(រតនគិរី)៖ អាជ្ញាធរក្រុងបានលុង បានជំរុញឲ្យក្រុមអាជីវករចូលលក់ក្នុងផ្សារ បន្ទាប់ពីមានការរៀបចំតូបលក់រួចរាល់ ដើម្បីរក្សាសោភ័ណ្ឌភាព សណ្តាប់ធ្នាប់សាធារណៈ និងបរិស្ថាន។ នេះជាការបញ្ជាក់ឲ្យដឹងពីលោក ងិន ណែល អភិបាលក្រុងបានលុង បានប្រាប់ Fresh News នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២នេះ។

លោក ងិន ណែល ប្រាប់បន្តថា ក្រុមអាជីវករណាដែលមិនគោរពតាមការណែនាំរបស់អាជ្ញាធរក្រុង ឲ្យចូលលក់ក្នុងផ្សារ គឺនៅបន្តលក់លើចិញ្ចើមផ្លូវសាធារណៈប៉ះពាល់ផ្លូវសាធារណនោះ អាជ្ញាធរក្រុងនឹងប្រជុំក្រុមការងារចុះជាក្រុមចាត់ការតាមផ្លូវច្បាប់។ លោកថា កន្លងទៅអាជ្ញាធរក្រុងបានចុះណែនាំក្រុមអាជីវករឲ្យពួកគាត់បានដឹងចំនួន ៣ដង រួចមកហើយប៉ុន្តែក៏នៅមានក្រុមអាជីវករមួយចំនួន មិនព្រមចូលលក់ដូរ ដែលមានតូបលក់ក្នុងផ្សារ។

បន្ថែមលើនេះទៀត លោកអភិបាលក្រុងបានណែនាំម្ចាស់ផ្ទះល្វែង ដែលនៅជុំវិញផ្សារបញ្ឈប់ការជួលឲ្យគេដាក់អ៉ីវ៉ាន់លក់លើផ្លូវចេញចូលផ្សារផងដែរ។

លោក ជួន សុផល តំណាងក្រុមហ៊ុនអន ចាន់ណាសហការជាមួយក្រុមហ៊ុនវិនិយោគផ្សារបានលុង ប្រាប់ឲ្យដឹងថា ពួកគាត់បានរៀបចំតូបលក់រួចរាល់តាំងពីខែកុម្ភៈ ឆ្នាំ២០២២មកម្លេះ ពោលគឺជួយសម្របសម្រួលឲ្យក្រុមអាជីករ ដែលមានតូបក្នុងផ្សារសុំឲ្យចូលលក់ឲ្យបានគ្រប់គ្នា ដើម្បីរក្សាអនាម័យ សណ្តាប់ធ្នាប់ សោភ័ណ្ឌភាព និងបរិស្ថានលើកសម្រស់ផ្សារក្នុងក្រុងបានលុង ដើម្បីភ្ញៀវច្រើនចេញ-ចូលទិញឥវ៉ាន់ដើម្បីបង្កើនជីវភាពគ្រួសារ។

គួររំលឹក បន្ទាប់ពីលោក ញ៉ែម សំអឿន ទទួលតំណែងជាអភិបាលខេត្តរតនគិរី គាត់បានចុះសំណេះសំណាល និងសួរសុខទុក្ខអាជីវករក្នុងផ្សារបានលុង ព្រមទាំងបានសន្យាដោះស្រាយបញ្ហានានា ដែលជួបប្រទះកន្លងមក៕