(ឧត្តរមានជ័យ)៖ រដ្ឋលេខាធិការក្រសួងមហាផ្ទៃលោក ប៊ុន ហុន បានថ្លែងជំរុញដល់អភិបាលរងខេត្តឧត្ដរមានជ័យ ដែលទើបប្រកាសតែងតាំងថ្មី ត្រូវតែខិតខំយកចិត្តទុកដាក់ ពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងអង្គភាពឲ្យបានល្អ ពិសេសការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធិភាព និងតម្លាភាព។

ការថ្លែងណែនាំបែបនេះ ក្នុងឱកាសដែលលោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញចូលរួមក្នុងពិធីប្រកាសតែងតាំងចូលកាន់មុខតំណែង លោក សង់ រីហា ដែលត្រូវតែងតាំងជាអភិបាលរងខេត្តឧត្ដរមានជ័យថ្មី ជំនួសលោក លឹម សុខតូ ដែលត្រូវផ្ទេមុខតំណែងទៅជាអភិបាលរងខេត្តពោធិ៍សាត់។

លោក ប៊ុន ហុន បានលើកឡើងថា អភិបាលរងខេត្តឧត្ដរមានជ័យ ដែលចូលកាន់មុខតំណែងថ្មីនេះ ត្រូវតែគោរព និងអនុវត្តឱ្យបានយ៉ាងម៉ឺងម៉ាត់ តាមឋានានុក្រមដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា នៃក្រសួងមហាផ្ទៃ ដើម្បីសម្រេចឱ្យបានជោគជ័យគ្រប់កម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណ សំដៅលើកកម្ពស់អភិបាលកិច្ចល្អ រួមចំណែកកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ។

លោករដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក៏បានផ្ដាំផ្ញើទៅដល់អភិបាលរងខេត្តដែលទើបតែតែងតាំងថ្មី ត្រូវរក្សា និងបង្កើនសាមគ្គីភាព ឯកភាពផ្ទៃក្នុងជាមួយថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ក្នុងជួររដ្ឋបាលខេត្ត ក៏ដូចជាបង្កើនទំនាក់ទំនង ល្អជាមួយបណ្តាអង្គភាពពាក់ព័ន្ធ សមាគម និងអង្គការនានា ដើម្បីរួមចំណែកសម្រេចឲ្យបានជោគជ័យគ្រប់ផែនការការងារ និងបង្កើតជំនឿចិត្តពីសំណាក់ប្រជាពលរដ្ឋផងដែរ។

ដោយឡែកលោក សង់ រីហា ដែលទើបចូលកាន់តំណែងជាអភិបាលរងខេត្ត បានធ្វើការប្តេជ្ញាថា នឹងខិតខំប្រឹងប្រែងបំពេញការងារឲ្យបានល្អ គោរពតាមតួនាទី ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ជាពិសេស បំពេញភារៈកិច្ចរបស់ខ្លួនឲ្យបានល្អប្រសើរ គោរពការពារជាដាច់ខាតនូវរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា៕