Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អូស្រ្តាលីគ្រោងទទួល នាវាមុជទឹកនុយក្លេអ៊ែរពីអង់គ្លេស និងសហរដ្ឋអាមេរិក ឱ្យតាំងទី (Video inside)

15-03-2022 16:03

(ស៉ីដនី)៖ នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក ស្កុត ម៉ូរីសុន (Scott Morrison) នៅថ្ងៃអង្គារនេះ បានប្រកាសថា រដ្ឋាភិបាលលោកកំពុងតែរៀបចំកំពង់ផែរបស់អូស្រ្តាលី ដើម្បីទទួលនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ មកពីចក្រភពអង់គ្លេសនិងសហរដ្ឋអាមេរិក ឱ្យតាំងទី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៥ ខែមីនា ឆ្នាំ២០២២។

លោក Morrison បានឱ្យដឹងថា ក្រសួងការពារជាតិអូស្រ្តាលី នឹងកំណត់នូវអ្វីដែលចាំបាច់ សម្រាប់គាំទ្រដល់វត្តមានយ៉ាងញឹកញាប់ នៃនាវាមុជទឹកនុយក្លេអ៊ែរមកពីសម្ព័ន្ធមិត្តទាំងពីរ នៅក្នុងប្រទេសអូស្រ្តាលី។ លោកនាយករដ្ឋមន្រ្តីអូស្រ្តាលី បានបន្តថា ការសម្រេចចិត្តបែបនេះ គឺជាផ្នែកនៃភាពជាដៃគូ AUKUS ជាកិច្ចព្រមព្រៀងការពារជាតិត្រីភាគី ដែលត្រូវបានចុះហត្ថលេខាកាលពីឆ្នាំមុនរវាង អាមេរិក អង់គ្លេស និងអូស្រ្តាលី។

គួរបញ្ជាក់ថា នៅក្រោមភាពជាដៃគូ AUKUS អូស្រ្តាលីនឹងក្លាយជាប្រទេសគ្មានអាវុធនុយក្លេអ៊ែរដំបូងបង្អស់ ដែលមាននាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរ តាមរយៈការអភិវឌ្ឍឡើងដោយខ្លួនឯង ក្រោមការជួយជ្រោមជ្រែងពីអង់គ្លេសនិងអាមេរិក។ បើតាមលោក Morrison ជាដំបូង នាវាមុជទឹកនុយក្លេអ៊ែររបស់អាមេរិកនិងអង់គ្លេស នឹងត្រូវទទួលឱ្យតាំងទីនៅឆ្នេរភាគខាងលិចរបស់អូស្រ្តាលី លើមហាសមុទ្រឥណ្ឌា ប៉ុន្តែតទៅខាងមុខទៀត ពួកវាអាចនឹងមានវត្តមាននៅឆ្នេរភាគខាងកើតផងដែរ ជាទីដែលអូស្រ្តាលីគ្រោងសាងសង់មូលដ្ឋាននាវាមុជទឹកថ្មីសន្លាងមួយ៕