(រតនគិរី)៖ ក្រោមការដឹកនាំ និងយកចិត្តទុកដាក់ពីសំណាក់លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី រយៈពេល៦ខែមកនេះ មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ឆ្លើយតបទៅនឹងសេចក្តីត្រូវការ និងសំណូមរបស់ប្រជាពលរដ្ឋ ជាពិសេសការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធភ្លើង និងផ្លូវថ្នល់ដោយរៀបចំដាក់អំពូលភ្លើងបំភ្លឺចម្រុះពណ៌ក្នុងផ្លូវសំខាន់ៗ ក្នុងក្រុងបានលុង, ចាក់បេតុងផ្លូវជុំវិញផ្សារក្រុងបានលុង, ក្រាលកៅស៊ូ DBST លើផ្លូវមួយចំនួនក្នុងក្រុងបានលុង ហើយថ្មីៗនេះ បាននឹងកំពុងអ៊ុតកៅស៊ូបេទីម AC លើផ្លូវមួយចំនួនក្នុងក្រុងបានលុងផងដែរ។

លោក សាយ សាមាន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ ថា «នៅត្រីមាសទី១ ដើមឆ្នាំ២០២២នេះ ក្រុមការងាររបស់លោក បានសហការជាមួយរដ្ឋបាលខេត្តដោយមានការជុំរុញលើកទឹកចិត្តពីលោក ញ៉ែម សំអឿន អភិបាលខេត្ត គឺបានធ្វើការអភិវឌ្ឍបណ្តាញផ្លូវក្នុងខេត្តដូចជា មមាញឹកស្ថាបនាផ្លូវបេតុងរៀបចំប្រព័ន្ធលូ រៀបការ៉ូឡាជុំវិញជុំវិញផ្សារបានលុង, ស្ថាបនាផ្លូវ DBST មួយចំនួនក្នុងខេត្ត, ស្ថាបនាផ្លូវ DBST ចូលរមណីដ្ឋានប្រវត្តិសាស្ត្របឹងយក្សឡោម និងជួសជុលផ្លូវចាក់បេតុងជុំវិញរមណីដ្ឋានបឹងកន្សែង»

បើតាមលោក សាយ សាមាន ថាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធងាយស្រួលបងប្អូនធ្វើដំណើរ ជាពិសេសបង្កើនសោភ័ណភាពបម្រើឱ្យវិស័យទេសចរណ៍។

ជាងនេះទៅទៀតលោក សាយ សាមាន បានថ្លែងអំណរគុណលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ដែលបានទម្លាក់កញ្ចប់ថវិកាឱ្យក្នុងការថែទាំ, ជួសជុលផ្លូវជាតិលេខ៧៦ ចាប់ពីព្រំប្រទល់ស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរី, ផ្លូវជាតិលេខ៧៨ ចាប់ពីព្រំប្រទល់ស្រុកសេសាន ខេត្តស្ទឹងត្រែង និងជួសជុលកំណាត់ផ្លូវលេខ៧៨-៥ ស្រុកតាវែង។

លោក សាយ សាមាន បានបន្ថែមទៀតថា ក្នុងខេត្តរតនគិរី មាន៩ក្រុង-ស្រុក ក្នុងនោះមិនទាន់មានផ្លូវកៅស៊ូ មានចំនួន២ស្រុក គឺស្រុកតាវែង និងស្រុកវ៉ឺនសៃ៕