(ត្បូងឃ្មុំ)៖ កម្លាំងនគរបាលខេត្តត្បូងឃ្មុំ ក្នុងរយៈពេល២ថ្ងៃនេះ បានបើកប្រតិបត្តិការ បង្ក្រាប និងចាប់ខ្លួនជនសង្ស័យ៦នាក់ ក្នុងករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀន នៅស្រុកត្បូងឃ្មុំ និងស្រុកក្រូចឆ្មា។ លោកឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានប្រាប់ Fresh News នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦នេះថា រយះពេល២ថ្ងៃកន្លងទៅនេះ កម្លាំងរបស់លោកបានធ្វើការឃាត់ខ្លួនជនសង្ស័យ៣នាក់ ក្នុងនោះមានស្រី២នាក់ ស្ថិតនៅភូមិ៤ ឃុំទ្រា ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀន។ ជនសង្ស័យទី១ឈ្មោះ សុខ អាំណះ ភេទស្រី អាយុ៥៣ឆ្នាំ ទី២ឈ្មោះ គ្រី ណូរីយះ ភេទស្រី អាយុ១៩ឆ្នាំ និងទី៣ឈ្មោះ ម៉ាត់ រំលី ភេទប្រុស អាយុ២៣ឆ្នាំ។
បន្ទាប់ពីធ្វើការឃាត់ខ្លួន សមត្ថកិច្ចប្រមូលបាន ម្សៅក្រាមពណ៍ស៥កញ្ចប់ (តូច៤កញ្ចប់ និងធំ១កញ្ចប់) ជញ្ជីងអេឡិចត្រូនិច១គ្រឿង និងថង់ផ្លាស់ស្ទិចសម្រាប់វេចខ្ចប់ថ្នាំញៀនជាច្រើនទៀត។ លោកឧត្តមសេនីយ៍ស្នងការ បានបន្ដទៀតថា នៅរសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦ កម្លាំងរបស់លោកបានឃាត់ខ្លួនជនសង្ស័យ២នាក់ទៀត ទី១ឈ្មោះ អៀង វ៉ាន់ណូ ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅភូមិស្លាបក្ដោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងទី២ឈ្មោះ ណៃ បូរី ហៅកូយ ភេទប្រុស អាយុ ២៣ឆ្នាំ ស្នាក់នៅភូមិជប់ទី១ ឃុំជប់ ស្រុកត្បូងឃ្មុំ ខណៈពេលដែលជនសង្ស័យខាងលើ កំពុងធ្វើសកម្មភាពដោះដូរថ្នាំញៀននៅក្នុងផ្ទះ។
បន្ទាប់ពីធ្វើការឃាត់ខ្លួន កម្លាំងប្រមូលបានថ្នាំញៀន៧១កញ្ចប់ (ធំ៣កញ្ចប់ និងតូច៦៨កញ្ចប់) ជញ្ជីងអេឡិចត្រូនិច១គ្រឿង ឧបករណ៍ប្រើប្រាស់ និងសម្ភារៈវេចខ្ចប់គ្រឿងញៀនមួយចំនួន។ លោកបានបន្ថែមថា នៅថ្ងៃដដែលនេះ កម្លាំងរបស់លោកបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ឈ្មោះ ថា សុភ័ក្រ ភេទប្រុស អាយុ២៧ឆ្នាំ នៅចំណុចភូមិទី៦ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
បន្ទាប់ពីឃាត់កម្លាំងដកហូតបាន ម៉្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀន៦កញ្ចប់តូច និងឧបករណ៍សេពគ្រឿងញៀនមួយចំនួន។ ក្រោយពីធ្វើការឃាត់ខ្លួន ជនសង្ស័យទាំងអស់ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តត្បួងឃ្មុំ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