(ភ្នំពេញ)៖ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២នេះ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានជួបសវនាការ និងទទួលអំណោយភេសជ្ជៈប៉ូការីស្វេតចំនួន ៦០០កេស ពី ឧកញ៉ា សុខ សំណាង និងលោកស្រី ស៊ីម សុនិមល ដែលពិធីនេះប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។

ក្នុងនាមកាកបាទក្រហមកម្ពុជា ដែលមានហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន លោកស្រីអគ្គលេខាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឧកញ៉ា សុខ សំណាង និងលោកស្រី ដែលតែងតែឧបត្ថម្ភគាំទ្រដល់កាកបាទក្រហមកម្ពុជាជារៀងដរាបមក។

ជាមួយគ្នានេះ លោកស្រីបានបញ្ជាក់ថា «ចំពោះអំណោយភេសជ្ជៈប៉ូការីស្វេតទាំងអស់នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានណែនាំឱ្យយកទៅប្រគល់ជូនគ្រួសារអតីតយុទ្ធជនកម្ពុជាក្រីក្រ ដែលរស់នៅក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នៅថ្ងៃខាងមុខនេះ»

ជាកិច្ចឆ្លើយតប ឧកញ៉ា សុខ សំណាង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានអនុញ្ញាតឱ្យក្រុមហ៊ុនបានចូលរួមចំណែកកិច្ចការងារមនុស្សធម៌ ជាមួយកាកបាទក្រហមកម្ពុជា ក្នុងការដោះស្រាយបញ្ហាប្រឈមនានា និងបន្តពង្រឹងភាពធន់សហគមន៍៕