(ម៉ូស្គូ)៖ មន្ត្រីជាន់ខ្ពស់សន្ដិសុខជាតិរុស្ស៊ី (FSB) បានឲ្យដឹងថា ក្រុមភេរវករមានផែនការវាយប្រហារដ៏ធំនៅក្នុងទីក្រុងម៉ូស្គូ ចំថ្ងៃ Victory Day ដែលព្រឹត្តិការណ៍ដ៏ធំមួយតែងតែប្រព្រឹត្តឡើងនៅថ្ងៃទី០៩ ខែឧសភា នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី០៥ ខែឧសភា។
«យើងបានរកឃើញនូវឧបករណ៍គ្រឿងផ្ទុះ និងអាវុធជាច្រើន ដែលឧបករណ៍ និងគ្រឿងផ្ទុះទាំងនេះ ត្រូវបានរកឃើញនៅក្នុងទីតាំងមួយ ជាមួយនឹងមនុស្សមួយក្រុម ដែលមកពីអាស៊ីកណ្ដាល»។ នេះជាសំដីរបស់មន្ត្រីជាន់ខ្ពស់ FSB បានថ្លែងប្រាប់អ្នកសារព័ត៌មាន។
មន្ត្រីជាន់ខ្ពស់ដែលសុំមិនបញ្ចេញឈ្មោះរូបនេះ បានបញ្ជាក់បន្ថែមទៀតថា ក្រុមភេរវករ មានផែនការបំផ្ទុះគ្រឿងបែកអត្តឃាត និងបាញ់រះទៅលើក្រុមមនុស្ស ខណៈដែលពួកគេបានជួបជុំ និងដើរដង្ហែក្បួនតាមផ្លូវ នៅថ្ងៃ Victory Day។
គួរបញ្ជាក់ផងដែរថា Victory Day ជាទិវាជ័យជំនះ ដែលសហភាពសូវៀត បានយកឈ្នះលើកពួកណាស៊ី អាល្លឺម៉ង់ (Nazi Germany) ក្នុងអំឡុងពេលបញ្ចប់សង្គ្រាមលោកលើកទី២៕