(ភ្នំពេញ)៖ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) ក្នុងនាមជាប្រធាននៃវេទិកាទីផ្សារ មូលធនអាស៊ាន (ACMF) នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ បានរៀបចំ និងដឹកនាំកិច្ចប្រជុំ ACMF លើកទី៣៦ តាមប្រព័ន្ធអនឡាញ ក្រោមអធិបតីភាពលោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ន.ម.ក. និងជាប្រធាននៃ ACMF ឆ្នាំ ២០២២ ក្រោមមូលបទ «ACMF បន្តដំណើរការនិរន្តរភាព ព្រមជាមួយនឹងការកសាងនូវបរិយាប័ន្ន និងលើកកម្ពស់ការងើបឡើងវិញ នៃសេដ្ឋកិច្ចពីការរីករាលដាលនៃជំងឺកូវីដ-១៩»

ACMF បានដាក់ចេញនូវគោលដៅសម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងធានាថាសមាជិក ACMF នឹងទទួលបានអត្ថប្រយោជន៍ពីការអភិវឌ្ឍទីផ្សារ និងជួយដល់ការងើបឡើងវិញ នៃសេដ្ឋកិច្ចពីផលប៉ះពាល់ ដោយសារការរីករាលដាលនៃជំងឺកូវីដ ១៩។

កិច្ចប្រជុំបានធ្វើការកត់សម្គាល់ពីការដាក់ឲ្យដំណើរការសំណៅទី១ នៃវត្តិករសាស្រ្តអាស៊ានសម្រាប់ហិរញ្ញវត្ថុនិរន្តរភាព (វត្តិករសាស្រ្តអាស៊ាន) នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយក្រុមប្រឹក្សាភិបាលវត្តិករសាស្រ្តអាស៊ាន។

ACMF រួមជាមួយនឹងសមាគមនិយ័តករធានារ៉ាប់រងអាស៊ាន, គណៈកម្មាធិការសមាហរណកម្មហិរញ្ញវត្ថុអាស៊ាន (SLC) និងគណៈកម្មាធិការអាស៊ានសម្រាប់ការអភិវឌ្ឍទីផ្សារមូលធន បានបង្កើតក្រុមប្រឹក្សាវត្តិករសាស្រ្តអាស៊ានក្នុងខែមីនា ឆ្នាំ២០២១។

បន្ទាប់ពីការផ្សព្វផ្សាយនូវវត្តិករសាស្រ្តអាស៊ានសំណៅទី១ ក្រុមប្រឹក្សាភិបាលវត្តិករសាស្រ្តអាស៊ាននឹងធ្វើការប្រឹក្សាយោបល់ ជាមួយភាគីពាក់ព័ន្ធមកពីវិស័យសាធារណៈ និងឯកជន ដើម្បីប្រមូលធាតុចូលបន្ថែម សម្រាប់ការអភិវឌ្ឍនូវសំណៅ បន្ទាប់នៃវត្តិករ-សាស្រ្តអាស៊ាន។

គិតត្រឹមចុងខែកុម្ភៈ ឆ្នាំ២០២២ សាច់ប្រាក់ចំនួន២២,៨ប៊ីលានដុល្លារអាមេរិក ត្រូវបានប្រមូលពីទីផ្សារតាមរយៈ ការបោះផ្សាយក្រោមក្របខណ្ឌនៃបទដ្ឋានសញ្ញាបណ្ណបៃតង សញ្ញាបណ្ណសង្គម និងសញ្ញាបណ្ណនិរន្តរភាពអាស៊ាន ដែលឯកសារទាំងអស់នេះ ត្រូវបានដាក់ឲ្យប្រើប្រាស់នៅក្នុងឆ្នាំ២០១៧ និងឆ្នាំ២០១៨។

ព្រមជាមួយគ្នានេះ ACMF បាន និងកំពុងបញ្ចប់ការអភិវឌ្ឍបទដ្ឋានសញ្ញាបណ្ណផ្សារភ្ជាប់ទៅនឹងនិរន្តរភាពរបស់អាស៊ាន និងបទដ្ឋានមូលនិធិនិរន្តរភាព និងភាពទទួលខុសត្រូវរបស់អាស៊ាន ដែលនឹងត្រូវអនុម័តក្នុងឆ្នាំ២០២២ នេះ។

ព្រមជាមួយគ្នានេះ វេទិកានិយ័តករមូលបត្រអាស៊ានក៏បានស្វាគមន៍ចំពោះវឌ្ឍនភាពនៃកម្មវិធីអភិវឌ្ឍទីផ្សារមូល-បត្រនៃ ACMF។ កិច្ចប្រជុំបានធ្វើការកត់សម្គាល់ពីភាពជោគជ័យនៃការរៀបចំកម្មវិធីបណ្តុះបណ្តាលស្តីពីហិរញ្ញវត្ថុនិរន្តរភាព ដែលបានរៀបចំឡើងនៅខែធ្នូ ឆ្នាំ២០២១ ដោយមានការចូលរួមពីមន្រ្តីជាន់ខ្ពស់នៃសមាជិក ACMF ជាង ៤០ រូប។

កម្មវិធីបណ្តុះបណ្តាលនេះជាកម្មវិធីដំបូងនៃកិច្ចសហប្រតិបត្តិការជាមួយកម្មវិធីប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ (Program on International Financial Systems-PIFS) នៃសាលា Harvard Law School ដោយមានការជួយគាំទ្រ ពីធនាគារអភិវឌ្ឍន៍អាស៊ី។ PIFS ក៏នឹងរៀបចំនូវវគ្គបណ្តុះបណ្តាលទី២ស្តីពីបច្ចេកវិទ្យាហិរញ្ញវត្ថុ និងគ្រីបតូ នៅក្នុងឆមាសទី១ ឆ្នាំ២០២២នេះ។

