(ភ្នំពេញ)៖ លោក Michael Lambert នាយកផ្នែកក្រដាសប្រាក់ធនាគារក្នុងក្រុមប្រឹក្សាភិបាល នៃប្រព័ន្ធរូបិយវត្ថុបំរុងរបស់សហរដ្ឋអាមេរិក នឹងធ្វើទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី៩-១០ ខែឧសភា ឆ្នាំ២០១៦ ខាងមុខនេះ ដើម្បីផ្សព្វផ្សាយពន្យល់អំពីលក្ខណៈខុសគ្នារវាងលុយ ដុល្លារពិត និងលុយដុល្លារក្លែងក្លាយ។
តាមសេចក្តីប្រកាសរបស់ស្ថានទូតអាមេរិកនៅកម្ពុជា បានឱ្យដឹងថា លោក Lambert នឹងបទបង្ហាញអំពីរឿងនេះ ទៅកាន់អ្នកសារព័ត៌មាន នៅថ្ងៃអង្គារទី១០ ខែឧសភា វេលាម៉ោង ៩:០០ព្រឹកនៅស្ថានទូតអាមេរិកក្នុងរាជធានីភ្នំពេញ។
សេចក្តីប្រកាសបានបញ្ជាក់ថា «នៅពេលបច្ចុប្បន្ននេះមានរូបិយវត្ថុអាមេរិក ចំនួន ១,៤លានលានដុល្លារកំពុងធ្វើចរាចរ ហើយក្រុមប្រឹក្សាភិបាលរូប៉ិយវត្ថុ បំរុងសហព័ន្ធប៉ាន់ប្រមាណឃើញថា ក្នុងចំនួនចន្លោះពីពាក់កណ្តាលទៅ ២ភាគ ៣នៃតំលៃរូបិយវត្ថុទាំងអស់របស់ សហរដ្ឋអាមេរិក ធ្វើចរាចរនៅក្រៅសហរដ្ឋអាមេរិក»។
សេចក្តីប្រកាសក៏បានបញ្ជាក់ទៀតថា «ដើម្បីធានាថាអ្នកប្រើប្រាស់និងក្រុមហ៊ុននៅជុំវិញពិភពលោកដឹងវិធីសំគាល់ប្រាក់ដុល្លារពិតប្រាកដ ហើយរាយការណ៍ពីប្រាក់ដុល្លារដែលសង្ស័យថាក្លែងក្លាយ កម្មវិធីអប់រំស្តីពីរូប៉ិយវត្ថុសហរដ្ឋអាមេរិក របស់ក្រុមប្រឹក្សាភិបាលសហព័ន្ធ ស្តីពីរូបិយវត្ថុបំរុងធ្វើការចុះអប់រំជាអន្តរជាតិ។ ចំពោះព័ត៌មានបន្ថែមស្តីពីកម្មវិធីអប់រំស្តីពីរូប៉ិយវត្ថុ សហរដ្ឋអាមេរិកសូមចូលមើលគេហទំព័រ https://uscurrency.gov/»។
សម្រាប់អ្នកសារព័ត៌មានដែលមានបំណងចូលរួមនៅក្នុងពិធីបទបង្ហាញនេះនេះ ត្រូវចុះឈ្មោះជាមួយផ្នែកកិច្ចការសាធារណៈរបស់ស្ថានទូត អាមេរិកតាមទូរស័ព្ទលេខ ០២៣ ៧២៨ ២៥៨ ឬផ្ញើអ៊ីម៉េលមក [email protected] ត្រឹមថ្ងៃចន្ទទី ៩ ខែឧសភាវេលាម៉ោង ១០ព្រឹក៕