(រតនគិរី)៖ ស្របពេលដែលតម្លៃគ្រាប់ស្វាយចន្ទីរនៅឆ្នាំនេះធ្លាក់ចុះជាងឆ្នាំមុន ដោយសារតម្លៃប្រេងសាំងកើនឡើងនោះ បែរជានៅខេត្តរតនគិរី មានជនខិលខូចមួយចំនួន ដើម្បីផលប្រយោជន៍ខ្លួនឯង មិនគិតពីផលប៉ះពាល់ប្រជាកសិករអ្នកដាំស្វាយចន្ទីរ ដោយជ្រើសរើសគ្រាប់ចន្ទីរត្រាំក្នុងអាងទឹកមានគ្រាប់ខ្លះលិច, គ្រាប់ខ្លះអណ្តែត ហើយរើសគ្រាប់ស្វាយចន្ទីរត្រាំទឹកអណ្តែត (អត់គុណភាព) យកទៅលក់បន្ត ឲ្យអ្នកប្រមូលទិញតូចតាចចំណេញក្បាលកាក់។

ក្រុមឈ្មួញតូចតាចពួកគាត់ដឹកយកទៅលក់ឲ្យឈ្មួញ ដែលរកស៉ីត្រឹមត្រូវប៉ុន្តែមិនដឹងថាគេមានចេតនា យកគ្រាប់ស្វាយចន្ទីរខូចគុណភាពមកលក់ឲ្យ ជាហេតុនាំឲ្យអ្នករកស៉ីត្រឹមត្រូវដឹកយកទៅលក់ប្រទេសវៀតណាម ប្រឈមនឹងបាត់ទីផ្សារ។

នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ មន្ត្រីមន្ទីរពាណិជ្ជកម្មសហការជាមួយមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ខេត្តរតនគិរី និងអាជ្ញាធរស្រុកបរកែវ បានចុះត្រួតពិនិត្យឃ្លាំងប្រមូលទិញគ្រាប់ស្វាយចន្ទីរមួយកន្លែង ស្ថិតក្នុងភូមិត្រុំ ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី។

លោកស្រី ភូ ដាលី អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តរតនគិរី ថ្លែងឲ្យដឹងថា ម្ចាស់ឃ្លាំងមានឈ្មោះ លី សាមឌី។ ម្ចាស់ឃ្លាំងនិយាយប្រាប់តាមទូរស័ព្ទថា ការយកគ្រាប់ស្វាយចន្ទីរទៅត្រាំក្នុងអាងទឹកមានខ្លះលិច, ខ្លះអណ្តែត គឺដើម្បីលាងគ្រាប់ស្វាយចន្ទីរឲ្យស្អាតបានតម្លៃខ្ពស់ទីផ្សារនៅប្រទេសវៀតណាម មិនបានបែងចែកប្រភេទគ្រាប់ស្វាយចន្ទីរលេខ១, លេខ២អត់គុណភាពនោះទេ, ហើយឃ្លាំងប្រមូលទិញគ្រាប់ស្វាយចន្ទីរនេះ មានវិញ្ញាបណ្ណប័ត្រត្រឹមត្រូវប៉ុន្តែមិនបានបង្ហាញក្រុមការងារនោះទេ ដោយម្ចាស់ឃ្លាំងមិននៅកន្លែង។

លោកស្រីបញ្ជាក់ឲ្យដឹងទៀតថា ក្រុមការងារនឹងចុះត្រួតពិនិត្យកន្លែងប្រមូលទិញគ្រាប់ចន្ទីរក្នុងក្រុងបានលុងជាច្រើនកន្លែងទៀត ដែលមានអាងត្រាំគ្រាប់ស្វាយចន្ទីរ។ យ៉ាងណាក៏ដោយ រង់ចាំក្រុមការងារមន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប ខេត្តរតនគិរីធ្វើការស្រាវជ្រាវបន្តទៀតវែកមុខក្រុមឈ្មួញខិលខូចមួយចំនួន គិតតែផលប្រយោជន៍ខ្លួនឯង មិនគិតផលប៉ះពាល់ប្រជាកសិករដាំស្វាយចន្ទីរប្រឈមមុខនឹងបាត់ទីផ្សារនៅប្រទេសវៀតណាម។

ចំណែកឯលោក សយ សូណា ប្រធានមន្ទីរកសិកម្មខេត្តរតនគិរីកន្លងទៅថ្មីៗនេះប្រាប់ឲ្យដឹងថា ទូទាំងខេត្តមានផ្ទៃដីដាំស្វាយចន្ទីរសរុបជាង ៤ហិកតា និងផ្ទៃដីដែលទទួលទិន្នផលជាង ១ម៉ឺនហិកតា ហើយឆ្នាំនេះទិន្នផលធ្លាក់ចុះជាងឆ្នាំមុនពោល គឺកាលពីឆ្នាំ២០២១ ក្នុង១ហិកតាទទួលទិន្នផលចាប់ពី ១តោនឡើង៕