(ភ្នំពេញ)៖ នៅក្នុងសុន្ទរកថា ថ្លែងទៅកាន់កិច្ចប្រជុំប្រចាំឆ្នាំ របស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ដែលកំពុងតែប្រព្រឹត្ត ទៅនៅទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់ នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦នេះ លោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាសម្រេចបាន នូវកំណើនសេដ្ឋកិច្ចខ្ពស់ និងរឹងមាំហើយធានារក្សា បានទាំងស្រុង នូវស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច។

ជាក់ស្តែង កម្ពុជានឹងសម្រេចបានកំណើនសេដ្ឋកិច្ច៧% នៅក្នុងឆ្នាំ២០១៥ និងឆ្នាំ២០១៦នេះ ក្នុងខណៈអត្រាអតិផរណាមានកម្រិតទាប ឱនភាពថវិកាកាន់តែរួមតូច ហើយទុនបម្រុងអន្តរជាតិមានការកើនឡើងជាលំដាប់។ បើនិយាយពីបំណុលវិញ គឺកម្ពុជាមាន សន្និធិបំណុលទាប នៅក្នុងចំណោមបណ្តាប្រទេសក្នុងតំបន់ និងមានហានិភ័យកម្រិតទាប។ ភាពក្រីក្រក៏ត្រូវបានធ្លាក់ចុះមកត្រឹម ១៤% នៅឆ្នាំ២០១៤ ធៀបទៅនឹងឆ្នាំ១៩៩៤ ដែលមានរហូតទៅដល់ ៥៣,៤%។

លោកបានបញ្ជាក់ថា «កម្ពុជាប្តេជ្ញាចិត្តក្នុងការសម្រេច ឱ្យបាននូវចក្ខុវិស័យ របស់ខ្លួនក្លាយជាប្រទេស ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ តាមរយៈការដាក់ចេញនូវគោលដៅសម្រេច ឱ្យបាននូវកំណើនសេដ្ឋកិច្ចប្រមាណ ៧% ក្នុងមួយឆ្នាំប្រកបដោយបរិយាប័ន្ន ធន់នឹងវិបត្តិ និងមានចិរភាព។ ក្នុងន័យនេះ កម្ពុជានឹងផ្តោតលើការធានា រក្សាសេ្ថរភាពម៉ាក្រូសេដ្ឋកិច្ច ការធ្វើពិពិធកម្មសេដ្ឋកិច្ចនិងលើក កម្ពស់ភាពប្រកួតប្រជែង ព្រមទាំងផលិតភាព ទន្ទឹមនឹងការបន្តផ្តោតលើការអភិវឌ្ឍវិស័យអាទិភាពសំខាន់ៗ ជាពិសេសការជំរុញអនុវត្ត ឱ្យកាន់តែសកម្មនិង មានប្រសិទ្ធភាពនូវគោលនយោបាយស្តីពីការអភិវឌ្ឍវិស័យឧស្សាហកម្ម»។

លោក វង្សី វិស្សុត តំណាងលោកទេសរដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានបន្តទៀតថា ដោយផ្អែកទៅលើគោលដៅនៃការអភិវឌ្ឍប្រកបដោយ ចិរភាព (SDGs) និងកិច្ចព្រមព្រៀង ស្តីពីការប្រែប្រួស អាកាសធាតុ (COP 21) ដែលជារបៀបវារៈ នៃការអភិវឌ្ឍថ្មីរបស់ពិភពលោក នៅក្នុងពេលបច្ចុប្បន្ននេះ កម្ពុជាយល់ថា គឺធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ពិតជាមានតួនាទីសំខាន់ណាស់ នៅក្នុងការផ្តល់ឆ្លើយតបទៅ នឹងរបៀបវារៈអភិវឌ្ឍន៍ថ្មីទាំងនេះ។ ក្នុងបរិការណ៍នេះ កម្ពុជាបានស្នើធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ឱ្យធ្វើការ ពិនិត្យឡើងវិញនូវចក្ខុវិស័យ និងយុទ្ធសាស្រ្តរបស់ខ្លួន ដើម្បីអាចបន្តរក្សានូវតួនាទីស្នួលរបស់ខ្លួននៅក្នុងតំបន់ ក៏ដូចជាមួយសមាជិករបស់ខ្លួន។ កិច្ចការនេះត្រូវផ្តោតលើ ការជួយដល់សមាជិកប្រទេសក្រីក្រ ដែលនៅមាន តម្រូវ ការហិរញ្ញប្បទាន ទន្ទឹមនឹងជួយពង្រឹងជំនាញបច្ចេកទេសឧត្តមានុវត្ត និងការអភិវឌ្ឍ សមត្ថភាព ធនធានមនុស្ស និងស្ថាប័ន ទៅតាមស្ថានភាពជាក់ស្តែងរបស់សមាជិកនីមួយៗ។

លោកបានថ្លែងថា «កម្ពុជាក៏បានសំដែងនូវការអបអរសាទរចំពោះ ADB ដែលបានខិតខំបង្កើននូវហិរញ្ញប្បទាន ប្រចាំឆ្នាំដល់ប្រទេស សមាជិក ក្នុងទំហំទឹកប្រាក់២០ ពាន់លានដុល្លារនៅឆ្នាំ២០២០ រួមទាំងការបង្កើនទ្វេដង នូវហិរញ្ញប្បទានប្រចាំ ឆ្នាំសម្រាប់ការប្រែប្រួល អាកាសធាតុ ក្នុងទំហំទឹកប្រាក់ប្រមាណ ៦ពាន់លានដុល្លារនៅឆ្នាំ២០២០ផងដែរ៕
\