(ភ្នំពេញ)៖ រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកសាស្ដ្រចារ្យ ធា គ្រុយ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៦នេះ បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋ មន្ដ្រីគ្រប់ស្ថាប័នទាំងអស់ រួមទាំងគ្រូពេទ្យផងដែរ ត្រូវតែប្រុងប្រយ័ត្នខ្ពស់គ្រប់ពេលវេលា ពិសេស ពេលមើលថែ ឬសួរសុខទុក្ខអ្នកជំងឺ នៅតាមមន្ទីរពេទ្យរដ្ឋ និងឯកជន ព្រោះការពារការចម្លងជំងឺផ្សេងៗមកលើខ្លួន និងចម្លងទៅអ្នកដទៃទៀត។
លោកសាស្ដ្រាចារ្យ បានលើកឡើងក្នុងទិវាអនាម័យដៃ នៅទីស្ដីការក្រសួងបន្ថែមទៀតថា ការលាងដៃពិតណាស់ វាមានសារៈសំខាន់បំផុត សម្រាប់ជួយសង្គ្រោះជីវិតរបស់យើង ដោយមិនដឹងខ្លួន ដូច្នេះក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធមួយចំនួន បានសហការគ្នា ធ្វើសារចែកជូនប្រជាពលរដ្ឋ តាមរយៈឃ្លីបវីដេអូ ការអប់រំតាមសាលារៀនរដ្ឋ និងឯកជន និងបិទលិខិតប័ណ្ណណែនាំជាច្រើន នៅតាមមន្ទីរពេទ្យ និងទីសាធារណៈ រួមទាំងតាមប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ដើម្បីបញ្ជៀបការយល់ដឹងពីការបង្ការជំងឺដ៏សាហាវជាច្រើនតាមរយៈការមិនលាងដៃ និងលាងមិនបានស្អាតត្រឹមត្រូវ។
លោកសាស្ដ្រាចារ្យ បន្ដទៀត «អ្វីដែលសំខាន់ជាងនេះទៀតទៀតគឺ ការទៅសួរទុក្ខអ្នកជំងឺនៅតាមបណ្ដាមន្ទីរពេទ្យទាំងអស់ បើអាចជៀសបាន សូមកុំយកក្មេងតូចៗទៅជាមួយឲ្យសោះ ព្រោះកុមារងាយឆ្លងនូវជំងឺណាស់ ហើយបើមកពីសួរសុខទុក្ខ ហើយសូមសំអាតដៃឲ្យស្អាតល្អ តាមការណែនាំរបស់គ្រូពេទ្យផងដែរ ដើម្បីឲ្យច្បាស់ថា ដៃយើងបានលាងស្អាត១០០%»។
លោកសាស្រ្ដាចារ្យ បន្ថែមទៀតថា ដើម្បីលាងដៃឲ្យមានសុវត្ថិភាព និងស្អាត១០០% ជាមួយសាប៊ូ អាគុល ឬផេះ កុំឲ្យមេរោគនៅជាប់ដៃនោះ មាន៦របៀប គឺ ទី១-ដុសបាតដៃនិងបាតដៃ, ទី២-ដុសបាតដៃ លើខ្នងដៃ ឆ្វេងស្ដំាម្ដងម្នាក់ ដោយម្រាមដៃឆ្លាស់គ្នា, ទី៣-ដុសប្រអប់ដៃ លើប្រអប់ដៃ ដោយម្រាមដៃឆ្លាស់គ្នា ,ទី៤-ដុសខ្នងម្រាមដៃ និងប្រអប់ដៃ ឆ្វេងស្ដាំម្ដងម្នាក់ ដោយម្រាមដៃចាក់ស្រេះគ្នា ,ទី៥-ក្ដាប់ប្រអប់ដៃលើមេដៃ ហើយបង្វិល ឆ្វេងស្ដាំម្ដងម្នាក់ ,ទី៦-បង្វិលដុសចុងម្រាមដៃលើប្រអប់ដៃ ឆ្វេងស្ដាំម្ដងម្នាក់។
គួរបញ្ជាក់ថា ក្រសួងសុខាភិបាលបា្ររព្ធ ទិវាអនាម័យដៃនេះ ជាលើកទី៦ហើយ ដែលរៀបចំដោយនាយកដ្ឋានមន្ទីរពេទ្យ/ក្រសួងសុខាភិបាល និងសហការជាមួយអង្គការសុខភាពពិភពលោក រួមទាំងដៃគូពាក់ព័ន្ធផងដែរ ដើម្បីបញ្ជ្រៀបនូវសារៈប្រយោជន៍នៃការលាងដៃ សម្រាប់ការពារ និងជួយសង្គ្រោះជីវិតមនុស្សដោយមិនដឹងខ្លួន៕