នៅក្នុងកិច្ចប្រជុំនេះ លោក ស៊ូ សុជាតិ បានគូសបញ្ជាក់ថា «ការលើកកម្ពស់បរិយាប័ន្ន គឺជាគោលដៅចម្បងរបស់ ន.ម.ក. ក្នុងនាមជាប្រធាន ACMF។ យើងចង់ឲ្យប្រាកដថាសមាជិកអាស៊ានទាំងអស់ អាចទទួលបានអត្ថប្រយោជន៍ពីការអភិវឌ្ឍ នៅក្នុងទីផ្សារមូលធន តាមរយៈការកសាងសមត្ថភាព និងការផ្លាស់ប្តូរព័ត៌មាន»

លោកបន្ដថា ការពង្រឹងសមត្ថភាព គឺជាការងារអាទិភាពគន្លឹះមួយ ក្នុងចំណោមការងារអាទិភាពគន្លឹះផ្សេងទៀត នៃផែនការសកម្មភាពរបស់ ACMF ឆ្នាំ២០២១-២០២៥ ដោយរួមបញ្ចូលផងដែរនូវការជំរុញកំណើន និងការស្តារឡើងវិញនៃសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព ដែលជាគោលដៅយុទ្ធសាស្ត្រ។

ចំពោះការងារពាក់ព័ន្ធនឹងការសម្របសម្រួលលើការងារតម្លាភាព និងការផ្លាស់ប្តូរព័ត៌មាន ACMF មានសេចក្តីរីករាយ ចំពោះវឌ្ឍនភាព នៃកិច្ចខិតខំប្រឹងប្រែង ក្នុងការបង្កើតមជ្ឈមណ្ឌលចំណេះដឹង ពាក់ព័ន្ធនឹងហិរញ្ញវត្ថុនិរន្តរភាព នៅលើគេហទំព័ររបស់ ACMF ក៏ដូចជាវឌ្ឍនភាពដ៏សំខាន់ ក្នុងការអភិវឌ្ឍឃ្លាំងឌីជីថលនៃគម្រោងវិនិយោគរួមអាស៊ាន (ASEAN CIS Digital Repository) ដែលនឹងក្លាយជាថា្នលឌីជីថលមួយក្នុងការជំរុញ និងផ្សព្វផ្សាយអំពីការបោះផ្សាយ មូលនិធិឆ្លងដែននៅក្នុងអាស៊ាន។

កិច្ចប្រជុំសំដែងនូវក្តីរីករាយចំពោះការរៀបចំ នូវកម្មវិធីពានរង្វាន់អាស៊ានសម្រាប់អភិបាលកិច្ចសាជីវកម្ម ដែលគ្រោងនឹងរៀបចំឡើងនៅក្នុងខែកញ្ញា ឆ្នាំ២០២២ ខាងមុខ។

កិច្ចប្រជុំបានកោតសរសើរចំពោះវឌ្ឍភាពនៃការងារពាក់ព័ន្ធនឹងការ-វាយតម្លៃអភិបាលកិច្ចសាជីវកម្មដូចដែលបានពិភាក្សា និងព្រមព្រៀងក្នុងកិច្ចប្រជុំលើកទី៣៦ នេះ និងកិច្ចខិតខំប្រឹងប្រែងរបស់ ACMF លើការពង្រឹងនូវការអនុវត្តការវាយតម្លៃ អភិបាលកិច្ចសាជីវកម្មតាមរយៈការរៀបចំនូវលក្ខខណ្ឌគុណវុឌ្ឍិចាំបាច់នានា។

ACMF បានថ្លែងអំណរគុណដល់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចំពោះការផ្តល់ការគាំទ្រជាបន្តបន្ទាប់ជាជំនួយបច្ចេកទេស ក៏ដូចជាអ្នកជំនាញ ដល់ ACMF ដើម្បីជំរុញការអភិវឌ្ឍទីផ្សារមូលធនក្នុងតំបន់អាស៊ាន។

ACMF បានថ្លែងអំណរគុណដល់វិទ្យាស្ថានហិរញ្ញវត្ថុនិរន្តរភាពអាស៊ី (SFIA) និងក្រុមការងារក្រុមប្រឹក្សាឧស្សា-ហកម្ម ក្រោមក្របខណ្ឌក្រុមការងារហិរញ្ញវត្ថុនិរន្តរភាពរួម ចំពោះការគាំទ្រជាបន្តបន្ទាប់ និងកិច្ចខិតខំប្រឹងប្រែង ក្នុងការអភិវឌ្ឍទីផ្សារមូលធននិរន្តរភាពរបស់អាស៊ាន។

កិច្ចប្រជុំ ACMF នេះ មានសមាសភាពចូលរួមពីប្រមុខដឹកនាំនៃនិយ័តករមូលបត្រទាំង ១០ ប្រទេស ដែលជាសមាជិក ACMF ធនាគារអភិវឌ្ឍន៍អាស៊ី លេខាធិការដ្ឋានអាស៊ាន និងវិទ្យាស្ថានហិរញ្ញវត្ថុនិរន្តរភាពអាស៊ី សរុបចំនួន ១១៣ រូប។

កិច្ចប្រជុំនេះ បានបញ្ចប់ទៅប្រកបដោយភាពរលូន និងផ្លែផ្កាខ្ពស់ ជាមួយនឹងការប្តេជ្ញារួមគ្នាឆ្ពោះទៅកាន់និរន្តរភាព បរិយាប័ន្ន និងការងើបឡើងវិញនៃទីផ្សារមូលធនអាស៊ាន៕