(ស្ទឹងត្រែង)៖ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២នេះ រដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំសន្និបាតបូកសរុបលទ្ធការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ ក្រោមអធិបតីភាពលោក ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្ទឹងត្រែង។

លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានឡើងរបាយការណ៍សង្ខេបអំពីលទ្ធផល នៃសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ រួចមក លោក ផៃ ប៊ុនឈឿន បានផ្តល់នូវគោលការណ៍ណែនាំជាគន្លឹះ សំខាន់ៗមួយចំនួន ជូនដល់អង្គសន្និបាត។

ដោយក្នុងនោះ លោក ផៃ ប៊ុនឈឿន បានបញ្ជាក់ថា ការពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជាពិសេសត្រូវបង្កើនកិច្ចសហការក្នុងចំណោមកងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរ និងបំផុសឲ្យមានការចូលរួមពីប្រជាពលរដ្ឋក្នុងការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ដើម្បីបង្ការ ទប់ស្កាត់ បង្រ្កាបសកម្មភាពលួច ឆក់ ប្លន់ ល្បែងស៊ីសងខុសច្បាប់ ក្រុមក្មេងទំនើងគ្រប់មូលដ្ឋានទូទាំងខេត្ត។

ការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការបន្តពង្រឹងការគ្រប់គ្រង ចាត់ចែង និងអនុវត្តមុខងារដែលបាន ផ្ទេររួចហើយពីថ្នាក់ជាតិប្រកបដោយភាពម្ចាស់ការ និងស្មារតីទទួលខុសត្រូវខ្ពស់ ព្រមទាំងមានភាពច្នៃប្រឌិត ដើម្បីធានាអនុវត្តឲ្យសម្រេចបាននូវមុខងារទាំងនេះ ស្របតាមស្តង់ដាអប្បរមា នៃការផ្តល់សេវា និងគោលនយោបាយទៅតាមវិស័យនីមួយៗ។

លោកបន្តថា ការគ្រប់គ្រង ធនធានធម្មជាតិ និងការដោះស្រាយវិទាទដីធ្លីការងារគ្រប់គ្រងធនធានធម្មជាតិ ព្រៃឈើ និងការដោះស្រាយវិវាទដីធ្លី គឺជាកិច្ចការដែលមានការពាក់ព័ន្ធតួនាទី និងការទទួលខុសត្រូវរបស់ក្រសួង ស្ថាប័ននៅក្នុងការតាក់តែងក្របខណ្ឌគោលនយោបាយ ក្របខណ្ឌច្បាប់។ ការគ្រប់គ្រង ការពារសន្តិសុខ និងការអភិវឌ្ឍតំបន់ព្រំដែន បន្តពង្រឹង ពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អជាមួយអាជ្ញាធរ និងកងកម្លាំង មានសមត្ថកិច្ចពាក់ព័ន្ធនៃប្រទេសជិតខាង។

ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម យកចិត្តទុកដាក់គាំទ្រ និងបង្កលក្ខណៈ ងាយស្រួលដល់សកម្មភាពវិនិយោគកសិផល អាជីវកម្មនានាទូទាំងខេត្ត ជាពិសេសផ្តល់ការគាំទ្រ និងភាពអនុគ្រោះសម្រាប់ការអភិវឌ្ឍវិស័យកសិកម្ម និងកសិឧស្សាហកម្មដែលជាវិស័យអាទិភាពចម្បងរបស់ខេត្ត។

លោក ផៃ ប៊ុនឈឿន បានបន្ថែមថា ការរៀបចំប្រព័ន្ធផែនការ និងការពង្រឹងប្រព័ន្ធគណនេយ្យភាពសង្គមរដ្ឋបាលខេត្តស្ទឹងត្រែង ត្រូវខិតខំបន្តយកចិត្តទុកដាក់ក្នុងការអនុវត្តនូវប្រព័ន្ធកសាងផែនការអភិវឌ្ឍរយៈពេល៥ឆ្នាំ ដែលបានរៀបចំ និងដាក់ឲ្យអនុវត្តសម្រាប់ប្រភេទរដ្ឋបាលនីមួយៗ ដែលមានលក្ខណៈ បើកចំហរ មានតម្លាភាព មានការពិគ្រោះយោបល់ មានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ និងស្របទៅតាមចរិត លក្ខណៈរបស់រដ្ឋបាលនីមួយៗដើម្បីធានាដល់ការប្រើប្រាស់ ធនធាននានាឆ្លើយតបទៅនឹងតម្រូវការជា អាទិភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ប្រកបដោយ ប្រសិទ្ធភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌។

ការផ្តល់សេវាសាធារណៈ និងការដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋានពង្រឹងការផ្តល់សេវា តាមអង្គភាពច្រកចេញចូលតែមួយនៅសាលាខេត្ត ដើម្បីបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋមកទទួលសេវានៅកន្លែងតែមួយ ព្រមទាំងពិនិត្យ តាមដាន និងគាំទ្រដល់ដំណើរការការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលក្រុង ស្រុក ដើម្បីធានាថាការផ្តល់សេវារដ្ឋបាលទាំងនេះ។

ជាចុងក្រោយ លោក ផៃ ប៊ុនឈឿន បានក្រើនរំលឹកការពង្រឹងការអនុវត្តវិធានការនានាដើម្បីប្រយុទ្ធប្រឆាំងទប់ស្កាត់នឹងជំងឺកូវីដ-១៩ និងការពង្រឹងរបៀបរបបការងារទំនាក់ទំនងការងារ សាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ ក្នុងនោះប្រធានក្រុមប្រឹក្សា និងអភិបាលខេត្ត ក្រុង ស្រុក ត្រូវធ្វើជាស្នូលក្នុងការពង្រឹងរបៀបរបបការងារផ្ទៃក្នុង ក្រុមប្រឹក្សា និងគណៈអភិបាលរបស់ខ្លួនស្របតាមច្បាប់ និងលិខិតបទដ្ឋាននានាជាធរមាន៕