Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

TOP NEWS: តុលាការផ្តន្ទាទោស សម រង្ស៉ី និងមេខ្លោងផែនការផ្តួលរំលំរដ្ឋាភិបាល៦នាក់ ឱ្យជាប់ពន្ធនាគារម្នាក់១០ឆ្នាំ, កាត់ទោសអ្នករួមគំនិត១៤នាក់ ឱ្យជាប់ម្នាក់៥ឆ្នាំ តែព្យួរមួយចំនួន (Video inside)

17-03-2022 10:02

(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២នេះ បានប្រកាសសាលក្រមផ្តន្ទាទោស លោក សម រង្ស៉ី មេក្រុមឧទ្ទាមក្រៅច្បាប់ និងមេខ្លោងក្នុងផែនការផ្តួលរំលំរាជរដ្ឋាភិបាល ចំនួន៦រូបផ្សេងទៀត ឱ្យជាប់ពន្ធនាគារម្នាក់១០ឆ្នាំ ព្រមទាំងផ្តន្ទាទោសជនរួមគំនិត១៤នាក់ទៀត ឱ្យជាប់ពន្ធនាគារ៥ឆ្នាំ ប៉ុន្តែពួកគេត្រូវបានអនុញ្ញាតឲ្យព្យួរទោសមួយចំនួន។

សវនាការកាត់ទោស លោក សម រង្ស៉ី និងបក្ខពួកនេះ មានសមាសភាព ប្រធានក្រុមប្រឹក្សា លោក រស់ ពិសិដ្ឋ, ចៅក្រមប្រឹក្សា លោកអ៉ឹម វណ្ណះ និងលោកស្រី សឿង ចរិយា, តំណាងអយ្យការ លោក សេងហៀង និងលោក សំម ឫទ្ធីវាសនា។

លោក សម រង្ស៉ី និងមេខ្លោងដែលតុលាការផ្តន្ទាទោស ៦នាក់នោះ រួមមាន៖ លោក សម រង្ស៉ី, លោកស្រី មូរ សុខហួរ, លោកស្រី ជូឡុង សូមួរ៉ា, លោក តុ វ៉ាន់ចាន់, លោក នុត រំដួល, លោក ហូរ វ៉ាន់ និងលោកអេង ឆៃអ៊ាងជាដើម។ តុលាការផ្តន្ទាទោសអ្នកទាំង៧ ពីបទរួមគំនិតក្បត់ បទញុះញង់ឲ្យប្រព្រឹត្តអំពើបង្កឲ្យ មានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទញុះញង់កុំឲ្យយោធិនស្ដាប់បង្គាប់។ បន្ទាប់ពីផ្តន្ទាទោសហើយនោះតុលាការក៏បានចេញដីកាបង្គាបឲ្យចាប់ខ្លួនលេីជនជាប់ចោទ៧នាក់ ជាក្រុមមេដឹកនាំប៉ុនប៉ងផ្តួរំលំរាជរដ្ឋាភិបាលស្របច្បាប់ផងដែរ។

ក្រៅពីផ្តន្ទាទោសចំពោះក្រុមមេខ្លោង តុលាការក៏បានផ្តន្ទាទោសអ្នកចូលរួម១៣នាក់ទៀត ក្នុងនោះមាន៖ ថៃ សុគន្ធា, ឡុង ផារី, ឃឹម ភាណា, សុខ ចាន់ថា, ពៀត ម៉ាប់, កែវ ថៃ, ជុំ ចាន់, ស៊ុន ធន់, ងិន ឃាង, យឹម សារ៉េត, ញ៉ែម វាន, ឃុត ច្រិក និងឆុន ប៊ុនឆាត ដោយដាក់ពន្ធនាគារក្នុងម្នាក់ៗកំណត់ ៥ (ប្រាំ) ឆ្នាំ ប៉ុន្តែទោសនេះ ត្រូវអនុវត្តទោសក្នុងពន្ធនាគារចំនួន៣ឆ្នាំ៨ខែ ទោសដែលនៅសល់ត្រូវព្យួរធម្មតា ពីបទ រួមគំនិតក្បត់ និងបទញុះញង់ឲ្យប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។

ដោយឡែក អ្នករួមគំនិតម្នាក់ទៀត ឈ្មោះ ហ៉ិន ឆាន ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ឆ្នាំ ប៉ុន្តែទោសនេះត្រូវព្យួរធម្មតា ពីបទរួមគំនិតក្បត់ និងបទញុះញង់ឲ្យប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម៕