(ភ្នំពេញ)៖ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦ម្សិលមិញនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ៨លើក ក្នុងនោះយប់៤លើក បណ្តាលឲ្យមនុស្សស្លាប់៤នាក់ (ប្រុស) រងរបួសធ្ងន់៤នាក់ (ប្រុស) និងរបួសស្រាល៣នាក់ (ស្រី២នាក់) នេះបើតាមការចុះផ្សាយរបស់គេហទំព័រ អគ្គស្នងការនគរបាលជាតិ។
ប្រភពព័ត៌មានបញ្ជាក់ទៀតថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ៨លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន១៤គ្រឿង រួមមាន ម៉ូតូចំនួន ៨គ្រឿង រថយន្តធុនតូច ចំនួន១គ្រឿង រថយន្តធុនធំចំនួន ៤គ្រឿង យានផ្សេងៗចំនួន ១គ្រឿង និងអ្នកថ្មើរជើង១នាក់ ហើយមូលហេតុដែលបណ្តាល ឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន៣លើក (ស្លាប់២នាក់), បត់គ្រោះថ្នាក់៣លើក និងប្រជែងគ្រោះថ្នាក់២លើក (ស្លាប់២នាក់) ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍៨នាក់ (យប់៤នាក់)។
លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោករកឃើញថា យានយន្តដែល្មើសសរុបទូទាំងប្រទេសមាន ចំនួន៤៣៤០គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន២០០៩គ្រឿង និងពិន័យសរុប ២៣៣១គ្រឿង៕