(កំពង់ធំ)៖ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិ នៃកម្ពុជា និងប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ លើកឡើងថា គណបក្សប្រជាជនកម្ពុជា គឺជាស្ថាបនិក សន្តិភាព ឯកភាពជាតិ ដែលធ្វើឲ្យមានការអភិវឌ្ឍប្រទេសគ្រប់ហេដ្ឋារចនាសម្ព័ន្ធ គ្រប់ផ្នែក គ្រប់វិស័យ។

ថ្ការឲ្យដឹងរបស់លោក ជា ចាន់តូ ធ្វេីឡេីងក្នុងពិធីកាត់ខ្សែបូរណ៌ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ សាលាធម្មសភា ចេតិយ កុដិ និងសមិទ្ធផលនានា ក្នុងវត្តសន្ទុកក្រៅ, នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២។

លោក ជា ចាន់តូ លើកឡើងថា គណបក្សប្រជាជនកម្ពុជា គឺជាស្ថាបនិក សន្តិភាព និងឯកភាពជាតិ សន្តិភាព និងឯកភាពជាតិ បានផ្តល់ឱកាសនៃរស់នៅស្មើរមុខស្មើរមាត់របស់ពលរដ្ឋគ្រប់រូបដូចប្រជាពលរដ្ឋនៅលើពិភពលោក។

លោកបញ្ជាក់ថា នេះក៏ឱកាសនៃពេលវេលាដែលរាជរដ្ឋាភិបាល ក្រោមមគ្គទេសក៍របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ត្រូវប្រជាពលរដ្ឋទូទាំងប្រទេសផ្តល់នូវសេចក្តីជឿទុកចិត្ត ប្រគល់សម្លេងឆ្នោតជូនតាមរយៈការបោះឆ្នោតដោយសុក្រឹត្រ យុត្តិធម៌ និងសេរីពហុបក្ស។ គណបក្សប្រជាជនកម្ពុជា បានរំដោះ និងដឹកនាំប្រទេសពីសង្គ្រាម រក្សាសន្តិភាព និងចាប់ផ្តើមអភិវឌ្ឍន៍ពីភ្នក់សង្គ្រាមរហូតមកដល់បច្ចុប្បន្ន លើគ្រប់វិស័យ ទាំងហេដ្ឋារចនាសម្ព័ន្ធវិស័យអាណាចក្រ និងវិស័យពុទ្ធចក្រ ឲ្យដើរទន្ទឹមគ្នា។ ទន្ទឹមជាមួយការអភិវឌ្ឍ ប្រមុខរាជរដ្ឋាភិបាល តែងតែរក្សាសាមគ្គីភាពរវាងប្រទេសកម្ពុជា ទៅនឹងប្រទេសផ្សេងៗជាច្រើននៅលើពិភពលោក។

 

លោកបានបន្ថែមថា ដើម្បីឲ្យកម្ពុជានៅតែបន្តរក្សាសន្តិភាព ឯកភាពជាតិ បង្កើតទំនាក់ទំនងសាមគ្គីភាពនោះ, កាតព្វកិច្ចដែលប្រជាពលរដ្ឋគ្រប់រូបត្រូវបំពេញ គឺការបោះឆ្នោតជ្រើសរើសអ្នកដឹកនាំប្រកដោយ ចក្ខុវិស័យ ស្រឡាញ់ពលរដ្ឋ ការអភិវឌ្ឍ ជាពិសេសស្រឡាញ់សន្តិភាព! នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ គឺថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ដែលជាពេលវេលា របស់ប្រជាពលរដ្ឋគ្រប់រូបជ្រើសតំណាងក្នុងការដឹកនាំមូលដ្ឋានប្រកបដោយសុឆន្ទៈបន្តទៀត។

ដូច្នេះមុននឹងបោះឆ្នោតជូន បុគ្គលណាម្នាក់ សូមប្រជាពលរដ្ឋគ្រប់រូប ជាពិសេសលោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្សទាំងអស់ ប្រើប្រាស់ចំណេះដឹងរបស់ខ្លួនវិនិច្ឆ័យឲ្យបានត្រឹមត្រូវមុននឹងសម្រេចចិត្ត ហើយត្រូវចងចាំថា សន្លឹកឆ្នោតមួយសន្លឹករបស់ខ្លួន គឺជាជោគវាសនា នៃអភិវឌ្ឍមូលដ្ឋាន រក្សាសុខសុវត្ថិភាពសង្គម សន្តិភាព និងឯកភាពជាតិ។

ក្នុងឱកាសនោះ លោក ឡង គីសឹង អភិបាសស្រុកសន្ទុក ធ្វើរបាយការណ៍ដោយលើកឡើងថា កត្តាសន្តិភាព បានធ្វើប្រជាពលរដ្ឋគ្រប់រូបមានឱកាសប្រកបការងារធ្វើផ្សេងៗ តាមលទ្ធភាពរៀងៗខ្លួន។ ទន្ទឹមនោះ សមិទ្ធផលជាច្រើនបានអភិវឌ្ឍន៍ ជាក់ស្តែង នៅវត្តសន្ទុកក្រៅ ក្រោមការជួយឧបត្ថម្ភទ្រទ្រង់កសាងដោយលោក ជា ចាន់តូ និងលោកស្រី ខៀវ ស៊ីណា បានកសាងសមិទ្ធផលថ្មីៗបន្ថែម រួមមាន ការកសាងព្រះវិហារ សាលាធម្មសភា ចេតិយ កុដិ និងផ្លូវបេតុងផងដែរ។ ទាំងអស់នេះ គឺទីកន្លែង សម្រាប់ប្រជាពលរដ្ឋដែលជាពុទ្ធបរិស័ទធ្វើបុណ្យទាន តាមទំនៀមទម្លាប់ ប្រពៃណី និងសាសនា៕