(ភ្នំពេញ)៖ រោងចក្រចម្រាញ់ប្រេងកាត ដែលមានសមត្ថភាពផលិត ៥លានតោនក្នុង ១ឆ្នាំ (ដំណាក់កាលទី១) ដែលមានតម្លៃ ៦២០លានដុល្លារអាមេរិក នឹងត្រូវបង្ហាញរូបរាងនៅកម្ពុជាឡើងវិញ នៅចុងឆ្នាំ២០១៨ខាងមុខនេះ បន្ទាប់ពីអវត្តមានជិតកន្លះសត្សវត្សរ៍។
ពិធីចុះហត្ថលេខាលើកិច្ចសន្យាការងារលទ្ឋកម្ម និងសាងសង់រោងចក្រនេះ បានធ្វើឡើងរវាងក្រុមហ៊ុន Cambodian Petrochemical Co.,Ltd . និងក្រុមហ៊ុន CNPC Northeast Refining and Chemical Engineering Co.,Ltd ក្រោមអធិបតីភាព លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល នាល្ងាចថ្ងៃទី០៤ ខែឧសភា ឆ្នាំ ២០១៦ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញភូគីត្រា។
លោកឧកញ៉ា ហាន់ ឃៀង អគ្គនាយកប្រតិបិត្តក្រុមហ៊ុន Cambodian Petrochemical Co.,Ltd បានថ្លែងថា នៅខែធ្នូ ឆ្នាំ២០១២ ក្រុមហ៊ុនបានទទួលអាជ្ញាបណ្ណពីរាជរដ្ឋាភិបាល ដើម្បីសាងសង់រោងចក្រចម្រាញ់ប្រេងកាតនៅខេត្តព្រះសីហនុ ដែលនឹងត្រូវប្រើទុនវិនិយោគប្រមាណ ៣ ពាន់លានដុល្លារ មានសមត្ថភាពផលិត៥លានតោនក្នុង១ឆ្នាំ។ លោកបន្តថា «ថ្ងៃនេះយើងបានក្រុមហ៊ុនបានសម្រេចជ្រើសតាំងក្រុមហ៊ុន CNPC Northeast Refining & Chemical Engineering មកពីមកពីប្រទេសចិន ឲ្យទទួលអនុវត្តការងារលទ្ឋកម្ម និងសាងសង់រោងចក្រ ចម្រាញ់ប្រេងកាតដំណាក់ទី១ នេះ»។
លោក ស៊ុយ សែម បានថ្លែងថា សម្រាប់អាណត្តិថ្មីនេះ ក្រសួងរ៉ែ និងថាមពល មានបេសកកម្មយ៉ាងធំធេងក្នុងការបង្កើតរបត់ថ្មីមួយយ៉ាងសំខាន់ ក្នុងវិស័យសេដ្ឋកិច្ច និងអភិវឌ្ឍសង្គមតាមរយៈជំរុញការប្រើប្រាស់ឲ្យអស់លទ្ឋភាព នៃសក្តានុពលរបស់វិស័យឧស្សាហកម្មនិស្សារណកម្ម ដូចជាការធ្វើអាជីវកម្ម ផលិតកម្មរ៉ែ ប្រេងកាត និងឧស្ម័ន ការពូតផ្តុំកំលាំគ្នារវាងវិស័យថាមពល រ៉ែ ប្រេងកាត និងឧស្ម័ន ព្រមទាំងការអភិវឌ្ឍ វិស័យអគ្គិសនីជនបទ ការជំរុញពិពិធកម្ម ប្រភពថាមពល និងការពង្រីកវិសាលភាពគ្របដណ្តប់ នៃសេវាផ្គត់ផ្គង់អគ្គិសនីមានតម្លៃសមរម្យ បានដល់ប្រជាជន។
លោកបន្តថា «ប្រេងឥន្ឋនៈគឺជាកូនសោរគន្លឹះ ដើម្បីសម្រេចបាននូវការអភិវឌ្ឍសេដ្ឋកិច្ចលើគ្រប់វិស័យ យើងបានបើកចំហរអនុញ្ញាតឲ្យផ្នែកឯកជនក្នុង និងក្រៅប្រទេស ក៏ដូចជាដៃគូអភិវឌ្ឍនានាចូលរួមវិនិយោគ និងធ្វើអាជីវកម្មក្នុងការផលិត ការចម្រាញ់ ការនាំចូល ការស្តុក ការដឹកជញ្ជូន និងការលក់ចែកចាយជាដើម ដើម្បីធានានូវការផ្គត់ផ្គង់ប្រេង និហឧស្ម័នឥន្ឋនៈគ្រប់គ្រាន់ដល់អ្នកប្រើប្រាស់ និងការអភិវឌ្ឍវិស័យផ្សេងៗទៀត»។
សូមរំឭកថា នៅអំឡុងទសវត្សរ៍៦០ ប្រទេសកម្ពុជា ធ្លាប់មានរោងចក្រចម្រាញ់ប្រេងកាតមួយនៅតំបន់ស្ទឹងហាវ ក្រុងព្រះសីហនុ។ រោងចក្រនោះ បានបើកដំណើរការនៅឆ្នាំ១៩៦៨ ប៉ុន្តែជាអកុសលនៅឆ្នាំ១៩៧១ រោងចក្រ ត្រូវបានផ្អាកដំណើរការវិញ ដោយសារសង្គ្រាមធ្វើឱ្យខូចខាតទាំងស្រុង។ តាំងពីនោះ រហូតដល់ពេលបច្ចុប្បន្ន កម្ពុជាមិនទាន់មានរោងចក្រចម្រាញ់ប្រេងផ្ទាល់ខ្លួននៅឡើយទេ ហើយកម្ពុជានៅតែជាប្រទេស ដែលប្រើប្រាស់ផលិតផលប្រេងឥន្ធនៈគ្រប់ប្រភេទនាំចូលពីបរទេសប៉ុណ្ណោះ។
ក្រសួងរ៉ែ និងថាមពល បានបង្ហាញក្តីរំពឹងថា តាមរយៈគម្រោងវិនិយោគសាងសង់រោងចក្រចម្រាញ់ប្រេងមួយនេះ នឹងក្លាយជាខ្សែសង្វាក់ផលិតកម្មដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប ផលិតប្រេងមានស្តង់ដារគុណភាពខ្ពស់ ដណ្តើមទីផ្សារផលិត និងចែកចាយផលិតផលប្រេងនៅក្នុងប្រទេស និងក្នុងតំបន់ នាពេលខាងមុខដ៏ខ្លី៕