(ភ្នំពេញ)៖ លោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា បានថ្លែងឲ្យដឹងថា នៅចន្លោះម៉ោង ៨៖១៥នាទី រហូតដល់៩៖២៤នាទីព្រឹកមិញនេះ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៦ មានករណីដាច់ចរន្តអគ្គិសនីនៅទូទាំងខេត្តសៀមរាប គឺដោយសាររថយន្តក្រឡុកស៊ីម៉ង់ ប៉ះខ្សែបណ្តាញតង់ស្យុង១១៥គីឡូវ៉ាត់ ដែលជាខ្សែបណ្តាញបញ្ជូនអគ្គិសនី ពីខេត្តបន្ទាយមានជ័យ ទៅខេត្តសៀមរាប នៅចំណុចភូមិពួកថ្មី ឃុំពួក ស្រុកពួក ខេត្តសៀមរាប នៅចន្លោះបង្គោលលេខ ១១៥៥-១១៥៦ ចំងាយ១៦គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប។
អគ្គនាយកអគ្គិសនីកម្ពុជា រូបនោះបានបញ្ជាក់ថា បន្ទាប់ពីដាច់ចរន្តអគ្គិសនីអស់ជាង១ម៉ោង នៅពេលនេះអគ្គិសនីបានត្រឡប់មកធម្មតាវិញហើយ បន្ទាប់ពីក្រុមការងារជំនាញរបស់អគ្គិសនីកម្ពុជា ចុះដោះស្រាយភ្លាមៗក្រោយកើតហេតុ។ លោក កែវ រតនៈ បានបញ្ជាក់ថា នេះជាការជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងការដាច់ភ្លើងព្រឹកមិញនេះ។
រថយន្តបង្កគឺជារបស់ក្រុមហ៊ុន K.V.H Construction Co., Ltd. ដែលមានឈ្មោះ កុក វ៉ិត ជាអ្នកគ្រប់គ្រង៕
នេះជារថយន្តដែលបង្ក