(ភ្នំពេញ)៖ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានទទួលជួបសវនាការជាមួយលោកស្រី ឌីណា ហ្វីស៊ើរ (Dena Fisher) ប្រធានបេសកកម្ម គណៈកម្មាធិការអន្តរជាតិ នៃកាកបាទក្រហម ប្រចាំនៅកម្ពុជា ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងជំនួយថវិកា ឆ្នាំ២០២២ រវាងកាកបាទក្រហមកម្ពុជា និងគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (អាយ.ស៊ី.អរ.ស៊ី) នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២នេះ។

នៅក្នុងជំនួបនោះ លោកស្រីអគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខចំពោះលោកស្រី ឌីណា ហ្វីស៊ើរ និងបានជម្រាបជូនពីសកម្មភាពការងារ របស់កាកបាទក្រហមកម្ពុជា ដែលបានអនុវត្តនាពេលកន្លងមក ក៏ដូចជាសកម្មភាពការងារក្រោមកិច្ចសហប្រតិបត្តិការ និងការគាំទ្រពី អាយ.ស៊ី.អរ.ស៊ី ផងដែរ។

សូមជម្រាបជូនថា អាយ.ស៊ី.អរ.ស៊ី មានកិច្ចសហប្រតិបត្តិការល្អជាមួយ កាកបាទក្រហមកម្ពុជា ក្នុងគ្រប់ស្ថានភាពនយោបាយ ជាពិសេសចាប់តាំងពីក្រោយថ្ងៃជ័យជម្នះ ៧ មករា ១៩៧៩ ហើយការជួយឧបត្ថម្ភគាំទ្រ ដល់កាកបាទក្រហមកម្ពុជា ធ្វើតាមរូបភាពផែនការប្រចាំឆ្នាំ ជួយបច្ចេកទេសពង្រឹងការអនុវត្តច្បាប់មនុស្សធម៌អន្តរជាតិ និងការអនុវត្តកម្មវិធីជាក់លាក់ដូចជា ផ្សព្វផ្សាយលើកកម្ពស់គោលការណ៍គ្រឹះ សួរសុខទុក្ខអ្នកទោស និងស្តារទំនាក់ទំនងគ្រួសារ។

ជាមួយគ្នានេះ អនុវត្តតាមកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខា អាយ.ស៊ី.អរ.ស៊ី តែងផ្តល់ថវិកាសម្រាប់អនុវត្តកម្មវិធីជាក់លាក់ ទៅតាមផែនការដែលបានកសាងរួមគ្នា ដោយផ្តោតលើ៖
១៖ ការងារស្តារទំនាក់ទំនងគ្រួសារ
២៖ ការការពារបដិរូប លើកកម្ពស់គោលការណ៍គ្រឹះ ច្បាប់មនុស្សធម៌អន្តរជាតិ
៣៖ សុវត្ថិភាពសហគមន៍ និងពិការភាព
៤៖ បន្តតាមដានការរីកចម្រើន នៃការអនុវត្តក្របខណ្ឌបំពេញការងារប្រកបដោយសុវត្ថិភាព
៥៖ ការងារផ្សព្វផ្សាយស្តីពីជំងឺកូវីដ-១៩

សូមបញ្ជាក់ផងដែរថា ចាប់តាំងពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២២ កាកបាទក្រហមកម្ពុជា បានទទួលថវិកាពី អាយ.ស៊ី.អរ.ស៊ី សរុបចំនួន ៨១១,៤៨៩ដុល្លារអាមេរិក សម្រាប់អនុវត្តកម្មវិធីខាងលើ។ ទន្ទឹមនឹងនេះ អាយ.ស៊ី.អរ.ស៊ី នៅមានជួយឧបត្ថម្ភសម្រាប់ការចូលរួមរបស់កាកបាទក្រហមកម្ពុជា នៅក្នុងវេទិកាអន្តរជាតិមួយចំនួនផងដែរ៕