(ភ្នំពេញ)៖ ដោយមានការបញ្ជាផ្ទាល់ពីសំណាក់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមានការចង្អុលបង្ហាញពីលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២នេះ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានដឹកនាំកម្លាំងចុះកាយសំរាមដែលកកស្ទះតាមប្រឡាយចាប់ពីចំណុចស្ពានអាកាសស្ទឹងមានជ័យ ព្រំប្រទល់សង្កាត់ស្ទឹងមានជ័យទី១ និងសង្កាត់ស្ទឹងមានជ័យទី២ រហូតដល់ព្រំប្រទល់សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ។

យុទ្ធនាការនេះមានការចូលរួមពីសហការពីមន្ត្រីជំនាញមន្ទីរសាធារណការ រាជធានីភ្នំពេញ ក្នុងនោះប្រើរថយន្តកាយសំរាម (អាអ៉ិច ០១គ្រឿង) និងរថយន្តដឹកសំរាម ចំនួន ០៣គ្រឿង ដែលបានដឹកសំរាមចេញ ចំនួន៥ជើង ក្នុងមួយឡាន សរុបទាំងអស់១៥ជើង។

ក្នុងនោះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង បានសំណូមពរឱ្យប្រជាប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌមានជ័យ ដែលរស់នៅជុំវិញប្រឡាយ សូមកុំចោលសំរាម ឬសំណល់រឹង ចូលក្នុងប្រឡាយពាសវាលពាសកាល វាអាចបណ្តាលឱ្យមានការកកស្ទះសំរាម និងបាត់បង់សណ្តាប់ធ្នាប់សាធារណៈ ហើយត្រូវវិចខ្ចប់ប្រភេទសំរាម និងដាក់ធុងសំរាមឱ្យបានត្រឹមត្រូវ ម្យ៉ាងវិញទៀតអាចប៉ះពាល់ដល់សោភ័ណភាពទីក្រុងថែមទៀតផង ទីក្រុងស្អាត មូលដ្ឋានស្អាត ប្រទេសមានបរិស្ថានល្អ គឺផ្តើមចេញពីយើងផ្ទាល់៕