(ភ្នំពេញ)៖ នៅក្នុងនាមអ្នកព័ត៌មានជើងចាស់ និងជាអ្នកបណ្ដុះបណ្ដាលអ្នកព័ត៌មានផងនោះ លោក ម៉ារ យ៉ារិទ្ធ បានលើកឡើងថា អ្នកកាសែតត្រូវបានគេប្រដូចទៅនឹង ស្ពានមួយដែលនាំព័ត៌មានពីពលរដ្ឋទៅរដ្ឋាភិបាល និងពីរដ្ឋាភិបាលទៅកាន់ប្រជាពលរដ្ឋ។ ការបញ្ជូនព័ត៌មានរវាងភាគីទាំង២ទៅវិញទៅមកនេះ គឺ អាចដោះស្រាយលើកិច្ចការនានាទាំងឡាយ ក៏ដូចជាធ្វើឱ្យសង្គមមានការអភិវឌ្ឍ។

ប្រធានមជ្ឈមណ្ឌលបណ្ដុះបណ្ដាលព័ត៌មាន Fresh News (FTC) ខាងលើបានបន្តទៀតថា៖ «បើគ្មានអ្នកសារព័ត៌មានទេ អ្វីដែលរដ្ឋាភិបាលចង់ធ្វើ ឬអ្វីដែលពលរដ្ឋមានតម្រូវការឱ្យរដ្ឋាភិបាលជួយ ក៏មិនអាចដល់ដៃអ្នកទាំង២បានដែរ។ ដូច្នេះមានតែធ្វើតាមរយៈអ្នកសារព័ត៌មានដែលប្រកាន់នូវភាពត្រឹមត្រូវ និងមិនលំអៀង»។

លោកបន្តថា៖ «ក្នុងសម័យបច្ចុប្បន្ន ភាពជឿនលឿននៃការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយតាមបណ្តាញសង្គម កាន់តែត្រូវការអ្នកសារព័ត៌មានជួយបំភ្លឺបន្ថែមទៀត ដោយមិនត្រូវបណ្តោយឱ្យព័ត៌មានមិនពិតទាំងនោះ ធ្វើឱ្យពលរដ្ឋភ័ន្តច្រឡំបានឡើយ»

ដោយមើលឃើញពីភាពចាំបាច់អំពីវិស័យព័ត៌មាន និងតម្រូវការក្នុងបណ្ដុះបណ្ដាលបណ្ដាលអ្នកព័ត៌មានដែលមានវិជ្ជាជីវៈបែបនេះហើយទើប លោក ម៉ារ យ៉ារិទ្ធ បានសហការជាមួយ លោក លឹម ជាវុត្ថា អគ្គនាយកនៃអង្គភាពព័ត៌មាន Fresh News បង្កើតមជ្ឈមណ្ឌលបណ្ដុះបណ្ដាលព័ត៌មាន Fresh News (FTC)។ FTC ត្រូវបានបង្កើតឡើងនៅក្នុងខែកញ្ញា ឆ្នាំ២០២១ ដើម្បីចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ផ្នែកព័ត៌មាន ក៏ដូចជាចូលរួមបណ្តុះបណ្តាលយុវជនជំនាន់ក្រោយក្នុងវិស័យព័ត៌មាន។

ក្រោយបណ្ដុះបណ្ដាលបានចំនួន២វគ្គរួចមក លោក ម៉ារ យ៉ារិទ្ធ ប្រធាន FTC បានឲ្យដឹងថា «បុគ្គលដែលចង់រៀនកាសែត ចង់ធ្វើជាអ្នកកាសែត ត្រូវតែជាបុគ្គលមានចំណេះដឹងទូទៅបានល្អប្រសើរ និងជាបុគ្គលដែលចេះស្រាវជ្រាវថែមទៀត ទើបការសរសេរអាចគ្រប់ជ្រុងជ្រោយបម្រើដល់ទស្សនិកជនបាន»

សូមបញ្ជាក់ដែរថា FTC បាននិងកំពុងដំណើរការវគ្គបណ្តុះបណ្តាលខ្លី អំពីរបៀបនៃសរសេរព័ត៌មាន មានរយៈពេល៣ខែ ដោយមានសិក្សាអំពីរបៀបសរសេរព័ត៌មានដំណឹង (Spot News), បទយកការណ៍ (News Feature) និងបទពិពណ៌នា ឬអត្ថបទកម្សាន្ត (Feature Story)ជាដើម។ អ្វីដែលពិសេសជាមួយវគ្គសិក្សានេះ គឺសម្រាប់សិក្ខាកាមដែលឆ្នើម មានទេពកោសលល្អ នឹងត្រូវអនុញ្ញាតឱ្យបន្តហាត់ការណ៍បន្ថែមជាមួយអង្គភាពព័ត៌មាន Fresh News ផងដែរ។

FTC មានលោក ម៉ារ យ៉ារិទ្ធ ជាប្រធានដែលលោកមានបទពិសោធន៍ក្នុងវិស័យសារព័ត៌មានជាង៣០ឆ្នាំមកហើយ។ លោកធ្លាប់ជាភ្នាក់ងារសារព័ត៌មានបរទេសល្បីៗជាច្រើនដូចជា UPI, AP និង VOA ជាដើម។ លោកក៏ជាអតីតនិស្សិតខ្មែរ ដែលបានសិក្សាវិស័យវិជ្ជាជីវៈសារព័ត៌មានក្នុង សកលវិទ្យាល័យមីឈីហ្គែន University of Michigan និងសកលវិទ្យាល័យមែរីលែន University of Maryland ក្នុងសហរដ្ឋអាមេរិក។

នៅក្រោយការបញ្ចប់វគ្គសិក្សា លោកអ្នកនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា ដែលចេញដោយអង្គភាព និងគ្រូបង្គោលទៀតផង៕

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖

១៖ លោក ពេជ្រ ប៊ុនសាយ អគ្គនាយករងអង្គភាពព័ត៌មាន Fresh News និងជាអនុប្រធានប្រចាំការ FTC ទូរស័ព្ទ និង Telegram លេខ៖ 089 960 090
២៖ កញ្ញា ថាន រស្មី ប្រធានផ្នែកទំនាក់ទំនងសាធារណៈតាមរយៈលេខទូរស័ព្ទ ឬ Telegram ៖ 092 322 334