(បន្ទាយមានជ័យ)៖ ដូចការប្រកាសជូនដំណឹង របស់ក្រសួងធនធានទឹកចឹង គឺនៅរយៈពេលប៉ុន្មានថ្ងៃនេះ មានករណីខ្យល់កន្រ្តាក់និងភ្លៀង លាយផ្គរ រន្ទះ នៅតាមរាជធានី-ខេត្តនោះជាបន្តបន្ទាប់។ សម្រាប់គ្រោះធម្មជាតិមួយនេះ ត្រូវបានអាជ្ញាធរ និងសមត្ថកិច្ចរាយការណ៍ថា បានបណ្តាលឲ្យផ្ទះប្រជាពលរដ្ឋ ជាច្រើនខ្នង រងនូវការខូចខាត និងបំផ្លាញទាំងស្រុង។
ជាក់ស្តែង នៅខេត្តបន្ទាយមានជ័យ ស្ថិតនៅស្រុកថ្មពួក ផ្ទះប្រជាពលរដ្ឋចំនួន១០ខ្នង ត្រូវបានបំផ្លាញ និងប៉ះពាល់ទៀតហើយ ដោយសារ ខ្យល់កន្រ្តាក់ នាថ្ងៃទី៣-៤ ខែឧសភា ឆ្នាំ២០១៦។ លោកឧត្តមសេនីយ៍ត្រី សេង ធារិន មេបញ្ជាការរង នាយសេនាធិការកងពលតូចថ្មើរជើងលេខ៥១បានថ្លែងប្រាប់ Fresh News នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦នេះថា កាលពីថ្ងៃទី៣ ខែឧសភា កន្លងទៅ ស្ថិតនៅភូមិក្បលក្របី ឃុំបន្ទាយឆ្មា មានខ្យល់កន្ត្រាក់កើតឡើងបានបណ្តាលឲ្យផ្ទះចំនួន៤ខ្នង រងការខូចខាត។
ដោយឡែកនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦ ក៏មានខ្យល់កន្រ្តាក់កើតឡើងបានបណ្តាលឲ្យ ខូចខាតផ្ទះប្រជាពលរដ្ឋចំនួន៦ខ្នង នៅភូមិ ថ្មដែកកេះ ឃុំបន្ទាយឆ្មារ។ យ៉ាងណាក៏ដោយ លោកមេបញ្ជាការរង បានថ្លែងថា ក្រោយមានករណីនេះកើតឡើងកម្លាំងយោធាសហការ ជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ចុះជួយអន្តរាគមន៍ភ្លាមៗផងដែរ៕