(កំពត)៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានក្រុងបូកគោ បានថ្លែងថា ប៉មចម្រោះទឹកស្អាតដែលផ្តល់ដោយមូលនិធិកូកា-កូឡា នៃក្រុមហ៊ុនភេសជ្ជៈកូកា កូឡាកម្ពុជា បានចូលរួមផលិតទឹកស្អាតប្រកបដោយគុណភាពសម្រាប់សិស្សានុសិស្សនៃវិទ្យាល័យ ហ៊ុន សែន ព្រែកត្នោត និងប្រជាពលរដ្ឋនៅជុំវិញតំបន់នោះប្រើប្រាស់សម្រាប់ពិសាដោយឥតគិតថ្លៃ និងបានចូលរួមក្នុង ការសន្សំសំចៃថវិការបស់សិស្សានុសិស្សលើការទិញទឹក និងថែមទាំងបានចូលរួមកាត់បន្ថយសំណល់ប្លាស្ទិកពីការប្រើប្រាស់ទឹកដបប្លាស្ទិក ធ្វើឱ្យសាលារៀន និងសហគមន៍មានបរិស្ថាន និងអានម័យល្អ។

ការថ្លែងបែបនេះរបស់លោក នេត្រ ភក្ត្រា បានធ្វើឡើងនៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ នេះក្នុងពិធីប្រគល់ទទួលប៉មចម្រោះទឹកស្អាតដែលមូលនិធិកូកា-កូឡាប្រគល់ជូនសាលាវិទ្យាល័យ ហ៊ុន សែន ព្រែកត្នោត ក្នុងសង្កាត់ព្រែកត្នោត ក្រុងបូកគោ តាមរយៈក្រសួងបរិស្ថាន។ ពិធីប្រគល់ទទួលប៉មចម្រោះទឹកស្អាតក៏មានការអញ្ជើញចូលរួមពីលោកស្រី ងិន ផលរ័ត្ន អភិបាលនៃអភិបាលក្រុងបូកគោ និងតំណាងក្រុមហ៊ុនកូកា-កូឡា និងសិស្សានុសិស្ស។

នាឱកាសនោះដែរ លោករដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងអំណរគុណ ចំពោះមូលនិធិកូកា-កូឡា នៃក្រុមហ៊ុនភេសជ្ជៈកូកាកូឡាកម្ពុជា ដែលបានចូលរួមជាមួយក្រសួងបរិស្ថាន ក្នុងការផ្តល់ឧបករណ៍ចម្រោះទឹកស្អាត សម្រាប់ពិសាជូនដល់សិស្សានុសិស្សនៅតាមសាលានានា និងចូលរួមជាមួយក្រសួងបរិស្ថានក្នុងការអប់រំបរិស្ថាន និងផ្តល់នូវដំណោះស្រាយផ្សេងៗក្នុងការគ្រប់ គ្រងសំណល់រឹងសំរាមជាពិសេសសំណល់ប្លាស្ទិកជាដើម។

លោក នេត្រ ភក្ត្រា បានបន្តថា ការផ្តល់ឧបករណ៍ចម្រោះទឹកស្អាតនេះបានចូលរួមចំណែកជួយលើកកម្ពស់សុខុមាល ភាពសិស្សានុសិស្សឱ្យកាន់តែប្រសើរ ព្រោះទឹកជាជីវិត និងមនុស្សម្នាក់ៗមានតម្រូវការទឹកជាចាំបាច់ សម្រាប់ការរស់នៅប្រចាំថ្ងៃ។ ប៉មចម្រោះទឹកស្អាតដែលផ្តល់ជូនវិទ្យាល័យ ហ៊ុន សែន ព្រែកត្នោតនេះ គឺជាប៉មចម្រោះទី២ របស់ក្រុមហ៊ុន ដែលត្រូវបានដំឡើងនៅឆ្នាំ ២០២២ នេះ ហើយជាប៉មចម្រោះទឹកស្អាតទី៣៣ ដែលត្រូវបានដំឡើងឱ្យប្រើប្រាស់នៅតាមសាលារៀននានាក្នុងប្រទេសកម្ពុជា។

