(កំពង់ឆ្នាំង)៖ គ្រឿងចក្រ៣គ្រឿង កំពុងធ្វើសកម្មភាពឈូសកកាយជីកស្រះក្នុងបឹងរាំងតូច ជាបឹងធម្មជាតិគ្រប់គ្រងដោយសហគមន៍ព្រែកសាលា។ បឹងនេះស្ថិតនៅជាប់ព្រំប្រទល់ឃុំអណ្ដូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ត្រូវបានក្រុមហ៊ុនមួយ យកគ្រឿងចក្រចូលជីកកកាយដោយពួកគេបានអះអាងថា ស្តារបាតបឹងធម្មជាតិរបស់មូលនិធិឃុំអណ្ដូងស្នាយ។

នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ក្រោយពីប្រជាសហគមភូមិព្រែកសាលា បានរាយការណ៍ឲ្យក្រុមអ្នកសារព័ត៌មានរួចមក ក្រុមអ្នកសារព័ត៌មានក៏បានរាយការណ៍ជូនលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង លោកប្រធានមន្ទីរធនធានទឹក និងលោកអភិបាលរងស្រុកស្ដីទីភ្លាមៗដែរ ដើម្បីធ្វើការទប់ស្កាត់ និងរកឯកសារច្បាប់ពាក់ព័ន្ធ។

លោក សុខ ផាត ប្រធានសមាគមនេសាទភូមិព្រែកសាលា ឃុំទឹកហូត បាននិយាយឲ្យដឹងថា បឹងនេះឈ្មោះបឹងរាំងតូចបឹងនេះដែរ ស្ថិតនៅក្នុងដែនសហគមន៍នេសាទភូមិព្រែកសាលា គ្រប់គ្រងតាំងពីឆ្នាំ២០០៧ មានទាំងផែនទី ដែលបានប្រគល់ឲ្យសហគមន៍ជាអ្នកគ្រប់គ្រង បន្សល់ទុកជាភស្តុតាងទៀតផង។ ប៉ុន្តែនៅពេលនេះគ្រឿងចក្រ៣គ្រឿងរបស់លោក សុខ ហាន បានជីកកកាយដីបឹងរាំងតូចខាងលើនេះ រយះពេល៤ថ្ងៃមកហើយអស់ ប្រមាណជា១ហិកតា ក្នុងរូបភាពជីកធ្វើជាស្រះ។

លោកបានបញ្ជាក់បន្ថែមថា នៅក្នុងភូមិព្រែកសាលា ដីគ្រប់គ្រងដោយសហគមន៍មានចំនួន៦៧០ហិកតា ត្រូវបានក្រសួងមហាផ្ទៃប្រគល់ឱ្យគ្រប់គ្រងតាំងពីឆ្នាំ២០០៧មក បច្ចុប្បន្នដីដែលគ្រប់គ្រងដោយសហគមន៍ខាងលើនេះ នៅសល់មិនបាន២០ភាគរយទេគឺក្លាយជាកម្មសិទ្ធិឯកជនអស់ហើយ។

លោកថា សហគមន៍លោកចាត់តាំងដោយអាជ្ញាធរខេត្ត និងមានការទទួលស្គាល់ពីក្រសួងមហាផ្ទៃ ទាំងរូបលោកជាប្រធានសហគមន៍ ទាំងប្រជាសហគមន៍ ខិតខំការពារថែរក្សាដីរបស់សហគមន៍តាំងតែពីដើមមក តែនូវពេលអាជ្ញាធរគេចង់ធ្វើអី ឬគេចង់ចាត់ចែងដីទៅខាងណា ក៏គេពុំដែលមកសហការជាមួយនឹងលោក ដែលជាប្រធានសហគមន៍ម្តងណាទេ បច្ចុប្បន្ននេះដីរបស់សហគមន៍ចំនួន៦៧០ហិកតានៅសល់មិនបាន២០ភាគរយនោះទេ ដោយសារតែអាជ្ញាធរមិនសហការ និងមិនបានផ្ដល់តម្លៃឲ្យលោកជាប្រធានសហគមន៍។ លោកនឹងធ្វើលិខិតលាលែងជាប្រធានសហគមន៍ក្នុងពេលដ៏ឆាប់ខាងមុខនេះ។

