(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីថ្មី នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានកោះហៅឯក អគ្គរាជទូត និងរដ្ឋទូតប្រចាំនៅកម្ពុជាទាំងអស់ចូលជួបនៅម៉ោងប្រមាណ ៤រសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦នេះ តែមិនទាន់ ដឹងថា ប្រធានបទអ្វីខ្លះនឹងត្រូវលើកមកពិភាក្សានៅក្នុងជំនួបនេះនៅឡើយទេ។
លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស បានប្រាប់ Fresh News នៅព្រឹកថ្ងៃទី៥ ខែឧសភា នេះថា ពិតជាមានជំនួប ពិភាក្សាមួយរវាងលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន និងឯកអគ្គរាជទូត-រដ្ឋទូតទាំងជាង២០ប្រចាំនៅកម្ពុជា តែលោកមិនទាន់ដឹងថា នឹងពិភាក្សានៅលើបញ្ហាអ្វីខ្លះនោះទេ។ លោក ជុំ សុន្ទរី បានបន្ថែមថា ជំនួបនេះអាចជាការបង្ហាញមុខរបស់លោកទេសរដ្ឋមន្រ្តី ជាមួយឯកអគ្គរាជទូត និងរដ្ឋទូតប្រចាំនៅកម្ពុជា និងដើម្បីពង្រឹងទំនាក់ទំនងការងារជាមួយបណ្តាប្រទេសមានទំនាក់ទំនងទាំង អស់នេះ ឲ្យកាន់តែល្អប្រសើរថែមទៀត។
បើទោះបីជាមានការបញ្ជាក់ថា ជំនួបនេះអាចជាការពិភាក្សាដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងប្រទេសជាដៃគូក្តី តែមានការ មើលឃើញថា ការកោះហៅឯកអគ្គរាជទូត និងរដ្ឋទូតប្រចាំនៅកម្ពុជា របស់លោក ប្រាក់ សុខុន មិនមែនជារឿងចៃដន្យនោះ ឡើយ គឺបានធ្វើឡើងភ្លាមៗនៅចំពេល ដែលតំណាងរាស្រ្តគណបក្សប្រឆាំង មន្រ្តីការពារសិទ្ធិមនុស្ស និងអគ្គលេខាធិការរងគ ណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវបានចាប់ និងឃុំខ្លួនជាបន្តបន្ទាប់ក្នុងសំណុំរឿងផ្សេងៗគ្នា។
ការកោះហៅនេះ ត្រូវបានគេមើលឃើញថា អាចជាការកោះហៅ ដើម្បីបរិយាយ និងរៀបរាប់ពីស្ថានភាពពិតជាក់ស្តែងជុំវិញស្ថាន ការណ៍ដ៏រជើបរំជួលក្នុងប្រទេសកម្ពុជាទៅកាន់បណ្តាប្រទេសជាមិត្ត និងមជ្ឈដ្ឋានអន្តរជាតិ ឲ្យបានជ្រាបច្បាស់អំពីរឿងរ៉ាវទាំង អស់ចៀសវាងការវាយតម្លៃខុសមកលើរាជរដ្ឋាភិបាលកម្ពុជា៕