(កណ្តាល)៖ ក្រសួងរ៉ែ និង ថាមពល បានអនុញ្ញាតឲ្យសហគ្រាស សុង សុភាព និង ក្រុមហ៊ុន ស៊ែន បាសាក់មេគង្គឌីវេឡបមិន ខូអិលធីឌី ធ្វើសកម្មភាពបូមខ្សាច់នៅទន្លេបាសាក់ក្នុងតំបន់កោះគរ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាលហើយ បន្ទាប់ពីបានសិក្សាល្អិតល្អន់ និងស្តាប់មតិយោបល់ពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

មុនឈានដល់ការអនុញ្ញាតឲ្យក្រុមហ៊ុនធ្វើការអាជីវកម្មបូមខ្សាច់ និងស្តារទន្លេបើកផ្លូវនាវាចរនេះ នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ ២០១៦នេះ លោក ឌិត ទីណា រដ្ឋលេខាធិការក្រសួងរ៉ែ និង ថាមពល និង លោក ខឹម ចន្ទ័គីរី អភិបាលរងខេត្ត រួមនិងមន្រ្តីជំនាញបច្ចេកទេសក្រសួងរ៉ែ និងថាមពល បានចុះបើកវេទិកាសាធារណៈមួយ ដើម្បីស្តាប់នូវមតិយោបល់នានា ពីប្រជាពលរដ្ឋនៅក្នុងតំបន់​ប្រមាណ​ជា ៥០០នាក់។

វេទិការសាធារណៈ ធ្វើឡើងដើម្បីផ្សព្វផ្សាយពីគម្រោងផែនការធ្វើអាជីវកម្មខ្សាច់ របស់សហគ្រាស សុង សុភាព និង ក្រុមហ៊ុន ស៊ែន បាសាក់មេគង្គឌីវេឡបមិន ខូអិលធីឌី និងស្តាប់មតិយោបល់ ក្តីបារម្មណ៍បញ្ហាប្រឈមរបស់អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ ជាពិសេសការបាក់ច្រាំងទន្លេ ដើម្បីរួមគ្នាដោះស្រាយ និង ប្រមូលបានព័ត៌មានគ្រប់ជ្រុងជ្រោយ ធ្វើជាមូលដ្ឋានក្នុងការសម្រេចស្តីពីការធ្វើអាជីវកម្មខ្សាច់ និងធ្វើឲ្យប្រសើរឡើងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៅមូលដ្ឋានផងដែរ។

លោក ឌិត ទីណា បានពន្យល់ប្រជាពលរដ្ឋថា មន្រ្តីបច្ចេកទេសក្រសួងរ៉ែ និង ថាមពល រួមនឹងអ្នកបច្ចេលទេស របស់ក្រុមហ៊ុនមកពីប្រទេសរុស្ស៊ី និង ជប៉ុន បានរួមគ្នាសិក្សាពីលំហូរ​ជលសាស្រ្ត​បាតទន្លេ និង ច្រាំងទន្លេបាសាក់អស់រយៈពេលជាងមួយឆ្នាំកន្លងមកហើយ ដោយធ្វើការវិភាគលម្អិត ពីផលប៉ះពាល់ និងលទ្ធភាពតំបន់ណា ដែលត្រូវធ្វើការបូមខ្សាច់បាន ដើម្បីធ្វើការស្តារទន្លេ សម្រួលផ្លូវទឹក បង្កាបានការបាក់ច្រាំងនៅពេលខាងមុខ។

លោកបានបន្តទៀតថា «ថ្ងៃនេះយើងបានអញ្ជើញបងប្អូនមក ដើម្បីជម្រាបអំពីទីតាំងដែលអាចធ្វើអាជីវកម្មបូមស្តារបាន និង ឈ្មោះក្រុមហ៊ុន ដែលត្រូវធ្វើអាជីវកម្មខ្សាច់ ហើយអ្នក​បច្ចេកទេស​ក្រសួង និងក្រុមហ៊ុន នឹងធ្វើការបោះពោងសម្គាល់ទីតាំង ដែលបងប្អូនប្រជាពលរដ្ឋអាចដឹង និងជួយតាមដានទាំងអស់គ្នា អំពីការធ្វើអាជីវកម្មខ្សាច់របស់ក្រុមហ៊ុន»

លោក ឌិត ទីណា សូមឲ្យប្រជាពលរដ្ឋរាយការណ៍ទៅក្រសួងតាមទូរស័ព្ទលេខ ០៩៥ ៧២៧ ៧២៧ ប្រសិនបើមានក្រុមហ៊ុនដទៃទៅបូមខ្សាច់ ឬក្រុមហ៊ុនបូមខ្សាច់ខុសពីទីតាំង ដែលបានកំណត់។

តាមរយៈអាជីវកម្មខ្សាច់នេះ ក្រៅពីរកចំណូលជូនជាតិ ថវិកាសម្រាប់បណ្តុះបណ្តាលមន្ត្រីជំនាញបច្ចេកទេសការហើយនោះ អាជីវកម្មនេះ ក៏នឹងនាំមកនូវផលប្រយោជន៍​មួយចំនួនដល់ប្រជាពលរដ្ឋ​នៅមូលដ្ឋានផងដែរ។ បើតាមលោក ទីណា ការបូមខ្សាច់នេះ ក្រុមហ៊ុន ត្រូវបង់អត្ថប្រយោជន៍ ០,០១ដុល្លារក្នុងមួយម៉ែត្រគូប សម្រាប់សហគមន៍យកទៅអភិវឌ្ឍមូលដ្ឋាន។

ក្រោយពីបានស្តាប់សំណូមពរប្រជាពលរដ្ឋរួច លោក ឌិត ទីណា បានដោះស្រាយ និងពន្យល់ដល់ប្រជាពលរដ្ឋ និងអ្នកចូលរួម ទាំងមូល បានទទួលយកដំណោះស្រាយ និងឯកភាពឲ្យក្រុម​ហ៊ុនធ្វើអាជីវកម្ម​ស្របទៅតាមច្បាប់កំណត់៕