(ភ្នំពេញ)៖ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បង្ហាញសកម្មភាពរបស់ខ្លួនក្នុងការចូលរួមការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្ដាប់ធ្នាប់ ជូនដល់គណៈប្រតិភូអគ្គមេបញ្ជាការកងទ័ពអាស៊ាន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ាន លើកទី១៩ (ACDFM-19 : 19th ASEAN CHIEF OF DEFENSE FORCES MEETING) ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី១៦-១៨ ខែមីនា ឆ្នាំ២០២២) នៅរាជធានីភ្នំពេញ។

សូមជម្រាបថា នៅរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ អគ្គមេបញ្ជាការកងទ័ពអាស៊ានទាំង ១០ ប្រទេស បានបិទបញ្ចប់កិច្ចប្រជុំរបស់ខ្លួន បន្ទាប់ពីបានពិភាក្សាផ្លាស់ប្តូរទស្សនៈ និងអនុម័តលើឯកសារមួយចំនួន។

នៅមុនបិទកិច្ចប្រជុំ ថ្នាក់ដឹកនាំអគ្គបញ្ជាការកងទ័ពអាស៊ានទាំង ១០ ប្រទេស បានធ្វើការពិភាក្សាដោយបើកចំហ ស្មោះត្រង់ និងប្រកបដោយផ្លែផ្កា ជាមួយនឹងការផ្លាស់ប្តូរទស្សនៈ ព័ត៌មានស្តីពីបរិយាកាសសន្តិសុខក្នុងតំបន់ ជាពិសេសក្រោមទិសស្លោក «សាមគ្គីភាពដើម្បីសន្តិសុខប្រកបដោយភាពសុខដុម»។ ថ្នាក់ដឹកនាំអគ្គបញ្ជាការអាស៊ានទាំង ១០ ប្រទេសបានធ្វើការអនុម័តសេចក្តីថ្លែងការណ៍រួម និងផែនការសកម្មភាពការងារយោធាអាស៊ានរយៈពេលពីរឆ្នាំ (២០២២-២០២៤)៕