(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២នេះ បានបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ ក្រោមអធិបតីភាពលោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ប្រាក់ សុវណ្ណ អភិបាលខេត្ត ព្រមទាំងមានការចូលរួមពីក្រុមការងារចុះជួយមូលដ្ឋានខេត្តព្រះវិហារ សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ អាជា្ញធរស្រុក ក្រុង ឃុំ សង្កាត់ មេប៉ុស្តិ៍ មន្ត្រីរាជការសាលាខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

មានមតិបើកអង្គសន្និបាតនាពេលនេះ លោក ប្រាក់ សុវណ្ណ បានគូសបញ្ជាក់ថា ដំណើរការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំរបស់រដ្ឋបាលខេត្តនាពេលនេះ ដើម្បីឲ្យយើងរួមគ្នាធ្វើការវាយតម្លៃអំពីសមិទ្ធផល ការងារដែលរដ្ឋបាលខេត្តខិតខំសម្រេច បានទាំងក្នុងក្របខណ្ឌ នៃតួនាទីភារកិច្ចស្របតាមច្បាប់កំណត់ កិច្ចសហការសម្របសម្រួល កិច្ចការនានាតាមការដឹកនាំ និងបទបញ្ជា ហើយជាពិសេសការកំណត់ទិសដៅការងារសម្រាប់ អនុវត្តក្នុងឆ្នាំបន្ទាប់ស្របតាមទិសដៅការងារដែលបានកំណត់ក្នុងសន្និបាតប្រចាំឆ្នាំ កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញឲ្យទទួលបានលទ្ធផលល្អ និងកាន់តែមានប្រសិទ្ធភាពថែមទៀត។

ទន្ទឹមនឹងនេះដែរ អង្គសន្និបាតនឹងធ្វើការបែងចែកក្រុមពិភាក្សាលើ ប្រធានបទសំខាន់ៗ ដើម្បីប្រមូលធាតុចូលពីសមាជិក សមាជិកា នៃអង្គសន្និបាតសម្រាប់ បំពេញបន្ថែមលើខ្លឹមសាររបាយការណ៍ និងទិសដៅ ព្រមទាំងគោលការណ៍សំខាន់ៗ សម្រាប់ អនុវត្តក្នុងឆ្នាំ២០២២នេះ ដែលរួមមាន៖

*សន្ដិសុខសណ្ដាប់ធ្នាប់សង្គមគោលនយោបាយ «ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព»
*ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ
*ការគ្រប់គ្រងធនធានធម្មជាតិ, ការប្រើប្រាស់ដីធ្លី, ព្រៃឈើ និងជលផល
*ការផ្ដល់សេវាសង្គមៈ ការងារអប់រំយុវជន និងកីឡា, ការគ្រប់គ្រងជំងឺឆ្លងកាចសាហាវ (កូវីដ-១៩), សុខភាពអនាម័យ មាតា និងទារក, សង្គមកិច្ច, អគ្គិសនី, ទឹក និងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស៕