(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២នេះ បានរៀបចំបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ ក្រោមអធិបតីភាព លោក មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ។
ក្នុងនោះក៏មានការចូលរួមពី លោក ងី ច័ន្ទផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ក៏ដូចជាក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះវិហារ ប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត លោកអភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ជាច្រើនរូបទៀតផងដែរ។
លោកទេសរដ្ឋមន្ត្រី មាស សុភា បានថ្លែងនាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏ដូចជាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលជានិច្ចជាកាលតែងយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ។
លោក មាស សុភា ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ កម្លាំងមានសមត្ថកិច្ចនានា និងក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានគ្រប់លំដាប់ថ្នាក់ នៃខេត្តព្រះវិហារ ដែលបានខិតខំប្រឹងប្រែងរួមគ្នាយ៉ាងសកម្មក្នុងការបំពេញតួនាទី ភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចបាននូវសមិទ្ធផល ក្នុងការធានាថែរក្សា សន្តិសុខ ស្ថិរភាពនយោបាយ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះពាល់ដោយវិបត្តិជំងឺកូវីដ-១៩។
លោកទេសរដ្ឋមន្ត្រី មាស សុភា បានថ្លែងទៀតថា មកដល់ឆ្នាំ២០២២នេះ ស្ថានភាពជំងឺកូវីដ-១៩ នៅតែបន្តឆ្លងរាលដាលគួរឲ្យព្រួយបារម្ភ ជាពិសេសមេរោគកូវីដ-១៩ បំប្លែងខ្លួនថ្មីប្រភេទអូរមីក្រុង បាននិងកំពុងតែឆ្លងរីករាលដាល ក្នុងសហគមន៍នៅតាមបណ្តាលរាជធានី ខេត្ត ក្នុងនោះរួមមាន ខេត្តព្រះវិហារផងដែរ។
រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានខិតខំដាក់ចេញនូវគោលការណ៍ និងវិធានការនានា ជាមួយការគាំទ្រ ការចូលរួមពីគ្រប់ក្រសួងស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ កងកម្លាំងមានសមត្ថកិច្ច និងប្រជាពលរដ្ឋ រួមគ្នាដើម្បីគ្រប់គ្រងឆ្លើយតបចំពោះជំងឺឆ្លងដ៏កាចសាហាវនេះ ក្នុងការទប់ស្កាត់ការឆ្លង ជាពិសេសការស្វះស្វែងរកវ៉ាក់សាំងសម្រាប់ចាក់ជូនប្រជាពលរដ្ឋ រួមនឹងការងារចាក់ដូសជំរុញ ដើម្បីបង្កើតភាពសាំក្នុងសហគមន៍ឲ្យកាន់តែខ្លាំង សំដៅបន្ថយករណីឆ្លង និងឈឺធ្ងន់ ឈានទៅរកការកាត់ផ្តាច់ខ្សែចម្លងនៅក្នុងសហគមន៍។
ផ្អែកលើបញ្ហាប្រឈមជាសកលខាងលើ និងផ្អែកតាមទិសដៅការងារ ឆ្នាំ២០២២ ដែលបានឯកភាពក្នុងអង្គសន្និបាតនេះ ក្នុងនាមរាជរដ្ឋាភិបាល លោកទេសរដ្ឋមន្ត្រី មាស សុភា បានផ្តល់នូវគោលការណ៍ជាគន្លឹះដូចខាងក្រោម៖
* ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខ សណ្តាប់ធ្នាប់សាធរណៈ
* ការងនុវត្តន៍កំណែទម្រង់វិមជ្ឈការ និងសហវិមជ្ឈការ
* ការគ្រប់គ្រងធនធានធម្មជាតិ និងការដោះស្រាយវិវាទដីធ្លី
* ការគ្រប់គ្រង ការពារសន្តិសុខ និងការអភិវឌ្ឍតំបន់ព្រំដែន
* ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម
* ការរៀបចំប្រព័ន្ធផែនការ និងការពង្រឹងប្រព័ន្ធគណនេយ្យភាពសង្គម
* ការផ្តល់សេវាសាធារណៈ និងការដោះស្រាយបញ្ហាប្រឈមនៅតាមមូលដ្ឋាន
* ការពង្រឹងការអនុវត្តន៍វិធានការនានា ដើម្បីប្រយុទ្ធប្រឆាំងទប់ស្កាត់នឹងជំងឺកូវីដ-១៩
* ការពង្រឹងរបៀបរបបការងារ៕