន ក៏បានប្រកាសផ្តល់ជំនួយជាថ្មីនូវវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន ២០លានដូស។ ក្នុងចំណោម ២០លានដូសនេះ ៥លានដូស នឹងមកដល់កម្ពុជា នៅចុងខែមីនា ឆ្នាំ២០២២នេះ។

លោកប្រធានាធិបតីចិន ស៊ី ជិនពីង បានប្រកាសធ្វើការរួមគ្នាជាមួយកម្ពុជា ក្នុងការបង្កើតរោងចក្រផលិតវ៉ាក់សាំងនៅកម្ពុជានាពេលខាងមុខផងដែរ។

លោក ស៊ី ជិនពីង ក៏បានមានប្រសាសន៍ជំរុញបង្កើនជើងហោះហើររវាងប្រទេសទាំងពីរ។

ពាក់ព័ន្ធបញ្ហាអាស៊ាន-ចិន វិញ ដោយសារតែអាស៊ាន និងចិន ទើបនឹងដំឡើងកម្រិតទំនាក់ទំនងរបស់ខ្លួន ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកាលពីឆ្នាំ២០២១នោះ។ លោកប្រធានាធិបតីចិន បានប្រកាសគាំទ្រកម្ពុជា ក្នុងការធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២នេះ។ ជាពិសេសគាំទ្រតួនាទីប្រធានអាស៊ានរបស់កម្ពុជា លើបញ្ហានៅក្នុងតំបន់ និងលើពិភពលោក។

លោក ស៊ី ជិនពីង បានគូសរំលេចថា អាស៊ាន និងចិន ត្រូវធ្វើយ៉ាងណារួមចំណែករក្សាសន្តិភាព ស្ថេរភាព ការអភិវឌ្ឍ និងវិបុលភាពនៅក្នុងតំបន់។ ជាពិសេសធ្វើយ៉ាងពង្រីកនូវកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងចិន។

លោកប្រធានាធិបតីចិន ក៏បានគាំទ្រការធ្វើដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី កាលពីខែមករា កន្លងទៅនេះ។ លោកបានចាត់ទុកដំណើរទស្សនកិច្ចរបស់សម្តេចតេជោ មានសារៈសំខាន់ក្នុងចូលរួមចំណែកដោះស្រាយបញ្ហារបស់មីយ៉ាន់ម៉ា ដែលជាមធ្យោបាយចូលរួមដំណោះស្រាយតាមផ្លូវអាស៊ាន។

ក្នុងជំនួបពិភាក្សានេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញលោកប្រធានាធិបតីចិន មកបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងពេលវេលាសមស្របណាមួយ។ លោកប្រធានាធិបតីចិន បានទទួលយកនូវការអញ្ជើញនេះ ហើយនឹងធ្វើការងារជាភាគីពាក់ព័ន្ធ ដើម្បីទស្សនកិច្ចនៅកម្ពុជា។

លោកប្រធានាធិបតីចិន ក៏បានអញ្ជើញសម្តេចតេជោ ហ៊ុន សែន ទស្សនកិច្ចនៅប្រទេសចិន ក្នុងពេលវេលាសមស្របណាមួយ ជាពិសេសក្រោយការរាតត្បាតជំងឺកូវីដ១៩៕