(រ៉ង់ហ្គូន)៖ អាកាសធាតុអាក្រក់ លាយឡំនឹងខ្យល់កន្ត្រាក់ខ្លាំង បានបង្កការវិនាសហិនហោចខ្លាំង នៅទីក្រុង ម៉ាន់ដាឡាយ (Mandalay) ដែលជាទីក្រុងមានប្រជាជនរស់នៅ ច្រើនបំផុតលំដាប់ទីពីរ នៅប្រទេសមីយ៉ាន់ម៉ា និងបានឆក់យកជីវិតមនុស្ស ១៨នាក់ ហើយដោយឡែក ២៤នាក់ទៀត បានទទួលរងរបួស។ នេះបើតាមការចេញផ្សាយ ដោយស៊ិនហួរ នៅមុននេះបន្តិចនាព្រឹកថ្ងៃ ព្រហស្បតិ៍ ទី០៥ ខែឧសភា ឆ្នាំ២០១៦។
សម្រាប់សត្វពាហនៈវិញ គោក្របី ១,៤១០ក្បាលត្រូវបានគេរាយការណ៍ថា ងាប់ និង ១២១នាក់ ទៀតរងរបួស។ តំបន់ដែលទទួលរងគ្រោះខ្លាំងជាងគេ នៅទីក្រុងម៉ាន់ដាឡាយនោះ គឺស្ថិតនៅ ភាគខាងជើង ដូចជាសង្កាត់ Mogok ជាដើម។ បន្ថែមពីនេះទៀតផ្ទះ ១៣,៣៥២ខ្នងបានទទួលរង ការខូចខាត អគារសាលារៀន៦១ខ្នងរងផលប៉ះពាល់ និងតំបន់មួយចំនួនទៀត ផ្ទះ ២,៤២០ខ្នង បានបាក់រលំទាំងស្រុងតែម្តង។
គួរបញ្ជាក់ថា មកទល់នឹងថ្ងៃព្រហស្បតិ៍នេះ ស្ថានភាពអាកាសធាតុហាក់ប្រសើរជាងកាលពីថ្ងៃ ម្សិលមិញ ប៉ុន្តែបើសរុបការខូចខាតជាបឋម នោះរដ្ឋាភិបាលមីយ៉ាន់ម៉ា បានអះអាងថាអាចស្មើនឹង ទឹកប្រាក់ ២,៦លានដុល្លារសហរដ្ឋអាមេរិក៕