(ព្រៃវែង)៖ ប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិ ព្រៃព្រហ្ម ឃុំពោធិ៍ទី ស្រុកស៉ីធរកណ្ដាល ខេត្តព្រៃវែង ៣គ្រួសារ ដែលនៅតែបន្តនូវមុខរបរ ធ្វើក្អម អស់រយៈពេលជាច្រើនឆ្នាំមកហើយ បើគិតមកដល់ពេលនេះប្រមាណជាង ៣០ឆ្នាំ ដែលការងារមួយនេះ គឺបន្ទាប់ពីការធ្វើស្រែចំការរបស់ពួកគាត់។

លោកស្រី ផាត ចំណាន មានអាយុ ៤៧ ឆ្នាំ បានឲ្យដឹងថា ចំពោះមុខរបរធ្វើក្អមនេះ គឺគាត់ចេះតាមឪពុកម្តាយរបស់គាត់តាំងពីនៅក្មេង។ លោកស្រី បានឲ្យដឹងទៀតថា កាលពីមុននៅក្នុងភូមិរបស់គាត់ គឺមានអ្នកធ្វើច្រើនស្ទើរតែទាំងអស់ ដោយឡែករយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លែងមានប្រជាពលរដ្ឋណា ធ្វើនូវមុខរបរក្អមនេះទៀតនោះទេ ដោយគាត់ឃើញថា ការងារមួយនេះរៀងហត់គួរសម ដោយប្រើពេល ២ ឬ៣ ថ្ងៃដែរ ទើបបានលក់។

«ដូច្នេះពលរដ្ឋបានបោះបង់ចោលនូវមុខរបរនេះក៏ងាកទៅប្រកបមុខរបរផ្សេង ខ្លះទៀតមានកូនទៅការងាររោងចក្រជាដើម»។ លោកស្រី ផាត បានបន្ថែម។

លោកស្រី ផាត ក៏បានបន្តទៀតថា ការធ្វើក្អមនេះសម្រាប់ គឺជាមុខរបរមួយ បន្ទាប់បន្សំជាមួយការធ្វើស្រែចម្ការរបស់គាត់ ដែលធ្វើឲ្យគាត់មានជីវភាពធូរធា ជួយឲ្យគាត់មានថវិកាសម្រាប់ទិញម៉ូតូ ទិញសម្ភារៈផ្សេងៗ ក៏ដូចជាការធ្វើផ្ទះ និងចិញ្ចឹមជីវិតផងដែរ។ គាត់បាននិយាយថា ក្នុងមួយខែគាត់អាចធ្វើក្អមបានជិត ១ពាន់ ក្អម ហើយចំពោះតម្លៃក្អមវិញ គឺអាតូច ១,៥០០រៀល ហើយអាធំ ២,៥០០រៀល សម្រាប់បោះឲ្យម៉ូយ។ ប្រសិនបើមានភ្ញៀវទិញមកដល់ផ្ទះ គឺគាត់លក់ ៥,០០០រៀល ក្នុងមួយក្អម។

លោកស្រីបន្ថែមថា ចំពោះការធ្វើក្អមនេះមានបញ្ហាខ្លះ ដោយរដូវវស្សាគឺមិនអាចធ្វើបាននោះទេ ដោយមានភ្លៀងជោគជាំពិបាកក្នុងការពួតដីឲ្យស្អិត ហើយពិបាកក្នុងការរកអុស និងសំរាមយកមកដុតក្អមនោះផងដែរ។ ដូច្នេះក្អម គឺអាចធ្វើបានតែនៅក្នុងរយៈពេលប្រមាណជាពី ៣ទៅ ៤ ខែ តែប៉ុណ្ណោះក្នុងរដូវប្រាំងនេះ៕