(កែប)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញសម្ពោធឆ្លងមហាកុដិថ្មី និងសមិទ្ធផលនានា ក្នុងវត្តកំពង់ត្រទ្បាច ស្ថិតក្នុងភូមិកំពង់ត្រទ្បាច សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២។

ជាដំបូង ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សូមចូលរួមអបអរសារទចំពោះការសម្ពោធសមិទ្ធផលថ្មីៗក្នុងវត្តកំពង់ត្រឡាច ដែលមានការកសាងអភិវឌ្ឍរីកចម្រើនជាលំដាប់ ចាប់តាំងពីក្រោយរបបប៉ុលពតមក ដោយសមិទ្ធផលទាំងនេះ បានកើតឡើងពីសាមគ្គីភាពរបស់ពុទ្ធបរិស័ទ្ទគ្រប់មជ្ឈដ្ឋាន ជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ ដើម្បីធ្វើបុណ្យទានទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា។

ទន្ទឹមនឹងនេះ លោកក៏សូមចូលរួមអបអរសាទរចំពោះខេត្តកែប ដែលត្រូវបានប្រកាសជាខេត្តដំបូងគេ ដែលអស់គ្រាប់មីន ដែលនេះជាមោទនភាពសម្រាប់ជាតិ ប្រជាជនទាំងអស់ និងជានិមិត្តរូបនៃការរស់ទ្បើងវិញប្រកបដោយ សុខសន្តិភាពពេញលេញ និងភាពសុខដុមរមនា អស់ការភ័យខ្លាចដែលបង្កទ្បើងដោយសារសង្គ្រាម និងផលវិបាកដែលបន្សល់ទុកដោយសង្គ្រាម។

ក្រៅពីនេះ ខេត្តកែបក៏មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ព្រមទាំងទទួលបាននូវជ័យលាភីជាច្រើនខាងផ្នែកសោភ័ណភាពបរិស្ថាន និងទេសចរណ៍ទាំងថ្នាក់ជាតិ និងថ្នាក់តំបន់គួរជាទីមោទនៈ ដែលជាសក្ខីភាពនៃកិច្ច ខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងថា «សម្តេចតេជោ នាយករដ្ឋមន្ត្រី បានដឹកនាំប្រទេសជាតិក្នុងរយៈកាលកន្លងមកនេះប្រកបដោយការលះបង់ និងការប្តេជ្ញាចិត្តខ្ពស់ រួមជាមួយនឹងការទទួលខុសត្រូវសម្រេចអារកាត់ គ្រប់កាលៈទេសៈ ទាំងក្នុងស្ថានការណ៍គ្រោះថ្នាក់ និងការកំណត់ទិសដៅដើម្បីអភិវឌ្ឍជាតិ រហូតទទួលបាននូវជំនឿទុកចិត្ត និងការគាំទ្រពីសំណាក់ប្រជាពលដ្ឋគ្រប់មជ្ឈដ្ឋាន។ ហើយដែលថ្មីៗនេះ កម្ពុជាទទួលបានជោគជ័យ គួរជាទីមោទនៈលើសមរភូមិប្រយុទ្ធនឹងជំងឺកូវីដ១៩ ក្រោមការដឹកនាំប្រកបដោយយុទ្ធសាស្ត្រប្រាកដនិយម និងការប្រកាន់ខ្ជាប់នូវគោលការណ៍មនុស្សធម៌ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ជាពិសេសការចូលរួមដ៏ក្លៀវក្លា ស្មោះត្រង់ និងប្រកបដោយការជឿទុកចិត្ត របស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ រួមគ្នាជាមហាកម្លាំងសាមគ្គីជាតិនៅចំពោះមុខស្ថានការណ៍វិបត្តិដ៏គ្រោះថ្នាក់នេះ»

លោកសូមអរគុណប្រជាពលរដ្ឋក្នុងខេត្តកែប ដែលតែងជឿទុកចិត្ត និងគាំទ្រឥតងាករេចំពោះ សម្តេចតេជោ និងក៏សូមបន្តការសម្រេចចិត្តដ៏ត្រឹមត្រូវបែបនេះតទៅមុខទៀត ដើម្បីភាពសុខសាន្ត និងការបន្តអភិវឌ្ឍរីកចម្រើនរុងរឿងរបស់ប្រទេសជាតិយើង៕