(ត្បូងឃ្មុំ)៖ ដើម្បីលើកកម្ពស់លើវិស័យព្រះពុទ្ធសាសនា និងគិតដល់សុខទុក្ខរបស់លោកយាយ លោកតា នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២នេះ លោកយាយឧបាសិកា ទូច រស់ ព្រមទាំងកូនចៅ លោកឧកញ៉ា សុខ ស្រស់ ប្រធានសភា ពាណិជ្ជកម្មមណ្ឌល កណ្ដាល-កំពង់ឆ្នាំង បានកសាងសាលាឆទានមួយកន្លែង នៅឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

សាលាឆទាននេះ មានទំហំដី១៥ គុណ៤០ម៉ែត្រ ទំហំសាលា៩ គុណ៨ម៉ែត្រ ដែលសរុបចំណាយថវិកាទាំងអស់ចំនួន ៧៩,០០០ដុល្លារអាមេរិក។

លោកឧកញ៉ា សុខ ស្រស់ បានឲ្យដឹងថា ស្របពេលជាមួយប្រទេសកម្ពុជាយើង មានសុខសន្តិភាព ក្រោមការដឹកនាំ របស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឲ្យប្រទេសកម្ពុជា មានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ ហើយដោយសារពាក្យ «សន្តិភាព» ទើបយើងមានឱកាស និងថវិកាសាងសង់សាលាឆទានមួយនេះ។

ជាមួយគ្នានេះ វិស័យព្រះពុទ្ធសាសនា ក៏បានរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ ដោយមានការស្ថាបនាទីអារាមគ្រប់តំបន់ នៅតាមបណ្តា រាជធានី-ខេត្ត ទូទាំងប្រទេស សម្រាប់ទុកជូនបងប្អូនប្រជាពលរដ្ឋធ្វើពិធីផ្សេងៗទៅតាមបែប ផែនរបស់ អ្នកកាន់ សាសនាព្រះពុទ្ធ ដើម្បីទទួលបានស្ងប់កាយ ស្ងប់ចិត្ត និងទទួលបានក្តីសុខរៀងៗខ្លួន។

លោកឧកញ៉ា សុខ ស្រស់ បានលើកឡើងថា ឈរលើកត្តាខាងលើនេះ និងដោយសារកន្លងមក លោកបានសង្កេតឃើញ លោកតា លោកយាយ នៅក្នុងឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំនេះ បានធ្វើដំណើរទៅសមាទានសីល នៅទីអារាមជារៀងរាល់ថ្ងៃសីល ដែលមានចម្ងាយឆ្ងាយពីលំនៅដ្ឋានរបស់ពួកគាត់។

ហេតុដូច្នេះហើយ ទើបលោក និងភរិយា ព្រមទាំងក្រុមគ្រួសារ បានពិភាក្សា និងមូលមតិគ្នាកសាងសាលាឆទាននេះ ដែលគិតជាប្រាក់ អស់ប្រមាណជា៨ម៉ឺនដុល្លារ ទុកសម្រាប់លោកតា លោកយាយ មកស្នាក់អាស្រ័យសមាទានសីល គ្រប់ៗគ្នានៅក្នុងតំបន់នេះ រហូតតែម្តង។

សូមបញ្ជាក់ថា ក្នុងពិធីបុណ្យនេះ លោកឧកញ៉ា សុខ ស្រស់ និងក្រុមគ្រួសារ ក៏បានផ្ដល់អំណោយ ជាសៀវភៅ និងថវិកា ដល់សិស្សចំនួន៣៥០នាក់ផងដែរ៕