លោកបានបញ្ជាក់ទៀតថា ដីបឹងដែលគេកំពុងតែជីកកកាយនោះ គឺនៅក្បែរៗគ្នា មានបឹងជាច្រើនមានដូចជា បឹងកន្ទួតសម្រាស់ បឹងឆ្តោរ និងបឹងរាំងធំ បើមិនមានការទប់ស្កាត់ឲ្យបានទាន់ពេលវេលាទេនោះ បឹងទាំងអស់នេះ នឹងក្លាយជារបស់ឯកជនជាក់ជាមិនខានឡើយ ដូច្នេះរូបលោកក៏ដូចជាប្រជាពលរដ្ឋនៅក្នុងសហគមន៍ទាំងអស់សំណូមពរដល់មន្ត្រីជំនាញ និងមន្ទីរពាក់ព័ន្ធ ជាពិសេសលោកអភិបាលខេត្ត មេត្តាជួយទប់ស្កាត់ ដើម្បីជួយសង្គ្រោះបឹងធម្មជា តិដែលនៅសេសសល់បន្តិចបន្តួចខាងលើនេះ សម្រាប់ជាប្រយោជន៍ដល់ប្រជាសហគមន៍របស់ពួកយើងខ្ញុំដោយក្តីអនុគ្រោះផង។

ករណីខាងលើនេះលោក សុខ សារ៉េត មេឃុំអណ្ដូងស្នាយ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងតាមទូរស័ព្ទដែរថា ការស្ដារបឹងធម្មជាតិនេះគឺលោកសុំស្ដារបឹងរបស់សហគមន៍ ដោយប្រើមូលនិធិឃុំហើយក៏មានច្បាប់ ត្រឹមត្រូវទាំងអស់ផងដែរ។

លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម បានប្រាប់តាមទូរស័ព្ទឲ្យដឹងថា ករណីខាងលើនេះ លោកបានទទួលព័ត៌មាននេះហើយ ហើយកាលពីថ្ងៃទី១៦ ខែមីនា លោកបានឲ្យមន្ត្រីផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ ចុះឃាត់ម្ដងហើយ ហេតុអីគេនៅតែបន្តធ្វើទៀត ហើយលោកក៏មិនបានអនុញ្ញាតច្បាប់ឲ្យគេស្ដារបឹងមួយនេះដែរ។

ករណីនេះ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម ក៏បានប្រតិកម្មថា ទោះបីសុំស្ដារបឹងប្រើមូលនិធិឃុំក៏ដោយ ក៏ត្រូវតែសុំច្បាប់ និងមានការសហការពីមន្ទីរជំនាញដើម្បីចុះពិនិត្យពីផលប៉ះពាល់ផងដែរ មិនត្រូវធ្វើអីៗដឹងឮត្រឹមតែមេឃុំនោះទេ។ ករណីនេះ លោកនឹងចាត់តាំងឲ្យមន្ត្រីជំនាញជលផល ចុះទៅទប់ស្កាត់ហាមឃាត់គ្រឿងចក្រនេះមួយរយៈសិន ដើម្បីត្រួតពិនិត្យមើលឯកសារផ្លូវច្បាប់។

លោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានប្រាប់បណ្ដាញព័ត៌មាន Fresh News តាមទូរស័ព្ទឱ្យដឹងនៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ថា លោកមិនបានអនុញ្ញាតឲ្យគេស្តារបឹងនេះទេ។ ករណីនេះលោកនឹងសួរទៅមន្ត្រីរបស់លោកសិនថា តើបានដឹងរឿងនេះដែរឬទេ? ចំពោះលោក សេង វិចិត្រ អភិបាលរងស្ដីទីស្រុករលាប្អៀរ ក៏បានប្រាប់បណ្ដាញព័ត៌មាន Fresh News តាមទូរស័ព្ទដែរថា លោកក៏មិនបានដឹងថា អ្នកណាអនុញ្ញាតច្បាប់សុំស្តារបឹងនៅចំណុចខាងលើនេះដែរ។ លោកថា ដោយសារតែលោកឥឡូវនេះមានបេសកកម្មនៅខេត្តស្ទឹងត្រែងឯណោះ៕