ប៉មចម្រោះទឹកស្អាត AQUATOWER គឺជាប្រព័ន្ធចម្រោះទឹកស្អាត ដែលត្រូវបានដំឡើងរួមជាមួយនឹង AquaSan ដែលជាប្រព័ន្ធលាងសម្អាតបន្ទប់ទឹកដែលនឹងផ្តល់អត្ថប្រយោជន៍ដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ព្រមទាំងប្រជាសហគមន៍ប្រមាណ ៣០០នាក់ នៅទីនេះ។ បើទោះជាការប្រគល់ប៉មចម្រោះទឹកស្អាតនេះ អាចជាការបង្ហាញពីការបញ្ចប់គម្រោងក៏ដោយ ក៏ការប្តេជ្ញាចិត្តរបស់យើងមិនបញ្ឈប់ត្រឹមការតំឡើងប៉មនេះដែរ យើងនឹងបន្តគាំទ្រ និងសហការយ៉ាងពេញទំហឹងជាមួយមូលនិធិ Planet Water ក្នុងការអនុវត្តកម្មវិធីអប់រំសុខភាព ការប្រើប្រាស់ទឹកស្អាតប្រកបដោយប្រសិទ្ធភាព ការថែរក្សាអនាម័យបរិស្ថាន ការអប់រំ បណ្តុះបណ្តាលប្រជាសហគមន៍អំពីការថែរក្សាការពារប៉មចម្រោះទឹកនេះ រួមទាំងការធ្វើតំហែទាំរយៈពេល ៥ឆ្នាំ ក្រោយការដំឡើង។

កញ្ញា ហៀង ច័ន្ទសុនាង នាយិការប្រចាំប្រទេសផ្នែកច្បាប់ នៃក្រុមហ៊ុនកូកា-កូឡាកម្ពុជា បានថ្លែងថា សម្រាប់ក្រុមហ៊ុនកូកា-កូឡា បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) គឺជាចក្ខុវិស័យរបស់យើងដែលបានផ្សាភ្ជាប់ទៅនឹងរបៀបដែលយើងប្រតិបត្តិការអាជីវកម្ម។ កត្តាប្រាក់ចំណេញមានសារៈសំខាន់ ប៉ុន្តែមិនមែនមានតែកត្តានេះតែមួយមុខទេ។ កត្តាធនធានមនុស្ស និងការយកចិត្តទុកដាក់ទៅលើភពផែនដីរិតតែសំខាន់។ ហើយនោះហើយជាមូលហេតុដែលគំនិតផ្តួចផ្តើម ESG របស់យើងគឺផ្តោតលើការបង្កើតអាជីវកម្មប្រកបដោយចីរភាព និងផ្តល់នូវអនាគតរួមគ្នាកាន់តែប្រសើរ ដោយបង្កើតភាពខុសគ្នាជាវិជ្ជមានក្នុងការរស់នៅរបស់ប្រជាជន សហគមន៍ និងភពផែនដីរបស់យើង។ ចក្ខុវិស័យនេះបង្កើតអោយមានសសរស្តម្ភធំៗចំនួន៥រួមមាន៖ ពិភពលោកគ្មានសំរាម ការផ្តល់ទឹកដល់សហគមន៍ ការលើកកម្ពស់ស្រ្តី អាកាសធាតុ និងសុខុមាលភាពសហគមន៍។

កញ្ញាបានថ្លែងថា ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ មូលនិធិកូកា-កូឡា បានពង្រីកភាពជាដៃគូរបស់យើងជាមួយមូលនិធិ Planet Water ដែលរហូតមកទល់ពេលនេះក្រុមហ៊ុនបានដំឡើងប៉មចម្រោះទឹកស្អាត Aqua Towers និងម៉ាស៊ីនលាងសម្អាតបន្ទប់ទឹកAquaSan បានចំនួន ៣៣កន្លែងសម្រាប់ប្រជាជនជាង ៥៥,០០០នាក់ ប្រើប្រាស់ ដែលក្នុងនោះ គឺជាសហគមន៍ស្ថិតនៅទីតាំងក្នុងខេត្តទាំង១៧ ជាទីជនបទដាច់ស្រយាល និងខ្វះខាតទឹក។ នៅឆ្នាំនេះក្រុមហ៊ុនមានផែនការដំឡើងប៉មចម្រោះទឹកនិងម៉ាស៊ីនលាងសម្អាតបន្ទប់ទឹកចំនួន៨ទៀត នៅតំបន់ដែលខ្វះខាតទឹកស្អាតប្រើប្រាស់។ ជាមួយនឹងការដំឡើង៨កន្លែងបន្ថែម គម្រោងទឹកស្អាតកូកា-កូឡា នឹងបម្រើជាប្រយោជន៍ដល់សហគមន៍តូចៗដែលមានក្នុង ២៥ខេត្តក្រុង នៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះដែរ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអំពាវនាវ ដល់សិស្សានុសិស្ស និងថ្នាក់ដឹកនាំសាលាត្រូវចូលរួមថែរក្សាឧបករណ៍ចម្រោះទឹកស្អាតនេះដើម្បីអាចប្រើប្រាស់សម្រាប់ ពេលយូរអង្វែង និងសម្រាប់សិស្សានុសិស្សជំនាន់ក្រោយទៀត៕