(ប៉ៃលិន)៖ ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារ២០២២ របស់រដ្ឋបាលខេត្តប៉ៃលិន នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ លោកស្រី បាន ស្រីមុំ អភិបាលខេត្ត បានលើកឡើងពីស្នាដៃលទ្ធផលការងារគ្រប់គ្រងតាមបណ្តាអង្គភាព មន្ទីរ ស្ថាប័នជុំវិញខេត្តសម្រេចបានក្នុងរយៈពេលមួយឆ្នាំមកនេះ ក្នុងការអនុវត្តកម្មវិធីនយោបាយកំណែទម្រង់របស់រាជរដ្ឋាភិបាលនូវគោលនយោបាយយុទ្ធសាស្រ្ត ចតុកោណដំណាក់កាលទី៤ នៃអណត្តិទី៦ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា។

អង្គសន្និបាតនេះ នឹងទទួលបានធាតុចូលពីគ្រប់តួអង្គពាក់ព័ន្ធ រដ្ឋបាលខេត្តដោយផ្តោតលើវិធានការទប់ស្កាត់បទល្មើសនានា និងអត្ថប្រយោជន៍ នៃការចុះបញ្ជីដីធ្លី ព្រមទាំងការផ្ដល់សេវារដ្ឋបាលនៅតាមថ្នាក់ឃុំសង្កាត់។

លោកស្រីបន្តថា ដោយឡែកការរីករាលដាលនៃជំងឺកូវីដ១៩ រដ្ឋបាលខេត្តមានកិច្ចសហការពីរមន្ទីរ អង្គភាពពាក់ព័ន្ធ រដ្ឋបាលក្រុង-ស្រុក បានខិតខំប្រឹងប្រែងសហការអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល និងវិធានការណែនាំរបស់ក្រសួងសុខាភិបាល ចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ទូទាំងខេត្តប៉ៃលិនប្រកបដោយប្រសិទ្ធភាពខ្ពស់។

លោកស្រីបានទៀតថា «ដើម្បីឆ្លើយតបនឹងការប្រយុទ្ធនឹងជំងឺកូវីដ១៩ រាជរដ្ឋាភិបាល បានដាក់ចេញវិធានការនានា ក្នុងនោះមានកម្មវិធីជំនួយសង្គម ដើម្បីជួយដោះស្រាយជីវភាពប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ដោយ ជំងឺកូវីដ១៩ មានដូចជា ការឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ការផ្តល់សាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះអំឡុងពេលកូវីដ១៩ ការបើកផ្ដល់សាច់ប្រាក់កម្មវិធី ជំនួយសង្គមក្រោយពេលបិទខ្ទប់ សម្រាប់គ្រួសារ ប្រជាពលរដ្ឋមានការលំបាកផ្នែកជីវភាពគ្រួសារឆ្លងជំងឺកូវីដ១៩ និងគ្រួសារដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១»។

លោកស្រីអភិបាលខេត្ត ក៏បានស្នើដល់អង្គសន្និបាតទាំងមូល ចូលរួមផ្ដល់យោបល់អោយបានផុលផុស ដើម្បីជាធាតុចូលក្នុងការអនុវត្តទិសដៅរបស់រដ្ឋបាលប៉ៃលិនសម្រាប់ឆ្នាំ២០២២ ប្រកបដោយប្រសិទ្ធភាពតម្លាភាព និងគណនេយ្យភាព ស្របតាមគោលនយោបាយកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល និងសូមឲ្យសមាជិកសមាជិកាក្នុងអង្គសន្និបាតទាំងមូល ប្រកាន់ឲ្យបានខ្ជាប់ខ្ជួននូវវិធាន «៣ការពារ និង៣កុំ» ពិសេសការពាក់ម៉ាសឲ្យបានជាប់ជាប្រចាំ រក្សាគម្លាត ការសម្អាតដៃដោយសាប៊ូ-អាកុលឲ្យបានញឹកញាប់។

ករណីមានបញ្ហាសុខភាព ឬមានរោគសញ្ញាសង្ស័យណាមួយពាក់ព័ន្ធជំងឺកូវីដ១៩ សូមប្រញាប់ ទាក់ទងជាបន្ទាន់ជាមួយក្រុមគ្រូពេទ្យដែលប្រចាំការនៅទីនេះ ដើម្បីត្រួតពិនិត្យសុខភាពស្វែងរកជំងឺកូវីដ១៩។

សូមបញ្ជាក់ថា សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តប៉ៃលិន នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ ក្រោមអធិបតីនាយឧត្ដមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន៕