(ភ្នំពេញ)៖ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បានចាត់ទុកការលំបាក និងបញ្ហាប្រឈមចំពោះមុខរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលខ្លួនគ្រប់គ្រង គឺជាក្តីកង្វល់ដ៏ធំរបស់អាជ្ញាធរមូលដ្ឋានគ្រប់ផ្នែក ដែលត្រូវយកចិត្តទុកដាក់មើលថែ បំពេញបន្ថែមឱ្យបានល្អ និងស្វែងរកយន្តការដោះស្រាយ ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលា បង្កភាពកក់ក្តៅជូនប្រជាពលរដ្ឋគ្រប់មូលដ្ឋាន។

ការចាត់ទុកបែបនេះ របស់លោក ឃឹម ស៊ុនសូដា បានធ្វើឡើងនៅក្នុងពិធីជួបសំណេះសំណាល ផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ឬជាវេទិកាសាធារណៈមួយជាមួយបងប្អូនប្រជាពលរដ្ឋ ដែលកំពង់រស់នៅក្នុងបុរីពិភពថ្មី កំបូល១ប្រមាណជាង២០០នាក់ កាលពីល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ ក្នុងបរិវេណសួនកុមារមួយកន្លែង ក្នុងបុរីពិភពថ្មី កំបូល១។

នាឱកាសនោះដែរ លោកអភិបាលខណ្ឌ បានបង្ហាញពីបេក្ខភាពក្រុមប្រឹក្សាសង្កាត់ដែលត្រូវឈរឈ្មោះបោះឆ្នោតនាពេលដ៏ខ្លីខាងមុខនេះ ព្រមទាំងបានបង្ហាញមុខ និងជូនលេខទូរស័ព្ទថ្នាក់ដឹកនាំក្នុងខណ្ឌទាំងអស់ ដើម្បីងាយស្រួលដល់ការធ្វើទំនាក់ទំនង ឬរាឋការណ៍ពីករណីផ្សេងៗ ដែលកើតមានឡើង សម្រាប់ប្រជាពលរដ្ឋសុំកិច្ចអន្តរាគម បន្ទាន់មកអាជ្ញាធរខណ្ឌ និងសមត្ថកិច្ចពាក់ព័ន្ធជួយឱ្យបានទាន់ពេលវេលា។

លោក ឃឹម ស៊ុនសូដា បានផ្តល់ឱកាសឱ្យប្រជាពលរដ្ឋ លើកឡើងពីបញ្ហាប្រឈម ឬការលំបាកចំបោះមុខ ដែលពួកគាត់បាននឹងកំពុងជួយប្រទះក្នុងជីវភាពរស់នៅសព្វថ្ងៃ ហើយអាជ្ញាធរពុំបានដឹង ឬក៏មានចន្លោះប្រហោង ក្នុងការបម្រើសេវាសាធារណៈជូនក្នុងមូលដ្ឋាន។

ក្នុងឱកាសនោះ មានតំណាងប្រជាពលរដ្ឋប្រមាណ១០រូប បានលើកឡើងពីកង្វល់នឹងបញ្ហាដែលបានកើតមានក្នុងមូលដ្ឋានបុរីពិភពថ្មីកំពូល១រួមមាន៖ បញ្ហាកង្វះទឹកស្អាតប្រើប្រាស់ បញ្ហាបិទផ្លូវមួយចំនួនក្នុងបុរី បញ្ហាក្មេងទំនើង បញ្ហាបរិស្ថាន អនាម័យ និងសណ្តាប់ធ្នាប់សាធារណៈក្នុងបុរី និងតាមបណ្តោយផ្លូវជាលេខ៤ ជាដើម ដោយសុំឱ្យជួយដោះស្រាយ និងអន្តរាគមន៍ឱ្យបានទាន់ពេលវេលបន្ថែមទៀត ដើម្បីបង្កើនភាពកក់ក្តៅ និងបំពេញតាមតម្រូវការដើម្បីសុខសុវត្ថិភាពក្នុងរស់នៅ។

លោក ឃឹម ស៊ុនសូដា ក៏បានបង្ហាញនូវការកោតសរសើរពីភាពក្លាហាន និងក្តីរីករាយក្រោយពេលទទួលបាននូវការសំណើរ និងសំណូបពររបស់ប្រជាពលរដ្ឋបន្ថែមពីលើកិច្ចការ ដែលអាជ្ញាធរខណ្ឌបានបំពេញជូននាពេលកន្លងមក ព្រមទាំងបានចាត់មន្រ្តីជំនាញរបស់ខ្លួន ដោះស្រាយភ្លាមៗ ចំពោះមុខប្រជាពលរដ្ឋ ឆ្លើយតបទៅនឹងតម្រូវការចាំបាច់ ជាពិសេសបញ្ហាកង្វះទឹកស្អាតប្រើប្រាស់ក្នុងមូលដ្ឋាននេះ អាជ្ញាធរ និងសហការជាមួយម្ចាស់បុរី ដើម្បីបង្កើនទីតាំងផ្គត់ផ្គង់ទឹកស្អាតឱ្យបានច្រើនថែមទៀត និងសុំឱ្យមានបេះដូងចេះចែករំលែកគ្នា ក្នុងគ្រាលំបាកនេះ ដើម្បីបានទឹកប្រើប្រាស់គ្រប់ៗគ្នា។

ចំពោះបញ្ហាក្មេងទំនើង និងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដែលធ្លាប់មានកន្លងមកនោះ លោកអភិបាលបានជម្រុញដល់សមត្ថកិច្ចពាក់ព័ន្ធបន្តពង្រឹងការយកចិត្តបន្ថែប ទប់ស្កាត់ឱ្យបានទាន់ពេលវេលា និងដាក់កម្លាំងតាមគោលដៅធ្វើយ៉ាងណាលុបបំបាត់បញ្ហានេះឱ្យបាន។

ក្នុងឱកាសនោះដែរ លោកអភិបាលខណ្ឌកំបូល បានអំពាវឱ្យប្រជាពលរដ្ឋដែលមានកូនចៅគ្រប់អាយុចាប់ពី១៥ឆ្នាំឡើង ទៅធ្វើអត្ថសញ្ញាណប័ណ្ណឱ្យបានគ្រប់ៗគ្នា ហើយក៏នាំកូនចៅដែលគ្រប់អាយុចាប់ពី៣ឆ្នាំឡើង ទៅទៅចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ឱ្យបានគ្រប់គ្នា និងដើម្បីពន្សាំការរស់នៅជាមួយកូវីដ១៩។

បន្ថែមពីនេះ អ្នកដែលមិនទាន់មានសៀវភៅគ្រូសារ សៀវភៅស្នាក់នៅ សំបុត្រកំណើរ និងឯកសារពាក់ព័ន្ធនានា សុំទៅទំនាក់ទំនងធ្វើជាមួយមន្រ្តីនគរបាលរដ្ឋបាលប៉ុស្តីក្នុងមូលដ្ឋាន ជាពិសេសសុំរៀបចំទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងយកសំរាមមកដាក់ឱ្យបានទាន់ពេលវេលា តាមពេលដែលក្រុមការងារប្រមូលសំរាមធ្វើការ៕